Wednesday, December 21, 2022

The SAMSUNG Empire (How SAMSUNG launches its empire?)

សេចក្ដីផ្ដើម

យើងទាំងអស់គ្នាច្បាស់ជាស្គាល់ម៉ាកយីហោដ៏ល្បីឈ្មោះមួយនៅលើពិភពលោកនេះគឺ SAMSUNG ដែលភាគច្រើនយើងស្គាល់តាមរយៈសម្ភារៈអេឡិចត្រូនិកទូរទស្សន៍  និងពិសេសបំផុតនោះគឺទូរស័ព្ទដៃស្មាតហ្វូន។ ស្រួលមិនស្រួលពេលនេះ អ្នកផ្ទះរបស់អ្នក ឬខ្លួនអ្នកផ្ទាល់កំពុងប្រើប្រាស់ផលិតផលយីហោលំដាប់ពិភពលោកនេះផងដែរ។

គិតត្រឹមឆ្នាំ២០២០ ក្រុមហ៊ុន SAMSUNG មានតម្លៃខ្លួនដល់ទៅជាង ៣២០ពាន់លានដុល្លារ និងមានបុគ្គលិកប្រមាណជាជាង ២៩០,០០០ នាក់។

យើងរាល់គ្នា អាចថាស្គាល់ឈ្មោះយីហោមួយនេះយ៉ាងច្បាស់ ប៉ុន្តែមនុស្សតិចណាស់បានស្គាល់អំពីប្រវត្តិរឿងរ៉ាវក្នុងការកសាងអាណាចក្រក្រុមហ៊ុននេះរហូតក្លាយទៅជាក្រុមហ៊ុនយក្សលំដាប់ពិភពលោក។

តើក្រុមហ៊ុននេះធ្លាប់បានហែលឆ្លងនូវរឿងរ៉ាវអ្វីខ្លះ?

តើស្ថាបនិកចេញពីប្រភពណា ទើបអាចបង្កើតក្រុមហ៊ុនលំដាប់កំពូលបែបនេះបាន?

តើយើងអាចរៀនសូត្រអ្វីខ្លះពីស្ថាបនិកក្នុងការជំនះនូវរាល់ឧបសគ្គនានាទម្រាំអាចធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ SAMSUNG ល្បីរន្ទឺខ្លាំងបែបនេះ?


១. ចំណុចចាប់ផ្ដើម

       បើគិតដល់ចំណុចចាប់ផ្ដើម អ្នករាល់គ្នាប្រហែលជាមិននឹកស្មានទេថា ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកដូចជា SAMSUNG បែរជាចេញពីប្រភពដ៏គួរឱ្យរៀនសូត្រតាមបំផុត។ ក្រុមហ៊ុន SAMSUNG បង្កើតឡើងដំបូងបំផុតនៅថ្ងៃទី ០១ ខែ មិនា ឆ្នាំ១៩៣៨ ដោយលោក Lee Byung Chull នៅក្នុងប្រទេសកូរ៉េខាងត្បូង និងបានបង្កើតនូវបាវចនារបស់ខ្លួនចំនួន ៣ពាក្យថា         “អស្ចារ្យខ្លាំង និងចុងក្រោយបង្អស់”។ គួរឱ្យភ្ញាក់ផ្អើលបំផុត ពីដំបូង SAMSUNG គឺចាប់ផ្ដើមចេញពីហាងលក់គ្រឿងទេស ដូចជាលក់ ត្រី បន្លែ និងមីជាដើម។

ស្ទើរមិនគួរឱ្យជឿសោះឡើយថា ក្រុមហ៊ុនយក្ស SAMSUNG ចាប់កំណើតឡើងពីដំបូងបែបនេះឡើយ! យ៉ាងណាមិញ គ្រាន់តែបើកក្បាលដំបូងភ្លាម យើងក៏អាចតោងចេញជាមេរៀនដ៏ពិសេសបំផុតមួយសម្រាប់អ្នកដែលមានបេះដូងជាសហគ្រិនគឺថា “ចំណុចចាប់ផ្ដើមដំបូងតូចប៉ុនណា មិនសំខាន់នោះទេ អ្វីដែលសំខាន់នោះតើអ្នកមានមហិច្ឆិតាធំប៉ុនណា?”

លោកស្ថាបនិក Lee Byung Chull បានព្យាយាមខិតខំទំនាក់ទំនងសហការជាមួយនិងអ្នកផ្គត់ផ្គង់បន្លែ ត្រី សាច់ មី និងសម្ភារៈគ្រឿងទេសនៅក្នុងតំបន់ ដើម្បីយកមកដាក់លក់នៅក្នុងហាងរបស់ខ្លួន។ នៅពេលដែលហាងចាប់ផ្ដើមដំណើរការល្អ លោកមានបុគ្គលិកសរុបគ្រប់ផ្នែករាប់ចាប់តាំងពី ផ្នែកអនាម័យ វេចខ្ចប់ ដឹកជញ្ជូន គ្រប់គ្រង គិតលុយនិងផ្សេងៗទៀតប្រមាណជា ៤០នាក់។ លោកមិនត្រឹមតែលក់ផ្ទាល់សម្រាប់អតិថិជនដែលចូលមកកាន់ហាងរបស់ខ្លួននោះទេ គឺលោកបានផ្គត់ផ្គង់ទៅកាន់ប្រជាជន និងហាងលក់គ្រឿងទេសនានានៅតាមបណ្ដាខេត្ត ហើយអ្វីដែលពិសេសដែលគាត់អាចរកបានប្រភពចំណូលដ៏ច្រើននោះគឺ នាំចេញផលិតផលទាំងនោះទៅកាន់ប្រទេសចិន។ លោកបន្តធ្វើកិច្ចការនោះអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែជាអកុសល នៅក្នុងប្រទេសគឺកើតមានសង្រ្គាមរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងដែលបណ្ដាលឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន ផ្ទះប្រជាពលរដ្ឋ អគារពាណិជ្ជកម្ម រោងចក្រសហគ្រាស និងធ្វើឱ្យបាត់បង់អាយុជីវិតប្រជាជនជាច្រើនទៀតផង។ 

២. ចាប់ឱកាសក្នុងភ្លើងសង្រ្គាម

       ភ្លើងសង្រ្គាមរបស់កូរ៉េទាំងពីរគឺចាប់ផ្ដើមពីថ្ងៃទី ២៥ខែមិថុនា ឆ្នាំ១៩៥០ ដល់ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ១៩៥៣។ ក្នុងកំឡុងពេលសង្រ្គាមបានធ្វើឱ្យខាតបង់ជាខ្លាំងសម្រាប់ប្រទេសកូរ៉េទាំងមូល។ ការធ្វើពាណិជ្ជកម្ម ការជួញដូរនៅលើទីផ្សារក៏សឹងតែគ្មាននៅលើផ្ទៃប្រទេស ហើយក៏ជាពេលធ្វើឱ្យកូរ៉េ ធ្លាក់ខ្លួនក្លាយទៅជាប្រទេសដែលក្រីក្រក្នុងចំណោមប្រទេសក្រីក្រឯទៀតនៅលើពិភពលោក។

       បកមកលោក Lee Byung Chull ស្ថាបនិករបស់ក្រុមហ៊ុន SAMSUNG វិញ ទោះបីជាប្រទេសកំពុងតែធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរនៃភ្លើងសង្រ្គាមក៏ដោយ ក៏មិនបានសម្លាប់មហិច្ឆតារបស់គាត់ដែរ។ នៅក្នុងឆ្នាំ ១៩៥០ នោះ ដោយសារស្ថាប័នជាច្រើនត្រូវបានក្ស័យធន លោកបានចាប់ឱកាសទិញយកភាគហ៊ុនរបស់ធនាគារនៅក្នុងស្រុកបានចំនួន៣ ក្រុមហ៊ុនធានារ៉ាប់រងមួយ សហគ្រាសផលិត ស៊ីម៉ងត៍ និងចំណីសត្វមួយផងដែរ។

       បន្ទាប់ពីភ្លើងសង្រ្គាមបានចប់ លោក Lee Byung Chull បានងាកមកផ្ដោតសំខាន់លើកិច្ចការសហគ្រាសវិញម្ដងដើម្បីចូលរួមចំណែកជួយដល់ប្រទេសជាតិឱ្យងើប និងអភិវឌ្ឍន៍ឡើងវិញ។ ហើយកំឡុងពេលនោះដែរ រដ្ឋាភិបាលកូរ៉េក៏បានចេញសេចក្ដីព្រៀងច្បាប់ថ្មីមួយ ក្នុងគោលបំណងជួយការពារក្រុមហ៊ុនក្នុងស្រុកពីការប្រកួតប្រជែងរបស់ក្រុមហ៊ុនក្រៅស្រុក និងចំណុចសំខាន់មួយទៀតគឺការផ្ដល់កម្ចីងាយស្រួលទៅកាន់សហគ្រាសនានា។ ច្បាប់ថ្មីនេះគឺបានជួយសម្រួលដល់ក្រុមហ៊ុនរបស់លោក Lee Byung Chull បានមួយកម្រិតថែមទៀតក្នុងការជំរុញ និងលើកទឹកចិត្តលោកឱ្យកាន់តែខិតខំយ៉ាងសកម្មជាមួយនឹងក្ដីស្រមៃរបស់ខ្លួន។ ដោយឃើញថាប្រទេសជាតិត្រូវបានបំផ្លាញស្ទើរគ្មានសល់ កិច្ចការដំបូងដែលលោកប្រឡូកយ៉ាងសកម្មគឺ រោងចក្រវាយនភណ្ឌ ច្នៃនិងផលិតសម្លៀកបំពាក់សម្រាប់ប្រជាពលរដ្ឋ ព្រោះវាសំខាន់បំផុតបន្ទាប់ពីរបស់របរទាំងឡាយរបស់ពួកគេត្រូវបានបំផ្លាញ។ ហើយគាត់ក៏បានបង្កើតរោងចក្រផលិតទឹកដោះចៀម រោងចក្រផលិតស្ករ ដែលជាគ្រឿងឧបភោគបរិភោគដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋជាចាំបាច់បន្ទាប់ពីសង្រ្គាមនោះ។ 

៣. ការប្រឹងប្រែងនិងភាពវិវឌ្ឍន៍របស់​ SAMSUNG

ដោយសារក្ដីសុបិនចង់ចូលរួមស្រោចស្រង់ប្រទេសឡើងវិញរបស់ស្ថាបនិក នៅចន្លោះឆ្នាំ ១៩៦០ ដល់ ១៩៧០ ក្រុមហ៊ុន SAMSUNG បានប្រឡូកនៅលើវិស័យជាច្រើនដូចជាវិស័យ វាយនភណ្ឌ ដឹកជញ្ជូន ហាងទំនិញ ធនាគារ និងវិស័យធានារ៉ាប់រងជាដើម។ ហើយក្រុមហ៊ុនក៏បានវិនិយោគយ៉ាងច្រើនទៅលើវិស័យថាមពល ផលិតនិងបម្លែងសារធាតុគីមី។ មិនត្រឹងតែប៉ុណ្ណោះ SAMSUNG  ក៏បានប្រឡូកចូលក្នុងវិស័យអភិវឌ្ឍន៍អគារនិងសំណង់ផងដែរ។ 

ចាប់ពីឆ្នាំ ១៩៦៩មក ក្រុមហ៊ុន SAMSUNG បានហក់លោតចូលទៅក្នុងវិស័យអេឡិចត្រូនិក។ នៅក្នុងនោះដែរក្រុមហ៊ុន SAMSUNG បានបង្កើតនូវផលិតផលជាច្រើនដូចជា ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនដុតនំឬអាំងសាច់ ទូទឹកកក និងទូរទស្សន៍សខ្មៅជាលើកដំបូង។ ហើយនិងបាននាំចេញទៅកាន់ពិភពលោកនៅឆ្នាំ១៩៧០! ជោគជ័យដ៏ធំមួយក្នុងវិស័យអេឡិចត្រូនិករបស់ក្រុមហ៊ុន SAMSUNG គឺនៅក្នុងឆ្នាំ១៩៧៨ គេបានផលិតទូរទស្សន៍រហូតដល់ទៅ ៥លានគ្រឿង និងបានលក់ចេញទៅកាន់ទីផ្សារពេញទូទាំងសកលលោក។

នៅក្នុងឆ្នាំ ១៩៨៥ ក្រុមហ៊ុន SAMSUNG បានបង្កើតបច្ចេកវិទ្យាថ្មីមួយគឺប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងបានលក់ជូនទៅកាន់ក្រុមហ៊ុននានា ដើម្បីយកទៅប្រើប្រាស់ក្នុងការពន្លឿនអាជីវកម្មរបស់ពួកគេរៀងៗខ្លួន ។ ចាប់ពីពេលនោះ ក្រុមហ៊ុន SAMSUNG ក៏ទទួលបានងារជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្ដល់សេវាកម្មបច្ចេកវិទ្យា។

នៅក្នុងឆ្នាំ ១៩៨៧ រឿងដ៏ក្រៀមក្រំមួយបានកើតឡើងចំពោះក្រុមហ៊ុន SAMSUNG ទាំងមូល គឺការបាត់បង់នូវវត្តមានស្ថាបនិកដ៏ឆ្នើមរបស់ក្រុមហ៊ុនគឺលោក Lee Byung Chull ។ បន្ទាប់ពីការស្លាប់របស់លោក Lee Byung Chull ក្រុមហ៊ុន SAMSUNG ត្រូវបានផ្ទេរតំណែងទៅឱ្យកូនប្រុសរបស់គាត់គឺលោក Lee Kun Hee ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមបំផុតមួយរូបបន្តវេនពីឪពុក។

ក្នុងបដិវត្តន៍ថ្មី ក្រុមហ៊ុន SAMSUNG ក៏បានបំបែកទៅជា ៥ក្រុមហ៊ុន ដែលលោក Lee Kun Hee បន្តតំណែងគ្រប់គ្រងលើវិស័យអេឡិចត្រូនិក និង៤ផ្សេងទៀតត្រូវបានគ្រប់គ្រងដោយបងប្អូនប្រុសស្រីរបស់គាត់។

 ក្រោយពីលោក Lee Kun Hee បានឡើងកាន់តំណែង លោកពិនិត្យឃើញថាក្រុមហ៊ុនគឺពិតជានៅមានចំណុចខ្វះចន្លោះជាច្រើន ដូចនេះលោកក៏ប្រកាសផ្លាស់ប្ដូរវប្បធម៌នៅក្នុងក្រុមហ៊ុនទាំងមូល។ គាត់បានសង្កត់ធ្ងន់ថា ដើម្បីឱ្យក្រុមហ៊ុន SAMSUNG អាចប្រកួតប្រជែងជាមួយពិភពលោកបាន គឺយើងត្រូវតែផ្លាស់ប្ដូរគ្រប់យ៉ាងលើកលែងតែប្រពន្ធនិងកូនប៉ុណ្ណោះ។ លោកបញ្ជាក់ប្រាប់បុគ្គលិករាល់គ្នាថា ចាប់ពីពេលនេះទៅគឺយើងត្រូវផ្ដោតសំខាន់ទៅលើគុណភាព ជាជាងបរិមាណ។ ក្រោមការដឹកនាំរបស់លោក Lee Kun Hee គឺបានបង្កើតនូវគំនិតច្នៃប្រតិដ្ឋផលិតបាននូវរបស់របរប្រើប្រាស់អេឡិចត្រូនិកទំនើបជាច្រើន ពិសេសបំផុតគឺក្នុងវិស័យទូរស័ព្ទដៃស្មាតហ្វូនហ្នឹងតែម្ដង។ ហើយ SAMSUNG គឺជាដៃគូប្រកួតប្រជែងធំបំផុតរបស់ Apple (iPhone)។ ទោះបីជាពួកគេជាក្រុមហ៊ុនប្រកួតប្រជែងជាពិតមែន ប៉ុន្តែពួកគេគឺបានរួមចំណែកផ្លាស់ប្ដូរ និងជួយដល់កិច្ចអភិវឌ្ឍន៍ពិភពលោកបានច្រើនបំផុត។

ចាប់តាំងពីឆ្នាំ ២០០០ Samsung’s Galaxy    ស្មាតហ្វូនបានចាប់កំណើតឡើង និងបានក្លាយទៅជាក្រុមហ៊ុនទូរស័ព្ទដែលលក់ដាច់បំផុតនៅលើពិភពលោក។ នៅអំឡុងពេលនោះ SAMSUNG មិនត្រឹមតែផលិតនិង   តម្លើងទូរស័ព្ទដៃរបស់ខ្លួនប៉ុណ្ណឹងនោះទេ គឺគេបានផ្គត់ផ្គង់វត្ថុធាតុផលិតមួយចំនួនទៅកាន់ក្រុមហ៊ុន Apple ថែមទៀតផង ។

នៅក្នុងឆ្នាំ ២០០៦ ក្រុមហ៊ុន SAMSUNG បានក្លាយទៅជាក្រុមហ៊ុនដែលលក់ទូរទស្សន៍បានច្រើនបំផុតនៅលើពិភពលោក។ ជាបន្តបន្ទាប់គេបានផលិត​Tablet, កុំព្យូទ័រ, Galaxy Tap, Smartwatch និងបានបន្តអភិវឌ្ឍកាន់តែទំនើបៗរហូតមកដល់បច្ចុប្បន្ននេះ។

ពាក្យស្លោករបស់ SAMSUNG

“ការដែលជួបឧបសគ្គកាន់តែធំ គឺយើងអាចបង្កើតរបស់ដែលថ្មីកាន់តែអស្ចារ្យ”

“មានតែអ្នកដែលខំជំនះមិនចុះចាញ់ទេ ទើបអាចធ្វើរឿង អស្ចារ្យសម្រាប់អនាគតបាន”

“មានតែអ្នកដែលហ៊ានវាយបំបែកគំនិតចាស់ៗទេ ទើបអាចដឹកនាំពិភពលោកទៅរករឿងដែល        អស្ចារ្យ”

អានឯកសារជាច្រើនបន្ថែមនៅក្នុង WHY READ APP

No comments:

Post a Comment

បញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅនៅក្នុង App Why Read

  ប្រូម៉ូហ្សិនបញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅ នៅក្នុង App  Why Read  អានក៏បាន ស្ដាប់ក៏បានតាមតម្រូវការលោកអ្នក! នៅក្នុងនោះមានសៀវភៅសម្បូរបែប ...