Wednesday, December 21, 2022

អាណាចក្រ Amazon!

    

សេចក្ដីផ្ដើម

បើនិយាយដល់ហាងលក់រាយធំបំផុតលំដាប់ពិភពលោក គឺយើងច្បាស់ជាគិតដល់ Amazon Marketplace មុនគេ ពីព្រោះទីនោះគឺមានរបស់គ្រប់បែបយ៉ាងដែលមនុស្សគ្រប់គ្នាត្រូវការ។ ហើយម្ចាស់របស់ amazon.com ក៏ជាកំពូលអ្នកមានបំផុតនៅលើពិភពលោក ជាប់តំណែងលេខរៀងទី១ជាច្រើនឆ្នាំ ដែលយើងគ្រប់គ្នាស្គាល់ឈ្មោះលោកថា Jeff Bezos គ្រាន់តែមួយរយៈពេលចុងក្រោយនេះ តំណែងមហាសេដ្ឋីទី១ដែលមានបំផុតគឺបានធ្លាក់មកលើលោក Elon Musk ស្ថាបនិក SpaceX & Tesla វិញម្ដង។

ទោះជាយ៉ាងណាក៏ដោយ ចំពោះតំណែងអ្នកមានបំផុត គឺតែងផ្លាស់ប្ដូរចុះឡើងអាស្រ័យលើក្រុមហ៊ុនរបស់ពួកគេឡើងចុះភាគហ៊ុនតែប៉ុណ្ណោះ ដូចនេះតំណែងអ្នកមានកំពូលតែងផ្លាស់ប្ដូរម្ចាស់ជាញឹកញាប់។

បកមកក្រុមហ៊ុន Amazon វិញ គិតត្រឹមឆ្នាំ ២០២១នេះ តម្លៃខ្លួនរបស់គេហក់ឡើងដល់ទៅជាង ១៧០០ ពាន់លានដុល្លារទៅហើយ (1.7$ trillion) និងមានបុគ្គលិកដែលជាមនុស្សធម្មតាដល់ទៅជាង ១លាននាក់ និងជាប្រភេទមនុស្សយន្តដល់ទៅជាង១សែននាក់នៅជុំវិញពិភពលោក!   

បើវិសាលភាពក្រុមហ៊ុននេះធំអស្ចារ្យខ្លាំងបែបនេះ សំណួរសួរថា តើក្រុមហ៊ុន Amazon ធ្លាប់បានហែលឆ្លងនូវរឿងរ៉ាវអ្វីខ្លះ?

តើស្ថាបនិកចេញពីប្រភពណា ទើបអាចបង្កើតក្រុមហ៊ុនលំដាប់កំពូលបែបនេះបាន?

តើយើងអាចរៀនសូត្រអ្វីខ្លះពីស្ថាបនិកក្នុងការជំនះនូវរាល់ឧបសគ្គនានាទម្រាំអាចធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ Amazon ល្បីរន្ទឺខ្លាំងបែបនេះ?

 

១. ចំណុចចាប់ផ្ដើម

ក្រុមហ៊ុន Amazon ចាប់កំណើតឡើងចេញពីបុរសម្នាក់ដែលមានបេះដូងដ៏មុតស្រួចគឺលោក Jeff Bezos ដែលមានមហិច្ឆតាកម្រិតយក្សចង់ចេញធ្វើជំនួញដោយខ្លួនឯង ពោលគឺមិនចង់ធ្វើការឱ្យគេយូរឡើយ។ ដំបូងឡើយ បន្ទាប់ពីគាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រពីសាកលវិទ្យាល័យ Princeton លោក​ Jeff Bezos បានធ្វើការឱ្យក្រុមហ៊ុនមួយចំនួនរួចទៅហើយ បើនិយាយពីមុខតំណែងវិញគឺមិនធម្មតាឡើយ។ ការងារចុងក្រោយបង្អស់របស់លោកគឺ ធ្វើការឱ្យក្រុមហ៊ុនផ្សារហ៊ុនមួយកន្លែងនៅ Wall Street ដែលមុខតំណែងរបស់លោកនៅពេលនោះ គឺជា Vice-President របស់ក្រុមហ៊ុនហ្នឹងតែម្ដង ។ សំណួរសួរថា បើមុខតំណែងក៏ធំ និងប្រាក់ខែក៏បានច្រើនទៀតនោះ ហេតុអ្វីបានជាលោក Jeff Bezos នៅចង់មកបង្កើតអាណាចក្រថ្មីដោយខ្លួនឯងទាំងលំបាកធ្វើអី?

មុននឹងលោកចាកចេញ លោកក៏បានលើកគំនិតរបស់ខ្លួនទៅកាន់នាយុក្រុមហ៊ុនដែលគាត់ធ្វើការឱ្យនោះដែរ ប៉ុន្តែគេមិនបានគាំទ្រទេ ហើយគេថែមទាំងនិយាយទៅកាន់គាត់វិញទៀតថា “Bezos ពេលនេះប្អូនមាន          វ័យត្រឹម ២៩ឆ្នាំ ហើយមានមុខតំណែងធំ និងប្រាក់ខែច្រើនបែបនេះហើយ ហេតុអ្វីប្អូនចង់ទៅចាប់ផ្ដើមមុខជំនួញថ្មីទាំងដែលរកកោះរកត្រើយមិនឃើញផង? បងមិនគាំទ្រនោះទេ”។

កាលណោះ ម្ចាស់ក្រុមហ៊ុនហ្នឹងគឺជាសិស្សច្បងរបស់លោក នៅឯសាកលវិទ្យាល័យ។ បន្ទាប់ពីគេមិនគាំទ្រ លោកក៏សម្រេចចិត្តសុំឈប់ពីតំណែង និងចេញមកសាងជីវិតជាមួយនឹងក្ដីស្រមៃដ៏សែនស្រពេចស្រពិលមិនដឹងកោះត្រើយនៅឯណាមែន?

ឈប់មួយភ្លែត! កុំគិតដល់ភាពជោគជ័យរបស់ Amazon បច្ចុប្បន្ននេះ ខ្ញុំសុំសួរបន្តិច អ្នកសាកគិតបន្តិចទៅមើល៍ បើខ្លួនអ្នកជាលោក Jeff Bezos វិញ មានតំណែងក៏ធំ ប្រាក់ខែក៏ច្រើន តើអ្នកហ៊ានចេញទៅសាងក្ដីស្រមៃមួយដែលថ្មី ទាំងមិនដឹងថាអាចជោគជ័យឬក៏អត់បែបនេះដែរឬទេ?

ចម្លើយគឺនៅលើអ្នកទេណា!

បន្ទាប់ពីចាកចេញនៅក្នុងឆ្នាំ ១៩៩៤នោះ លោកបានគិតនូវផលិតផលជាតម្រូវការចាំបាច់ដែលគួរលក់នៅលើទីផ្សារបានចំនួនខ្ទង់ ២០មុខ ប៉ុន្តែគាត់បានជ្រើសជម្រើសដែលល្អជាងគេតែ១ប៉ុណ្ណោះគឺសៀវភៅ។ ចំណែកឯឈ្មោះសម្រាប់ដាក់ឱ្យក្រុមហ៊ុនរបស់ខ្លួនវិញ ដំបូងឡើយក៏មិនមែនឈ្មោះ Amazon ដែរ គឺលោកធ្លាប់ដាក់ឈ្មោះដូចជា Cadabra Inc., relentless.com, bookmall.com, awake.com និង​ browse.com ជាដើម។ ហើយចុងក្រោយបង្អស់បានកែប្រែឈ្មោះមកជា amazon.com ដល់ពេលបច្ចុប្បន្ននេះ។

នៅក្នុងដំណើរការចាប់ផ្ដើមដំបូង គឺលោកបានទៅខ្ចីដើមទុនពីឪពុកម្ដាយរបស់លោក បានចំនួនជាង​ ២៥ ម៉ឺនដុល្លារ។ នៅក្នុងចំណុចចាប់ផ្ដើមគឺថាពិបាកមែនទែនពីព្រោះលោកត្រូវរកគំនិតបែបណាដើម្បីអាចយកឈ្នះចិត្តអតិថិជនឱ្យមកស្គាល់ Amazon និងចូលទិញសៀវភៅនៅក្នុងនេះ។ លោកបានប្រើយុទ្ធសាស្រ្តលក់បញ្ចុះតម្លៃទាបជាងទីផ្សារខាងក្រៅខ្ទង់ ២០% ឯណោះចំពោះសៀវភៅនីមួយៗដែលទិញពីវេបសាយ Amazon ហើយយុទ្ធសាស្រ្តដ៏ពិសេសមួយទៀត គឺគាត់បើកឱកាសឱ្យអ្នកដែលបានណែនាំអតិថិជនមកទិញសៀវភៅនៅក្នុងវេបសាយរបស់ខ្លួន ទទួលនូវប្រាក់កម្រៃជើងសារ ៨% នៅរាល់ការបញ្ជាទិញ (យុទ្ធសាស្រ្តនេះភាគច្រើនគេហៅថា affiliate marketing)។ ដោយការប្រើយុទ្ធសាស្រ្ត អ្នកទិញក៏ចំណេញ(ទិញបានទំនិញធូរថ្លៃ)  និងអ្នកណែនាំក៏ចំណេញ (ណែនាំបានលុយ) ទើបធ្វើឱ្យ Amazon មានឈ្មោះល្បីរន្ទឺពេញសហរដ្ឋអាមេរិក និងបានលក់សៀវភៅទៅកាន់៤៥ប្រទេសនៅលើពិភពលោកនៅត្រឹមរយៈពេលខ្ទង់៣ខែដំបូង។ ហើយចំណូលសរុបរបស់ក្រុមហ៊ុនក្នុងមួយខែៗ គឺមិនក្រោមពី ៨ម៉ឺនដុល្លារនោះទេ។

ប៉ុន្តែសំណួរសួរថា តើគាត់មានទទួលបានប្រាក់ចំណេញខ្លះទេបើគ្រាន់តែចំណាយទៅលើការបញ្ចុះតម្លៃ និងការផ្ដល់ជូនអ្នកណែនាំគឺអស់ ២៨% ទៅហើយនោះ?

ពិតណាស់ ស្ទើររាល់ការបញ្ជាទិញពីអតិថិជនគឺគាត់មិនដែលបានចំណេញមួយសែនឡើយ ពេលខ្លះខាតដើមទៀតផង។ ប៉ុន្តែលោក Jeff Bezos ជឿជាក់ថាបើមានអ្នកប្រើប្រាស់កាន់តែច្រើន ក្រុមហ៊ុននឹងមានទឹកមាត់ប្រៃ អាចនិយាយចរចាជាមួយអ្នកផ្គត់ផ្គង់ឱ្យបញ្ចុះតម្លៃជូនខ្លួនកាន់តែច្រើន ហើយរឿងមួយទៀតគាត់ក៏ងាយស្រួលក្នុងការនិយាយជាមួយវិនិយោគគិន ដើម្បីកៀរគរទុនបន្ថែមយកមកពង្រីកក្ដីស្រមៃរបស់គាត់បន្ត។​ ទន្ទឹមនឹងការបញ្ចុះតម្លៃច្រើន ថែមទាំងផ្ដល់លុយជូនអ្នកណែនាំទៀតនោះ លោក Jeff Bezos ក៏ឃើញចំណុចខ្សោយខ្លះរបស់អ្នកផ្គត់ផ្គង់ផងដែរ ដូចនេះលោកអាចទទួលបានការបញ្ចុះតម្លៃពីពួកគេដល់ទៅ ៤០%​ឯណោះ។ ច្បាប់របស់អ្នកផ្គត់ផ្គង់នៅពេលនោះ គឺថាបើទិញចាប់ពី ១០មុខឡើយទៅគឺបញ្ចុះតម្លៃ ៤០%។ ដូចនេះ នៅពេលដែលមានអ្នកបញ្ជាទិញសៀវភៅណាមួយពីវេបសាយ Amazon ទើបលោក Jeff Bezos បញ្ជាទិញបន្តពីអ្នកផ្គត់ផ្គង់។ រឿងដែលសំខាន់នោះសួរថា បើគេបញ្ជាទិញតែមួយក្បាល ហើយគាត់ទិញពីអ្នកផ្គត់ដល់ទៅ ១០ មុខ តើសៀវភៅផ្សេងទៀតមិនសល់នៅក្នុងស្តុកទៅហើយ? ក្នុងចំណុចនេះ លោក Jeff Bezos ជាមនុស្សដែលឆ្លាត គឺលោកបានជ្រើសរើសសៀវភៅ៩មុខផ្សេងទៀត ដែលអ្នកផ្គត់ផ្គង់មិនមាន ដូចនេះលោកនៅតែបានការបញ្ចុះតម្លៃ ៤០% ទោះជាលោកទិញសៀវភៅតែ ១ក្បាលក៏ដោយ ព្រោះថានេះមិនមែនជាកំហុសរបស់លោកនោះទេ គឺជាកំហុសរបស់អ្នកផ្គត់ផ្គង់ទេតើដែលមិនមានសៀវភៅផ្សេងទៀតឱ្យគាត់។

ទោះជាយ៉ាងណាក៏ដោយ Amazon គឺជាក្រុមហ៊ុនមួយដែលបានចំណូលពីការលក់ខ្ពស់ ប៉ុន្តែគ្មានប្រាក់ចំណេញឡើយរហូតដល់ទៅរយៈពេលជិត ៧ឆ្នាំ។​ លោកមានគោលការយ៉ាងច្បាស់មួយថា បង្កើតអតិថិជន ប៉ុន្តែមិនទាន់ផ្ដោតលើរឿងលុយ។ ថ្វីដ្បិតតែ Amazon មិនមានផលចំណេញ ប៉ុន្តែសន្ទុះនៃការលក់ក្នុងវេបសាយ និងចំនួនអតិថិជនប្រើប្រាស់ដ៏ច្រើន គឺបានបង្កភាពងាយស្រួលដល់លោក Jeff Bezos ក្នុងការកៀរគរទុនពីវិនិយោគគិននានាយ៉ាងងាយស្រួល។ នៅចន្លោះឆ្នាំ ១៩៩៥និង១៩៩៦ លោកបានប្រមូលទុនពីអ្នកដែលស្គាល់គាត់ប្រមាណជាជាង ២០នាក់បានចំនួនខ្ទង់ ១លានដុល្លារ។ ហើយនៅក្នុងឆ្នាំ ១៩៩៥នោះ លោក Jeff Bezos ក៏ប្រមូលទុនបានដល់ទៅ ៨លានដុល្លារបន្ថែមទៀតពីក្រុមហ៊ុន Kleiner Perkins។ បើទោះជាប្រមូលបានទុនច្រើនប៉ុណ្ណឹងហើយក៏ដោយ លោក Jeff Bezos ក៏នៅតែត្រូវការទុនបន្ថែមទៀតដើម្បីពង្រីកខ្លួនឱ្យកាន់តែធំ ដូចនេះនៅក្នុងឆ្នាំ ១៩៩៧ លោកក៏បានឡើងផ្សារហ៊ុន (IPO) ដោយលក់ចេញ 18$ ក្នុង​ 1 share និងប្រមូលបានទុនដល់ទៅ ៥៤លានដុល្លារបន្ថែមទៀត។ បើសន្មតថាអ្នកបានចំណាយលុយ ១០០០ដុល្លារកាលពេលនោះដើម្បីទិញភាគហ៊ុនពីក្រុមហ៊ុន Amazon តើពេលនេះអ្នកនឹងកើនចំនួនលុយដល់ប៉ុន្មានទៅ? នាំគ្នាទៅមើលតារាងខាងក្រោមទាំងអស់គ្នា...


បើកាលនោះ អ្នកចំណាយលុយ 1000$ ទិញហ៊ុនរបស់ Amazon ពេលនេះអ្នកនឹងមានលុយដល់ទៅ 2.34 លានដុល្លារ ($2,340,653)។ យើងច្បាស់ជាគិតមិនដល់នោះទេចំពោះចំនួនលុយដ៏សម្បើមបែបនេះ! អ៊ីចឹងហើយទើបគេនិយាយថា មិនគួរមើលស្រាលមនុស្សក្នុងពេលដែលនៅក្រទេ ព្រោះបើគេមានមហិច្ឆតា និងខិតខំតស៊ូខ្លាំង ថ្ងៃណាមួយគេអាចនឹងក្លាយទៅជាមនុស្ស  អស្ចារ្យនៅក្នុងបេះដូងអ្នក។


២. ដំណើរវិវឌ្ឍន៍របស់ក្រុមហ៊ុន Amazon

បន្ទាប់ពីឡើង IPO រួច នៅក្នុងឆ្នាំ ១៩៩៨ លោក Jeff Bezos បានវិវឌ្ឍន៍ក្រុមហ៊ុន amazon.com​ ពីការលក់តែសៀវភៅ ឱ្យក្លាយទៅវេបសាយដែលលក់របស់របរគ្រប់មុខដែលភាគច្រើនគេដាក់នាមឱ្យថា The everything store បានន័យថា ហាងលក់ទំនិញគ្រប់មុខ! ចាប់ពីពេលនោះមក Amazon បានកែច្នៃពីហាងលក់ទំនិញធម្មតាទៅជា...

១. មានកន្លែងបង្កើតផលិតផលដោយខ្លួនឯងផង

២. ទិញសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុនផ្គត់ផ្គង់ដទៃផ្សេងផង

៣. និងទិញចំណែកភាគហ៊ុនពីក្រុមហ៊ុនដទៃផ្សេងផង។

ហើយ Amazon បានផ្ដោតទៅលើគោលការណ៍សំខាន់៣៖ ទំនិញថោក ទំនិញគ្រប់មុខ និងដឹកជញ្ជួនលឿន។ ទន្ទឹមនឹងការលក់ផលិតផលចម្រុះ Amazon ក៏បានសំងំផ្ដោតសំខាន់ទៅលើការអភិវឌ្ឍបច្ចេកវិទ្យាទំនើបផងដែរ ។

នៅក្នុងឆ្នាំ ២០០៣ Amazon បង្កើតបាននូវកម្មវិធីគ្រប់គ្រងទិន្នន័យ (Cloud Computing) ហៅថា Amazon Web Service (AWS) ដែលវាជាតម្រូវការដ៏សំខាន់បំផុតសម្រាប់ក្រុមហ៊ុនធំៗលំដាប់ពិភពលោក ហើយយើងក៏ឃើញដែរថាសូម្បីតែក្រុមហ៊ុន Adobt និង​ Netflix ជាដើមក៏ប្រើប្រាស់សេវាកម្មពី Amazon ដែរ។ ហើយកម្មវិធីនេះ គឺជាឆ្នាំងបាយដ៏សំខាន់បំផុតរបស់ Amazon ព្រោះថាវាបង្កើតប្រាក់ចំណេញសុទ្ធឱ្យក្រុមហ៊ុន Amazon ខ្ទង់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

នៅក្នុងឆ្នាំ ២០០៥​ Amazon បានបង្កើតកម្មវិធី AmazonPrime ដែលជាកម្មវិធីសេវាកម្មដឹកជញ្ជូនឥតគិតថ្លៃរាល់ការបញ្ជាទិញទំនិញពី amazon.com។ ដើម្បីបានក្លាយទៅជាសមាជិក Prime Users គឺ Amazon តម្រូវឱ្យអ្នកប្រើប្រាស់បង់សេវា 99$ រួច នៅរាល់ការបញ្ជាទិញរបស់ពួកគេពី Amazon គឺនឹងមិនគិតថ្លៃដឹកជញ្ជូន ហើយរហ័សថែមទៀតផង។

នៅក្នុងឆ្នាំ ២០០៧ Amazon បានបង្កើតនូវកម្មវិធីអានសៀវភៅដែលមនុស្សភាគច្រើនស្គាល់គឺ Amazon Kindle ហើយនេះក៏ជាផ្នែកមួយដ៏សំខាន់ដែលអាចរកចំណូលឱ្យ Amazon រាប់លានដុល្លារផងដែរ។ ទន្ទឹមនឹងការបង្កើត Kindle ក្រុមហ៊ុន Amazon ក៏បានទិញយកនូវកម្មវិធីអានសៀវភៅល្បីៗនៅសហរដ្ឋអាមេរិកដល់ទៅតម្លៃរាប់រយលានដុល្លារ ដូចជា App សៀវភៅ Audible (តម្លៃ ៣០០​​ លានដុល្លារ) និង Goodread (តម្លៃ ១៩០លានដុល្លារ)។

Amazon កើតចេញពីកម្លាំងរំញោចផ្លូវចិត្តរបស់ លោក Jeff Bezos ព្រោះតែឃើញថាប្រព័ន្ធ​Internet & E-commerce មានសន្ទុះខ្លាំងរហូតដល់ ២៣០០% នៅក្នុងឆ្នាំ ១៩៩៤។ ហើយវាកើតចេញពីវេបសាយលក់សៀវភៅមួយប៉ុណ្ណោះ រហូតបានក្លាយទៅជា The Everything Store ដែលអាចធ្វើឱ្យស្ថាបនិកក្លាយទៅជាអ្នកមានបំផុតលំដាប់ពិភពលោក។ ដូច្នេះ បើទោះជាយើងមិនអាចប្រៀបទៅនឹង Jeff Bezos ក៏ដោយ តែយ៉ាងហោចណាស់យើងត្រូវរៀនគិតឱ្យបានធំ និងខំបង្កើតក្ដីស្រមៃមួយជារបស់ខ្លួន។ ខ្ញុំជឿថា ថ្ងៃណាមួយនឹងមានមនុស្សសរសេរអំពីអ្នកដូចគ្នា!      

ពាក្យស្លោករបស់ Amazon

“របស់គ្រប់យ៉ាងដែលអតិថិជនត្រូវការ Amazon ត្រូវតែរកមកឱ្យបាន”

“អតិថិជនតែងរកទំនិញដែលធូរថ្លៃជាងគេ និងអាចដឹកជូនពួកគេបានរហ័សជាងគេ”

“គិតពីអតិថិជនឱ្យបានច្រើន ព្រោះពេលគេប្រើសេវាកម្មរបស់អ្នកច្រើន លុយនឹងរត់មកឯង”

 

អានឯកសារជាច្រើនបន្ថែមនៅក្នុង WHY READ APP

No comments:

Post a Comment

បញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅនៅក្នុង App Why Read

  ប្រូម៉ូហ្សិនបញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅ នៅក្នុង App  Why Read  អានក៏បាន ស្ដាប់ក៏បានតាមតម្រូវការលោកអ្នក! នៅក្នុងនោះមានសៀវភៅសម្បូរបែប ...