Thursday, December 22, 2022

The Toyota Empire (How Toyota launches its empire?)


សេចក្ដីផ្ដើម

       បើនិយាយដល់ក្រុមហ៊ុនឡាន អ្នកច្បាស់ជាស្គាល់យីហោយក្សដ៏ល្បីឈ្មោះបំផុតនៅជុំវិញពិភពលោក គឺ TOYOTA។ ថាមិនត្រូវពេលនេះអ្នកកំពុងប្រើប្រាស់វាផ្ទាល់ ឬវាអាចជារថយន្តនៅក្នុងក្ដីស្រមៃរបស់អ្នកក៏ថាបានដែរ។ ហើយបើមើលនៅតាមដងផ្លូវវិញ គឺមានរថយន្តម៉ាក TOYOTA បើកព្រោងព្រាតស្ទើរគ្មានចន្លោះឡើយ។

ម៉ាកល្បីៗដែលយើងនិយមឃើញគេជិះនៅលើដងផ្លូវនោះ គឺមានដូចជា Toyota Camry, Toyota Corolla, Toyota Pruis (ដែលភាគច្រើនខ្មែរយើងតែងនិយមហៅថា អាព្រូស), Toyota Highlander, Toyota Hilux, Toyota Tundra និង​ Toyota Land Cruiser ជាដើម។​ នៅមានឡានមួយប្រភេទទៀតដែលមានភាពប្រណិតខ្លាំងនិងត្រូវបានទិញជិះដោយអ្នកមានៗជាច្រើននៅក្នុងស្រុកយើង ប៉ុន្តែមនុស្សច្រើនណាស់មិនបានដឹងថា ឡានប្រភេទនេះមានប្រភពដើមមកពីក្រុមហ៊ុនណា ព្រោះថាវាប្រៀបបានដូចជាយីហោថ្មីផ្ទាល់ខ្លួនទៅហើយនោះគឺយីហោ Lexus! តាមពិតទៅ Lexus គឺជាកូនដ៏សំណប់មួយរបស់ Toyota ហើយដោយសារប្រណិតភាពរបស់វា គឺធ្វើឱ្យឡានទំនើបប្រភេទនេះលក់បានថ្លៃខ្លាំងនៅលើទីផ្សារ ដូចជា Lexus 570 ជាដើម។ តម្លៃរបស់ Lexus 570 (ឆ្នាំចុងក្រោយ)មួយគ្រឿងលក់ចេញនៅក្នុងស្រុកខ្មែរ គឺមានតម្លៃរហូតដល់ទៅជាង ២០ម៉ឺនដុល្លារបូករួមទាំងថ្លៃពន្ធ។

គិតមកដល់ត្រឹមឆ្នាំ ២០២១នេះ ក្រុមហ៊ុន TOYOTA គឺមានតម្លៃខ្លួនដល់ទៅជាង ២៥០ ពាន់លានដុល្លារ និងមានបុគ្គលិកបម្រើការងារដល់ទៅជាង ៣៦០,០០០ នាក់ ។ ហើយ នៅឆ្នាំ ២០១៧ TOYOTA បានជាប់ឈ្មោះជាក្រុមហ៊ុនផលិតយានយន្តលំដាប់លេខ​ ២នៅលើពិភពលោក និងផលិតបានយានយន្ត ១០លានគ្រឿងក្នុងមួយឆ្នាំៗ។

បើវិសាលភាពក្រុមហ៊ុននេះធំអស្ចារ្យខ្លាំងបែបនេះ សំណួរសួរថា តើក្រុមហ៊ុន TOYOTA ធ្លាប់បានហែលឆ្លងនូវរឿងរ៉ាវអ្វីខ្លះ?

តើស្ថាបនិកចេញពីប្រភពណា ទើបអាចបង្កើតក្រុមហ៊ុនលំដាប់កំពូលបែបនេះបាន?

តើយើងអាចរៀនសូត្រអ្វីខ្លះពីស្ថាបនិកក្នុងការជំនះនូវរាល់ឧបសគ្គនានាទម្រាំអាចធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ TOYOTA ល្បីរន្ទឺខ្លាំងបែបនេះ?

១. ចំណុចចាប់ផ្ដើម

អ្នកប្រហែលជាគិតថា ស្ថាបនិករបស់ក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះគឺច្បាស់ជាកើតចេញពីត្រកូលស្ដុកស្ដម្ភមិនធម្មតាឡើយ ប៉ុន្តែធាតុពិតទៅក្រុមហ៊ុនយក្សមួយនេះ គឺកើតចេញពីបុរសកូនអ្នកក្រីក្រម្នាក់ឈ្មោះ​ Toyoda Sakichi ។ ឪពុករបស់លោកគឺគ្រាន់តែជាជាងឈើមួយរូបប៉ុណ្ណោះ រីឯម្ដាយរបស់គាត់គឺជាស្រ្តីតម្បាញមួយរូប និងជាមេផ្ទះដ៏ល្អសម្រាប់គ្រួសាររបស់ពួកគេ។ តាំងពីកុមារភាពមក លោក Toyoda Sakichi គឺជាក្មេងដែលចូលចិត្តរៀនសូត្រ ហើយកាន់តែពិសេសនោះគឺលោកស្រឡាញ់ និងចូលចិត្តការអានសៀវភៅជាខ្លាំង។ សៀវភៅដែលលោកចូលចិត្តអានបំផុតនោះគឺនិយាយអំពីបាតុភូតរូបវិទ្យា និងផ្នែកគ្រឿងម៉ាស៊ីនដែលបកប្រែមកពីសហភាពអ៊ឺរ៉ុប។

ពេលមួយនោះ ដោយឃើញថាម្ដាយជាទីស្រឡាញ់របស់ខ្លួនពិតជាមានការលំបាកជាខ្លាំងក្នុងការប្រើប្រាស់កីតម្បាញចាស់របស់គាត់ ទើបលោក Toyoda Sakichi សាកល្បងគិត និងប្រឹងកែច្នៃធ្វើកីតម្បាញថ្មីសម្រាប់ម្ដាយរបស់ខ្លួន ប៉ុន្តែវាមិនងាយស្រួលដូចលោកគិតនោះឡើយ គឺគាត់បានបរាជ័យជាច្រើនលើកច្រើនសារ។ ការព្យាយាមធ្វើម្ដងហើយម្ដងទៀត ដោយមិនព្រមចុះចាញ់នឹងឧបសគ្គ ទើបធ្វើឱ្យលោកអាចជំនះរនាំងនៃភាពបរាជ័យ និងអាចបង្កើតកីតម្បាញថ្មីដំបូងបំផុតដែលអាចប្រើដៃមួយ និងមានភាពងាយស្រួលច្រើនជាងមុននៅក្នុងឆ្នាំ ១៨៩១។

ការផលិតកីតម្បាញថ្មីនោះ គឺបានជួយសម្រួលដល់ការងារម្ដាយរបស់គាត់បានយ៉ាងច្រើន ហើយវាក៏ចាប់ផ្ដើមល្បីតៗគ្នាទៅកាន់ប្រជាជនជាច្រើននៅក្នុងស្រុក និងមានការបញ្ជាទិញជាញយៗ។ នៅក្នុងឆ្នាំ ១៩២៤  លោក Toyoda Sakichi បង្កើតបាននូវម៉ាស៊ីនតម្បាញស្វ័យប្រវត្តិម៉ាក G ដែលចាប់ពីពេលនោះហើយ ការរកឃើញរបកគំហើញថ្មីមួយនេះ គឺមិនត្រឹមតែមានភាពល្បីល្បាញនៅក្នុងប្រទេសជប៉ុននោះទេ វាបានល្បីរន្ទឺទៅកាន់ប្រទេសលោកខាងលិចទៀតផង។ ដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទាំងក្នុង និងក្រៅស្រុក លោកក៏បានចុះបញ្ជីក្រុមហ៊ុនសហគ្រាសផលិតកីតម្បាញនៅក្នុងឆ្នាំ ១៩២៦។

នៅក្នុងឆ្នាំ ១៩២៩ ដោយសារភាពល្បីរន្ទឺនេះ គឺបានទាក់ចិត្តឱ្យក្រុមហ៊ុនដ៏ធំមួយនៅចក្រភពអង់គ្លេស គឺក្រុមហ៊ុន Platt Brothers បានស្នើសុំទិញយកក្រុមហ៊ុន និងសិទ្ធិចែកចាយពីលោក Toyoda Sakichi នៅក្នុងតម្លៃជាង ១០ម៉ឺនផោន (ខ្ទង់៨លានដុល្លារនាពេលបច្ចុប្បន្ននេះ)។

ជាអកុសល លោក Toyoda Sakichi ពិតជាបានទទួលជោគជ័យលើវិស័យជំនួញពិតមែន ប៉ុន្តែលោកមិនបានយកឈ្នះលើស្ដេចមច្ចុរាជនោះទេ គឺលោកត្រូវបានស្លាប់ដោយជំងឺនៅក្នុងឆ្នាំ ១៩៣០។


២. ដំណើរការវិវឌ្ឍ៍នៃក្រុមហ៊ុន TOYOTA

បន្ទាប់ពីលោក Toyoda Sakichi បានស្លាប់ទៅ តើនរណាជាអ្នកបន្តវេនពីគាត់? ហើយថាតើក្រុមហ៊ុនផលិតកីតម្បាញអាចក្លាយទៅជាក្រុមហ៊ុនផលិតយានយន្តដ៏ធំសម្បើមបែបនេះដោយរបៀបណា?

អ្នកបន្តវេនពីលោក Toyoda Sakichi គឺជាកូនប្រុសរបស់គាត់ឈ្មោះ Toyoda Kiichiro ។ បកមកក្រោយបន្តិច លោក Toyoda Kiichiro បានបញ្ចប់ថ្នាក់សិក្សាផ្នែកវិស្វកម្ម ហើយកាលពីឪពុករបស់គាត់នៅរស់ គឺលោកកាន់តំណែងជាប្រធានវិស្វករនៅក្នុងក្រុមហ៊ុន       ផលិតកីតម្បាញ Toyoda នោះឯង។ លោកគឺជាមនុស្សម្នាក់ដែលមានសមត្ថភាពក្នុងការច្នៃប្រតិដ្ឋខ្ពស់ និងពិសេសបំផុតគឺគាត់បានទទួលនូវឥទ្ធិពលដ៏អស្ចារ្យពីឪពុកទៀតផងនោះ ទើបលោកអាចធ្វើឱ្យ TOYOTA មានឈ្មោះល្បីដូចសព្វថ្ងៃ។

មូលហេតុដែលធ្វើឱ្យលោក Toyoda Kiichiro សម្រេចចិត្តបង្កបង្កើតក្រុមហ៊ុនផលិតយានយន្ត​ឡើង គឺដោយសារ...

កត្តាទី១៖ កាលពីឆ្នាំ១៩២៣ នៅទីក្រុងតូក្យូមានបាតុភូតធម្មជាតិរញ្ជួយដីដ៏ធំមួយ ដែលណ្ដាលឱ្យប្រទេសជាតិមានការខូចខាតជាទម្ងន់។ ហើយពេលនោះ ជប៉ុនក៏ទទួលបានជំនួយជារថយន្តជាច្រើនគ្រឿងពីបរទេស ដើម្បីស្ដារប្រទេសឡើងវិញ។ ពេលនោះហើយប្រជាជននៅក្នុងស្រុកក៏ចាប់ផ្ដើមយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍របស់រថយន្ត ប៉ុន្តែកាលណោះនៅមិនទាន់មានក្រុមហ៊ុនក្នុងស្រុកណាមួយ ដែលចេះនិងអាចផលិតរថយន្តបានឡើយ។ ដូច្នេះហើយឪពុករបស់លោក Toyoda Kiichiro កាលពីគាត់នៅរស់ក៏មានបំណងចង់កែច្នៃក្រុមហ៊ុនរបស់ខ្លួនឱ្យក្លាយទៅជាក្រុមហ៊ុនផលិតយានយន្តដែរ ប៉ុន្តែគាត់មិនទាន់សម្រេចក្ដីស្រមៃ ទើបគាត់ខំបណ្ដុះបណ្ដាលកូនប្រុសឱ្យខិតខំស្វែងយល់អំពីអាជីវកម្មនេះ។

កត្តាទី២៖ កាលពីឆ្នាំ ១៩២៩ គឺលោក Toyoda Kiichiro បានទៅចុះទស្សនកិច្ចនៅសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ហើយគាត់ក៏បានសង្កេតឃើញថា ទីផ្សារម៉ាស៊ីនតម្បាញគឺមានសភាពអន់ថយមែនទែន តែទីផ្សាររថយន្តវិញគឺមានសន្ទុះខ្លាំងក្លាបំផុត។

កត្តាទី៣៖ ស្របពេលនោះ គាត់មានលុយគ្រប់គ្រាន់ពីការលក់ហ៊ុនបានជាង ១០ម៉ឺនផោននោះក្នុងការចាប់ផ្ដើមបន្តក្ដីស្រមៃរបស់ឪពុក។

បន្ទាប់ពីទទួលបានលុយពីការលក់ហ៊ុន លោកToyoda Kiichiro បានបង្កើតក្រុមវិស្វករជំនាញមួយក្រុមដើម្បីធ្វើការស្រាវជ្រាវទាក់ទងអំពីការផលិតនិងតម្លើងតួម៉ាស៊ីនរបស់រថយន្តជាមុន។ ក្នុងដំណើរការជាក់ស្ដែង គឺគេបានជួបនឹងឧបសគ្គជាច្រើន ដោយធ្វើការតម្លើងមិនទទួលបានជោគជ័យសោះ ប៉ុន្តែគាត់ពិតជាមានឈាមជ័រដូចទៅនឹងឪពុករបស់លោកអ៊ីចឹង គឺថាខំតស៊ូរហូតដល់ការបរាជ័យធុញទ្រាន់។ ការខំប្រឹងរបស់លោក និងក្រុមការងារចន្លោះពីឆ្នាំ ១៩៣០ ដល់ ១៩៣៥ ពួកគេក៏ផលិតបានតួម៉ាស៊ីនដែលអាចដំណើរការពេញលេញបាន ឈ្មោះថាម៉ាស៊ីនម៉ាក A

ដោយកាលណោះ នៅក្នុងប្រទេសជប៉ុន ច្បាប់ក្នុងការផលិតរថយន្តធ្វើដំណើរនៅមិនទាន់ត្រូវបានអនុញ្ញាតិ ទើបពួកគេសម្រេចផលិតរថយន្តដំបូងជាប្រភេទរថយន្តដឹកទំនិញ។ នៅក្នុងឆ្នាំ ១៩៣៥ នោះពួកគេបានផលិតរថយន្តឈ្មោះថា A1 និង G1 ហើយក៏មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ ហើយនៅក្នុងឆ្នាំ ១៩៣៦ គឺពួកគេផលិតបានរថយន្តធ្វើដំណើរម៉ាក AA ដែលពេលនោះសន្ទុះនៃការគាំទ្រគឺមានសភាពខ្លាំងក្លាមែនទែន។

នៅក្នុងឆ្នាំ ១៩៣៧ លោក Toyoda Kiichiro ក៏សម្រេចចិត្តផ្ដាច់ខ្លួនចេញពីក្រុមហ៊ុនផលិតកីតម្បាញ Toyoda មកបង្កើតក្រុមហ៊ុនផលិតយានយន្តថ្មីផ្ទាល់ខ្លួន ដែលបានដាក់ឈ្មោះហៅថា TOYOTA នេះឯង។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក គឺបានធ្វើឱ្យក្រុមហ៊ុន TOYOTA មានឈ្មោះបោះសម្លេងជាខ្លាំង។


៣. បន្ទាប់ពីសង្រ្គាមលោកលើកទី ២

នៅក្នុងអំឡុងពេលសង្រ្គាមលោកលើកទី ២ គឺបានបំផ្លាញប្រទេសជប៉ុនជាខ្លាំង ព្រោះថារដ្ឋាភិបាលជប៉ុនក៏បានលូកដៃចូលក្នុងសង្រ្គាមដែរ។ ហើយជប៉ុនត្រូវបានគេទម្លាក់គ្រាប់បែបនៅទីក្រុង ហីរ៉ូស៊ីម៉ា និង ​ណាហ្គាសាគិ ដែលបំផ្លាញគ្រប់យ៉ាងឱ្យទៅជាផេះ។ ផលប៉ះពាល់នេះបានធ្វើឱ្យសេដ្ឋកិច្ចរបស់ជប៉ុនធ្លាក់ដុនដាបខ្លាំងបំផុត រីឯក្រុមហ៊ុនតូចធំត្រូវបានក្ស័យធនបិទទ្វារស្ទើរគ្មានសល់។ សូម្បីតែក្រុមហ៊ុន TOYOTA ក៏ប្រឈមនឹងការក្ស័យធនអាចឈានចូលដល់ការបិទទ្វារដែរ។ ជប៉ុនបានចាញ់សង្រ្គាមនៅថ្ងៃទី​ ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ដែលជាថ្ងៃបញ្ចប់ទាំងស្រុងនៃសង្រ្គាមលោកលើកទី២។

យើងឃើញថា សង្រ្គាមបានបំផ្លាញ TOYOTA ប៉ុន្តែក៏ដោយសារតែសង្រ្គាមដែរ ទើបធ្វើឱ្យ TOYOTA មានដង្ហើមរស់រានឡើងវិញ។ កាលណោះ មានការផ្ទុះសង្រ្គាមឡើងនៅឧបទ្វីបកូរ៉េ ហើយយោធាអាមេរិកបានចេញមុខការពារកូរ៉េខាងត្បូង និងបានបញ្ជាទិញរថយន្តដើម្បីធ្វើចម្បាំងចំនួន ៥០០០គ្រឿងពីក្រុមហ៊ុន TOYOTA ដែល  ឱកាសនោះហើយគឺហាក់បីដូចជាបានជួយស្រោចស្រង់ជីវិតរបស់ TOYOTA ឱ្យរស់ឡើងវិញអ៊ីចឹង។ បន្ទាប់ពី      ឱកាសនោះហើយ TOYOTA បានកែប្រែមុខមាត់ថ្មី ផលិតនិងអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស។

ជាអកុសល ឆ្នាំ ១៩៥២ លោក Toyoda Kiichiro ដែលជាស្ថាបនិកដ៏ឆ្នើមរបស់ TOYOTA  បានលាចាកលោកម្នាក់ទៀត ។ ក្រោយមកថ្នាក់ដឹកនាំថ្មីក៏មិនបានធ្វើឱ្យខកបំណងដែរ លោកបានសង្កេតឃើញថាក្រុមហ៊ុនគូប្រជែងរបស់ខ្លួននៅអាមេរិកគឺហាក់ដូចជាមានខ្សែសង្វាក់ផលិតកម្មល្អប្រសើរជាងខ្លួនដាច់ ដូចនេះលោកក៏បានខិតខំពង្រឹង និងពង្រីកសមត្ថភាពបុគ្គលិកនិងខំកែប្រែចំណុចខ្វះខាតរបស់ក្រុមហ៊ុនឱ្យកាន់តែល្អខ្លាំង។ហើយគេបានព្យាយាមផ្ដោតសំខាន់ទៅលើគុណភាពផលិតផលឱ្យកាន់តែប្រសើរខ្លាំងឡើង។ កាលណោះ រថយន្តដែលទទួលបានការគាំទ្រខ្លាំងគឺ TOYOTA crown ដែលមិនត្រឹមតែលក់ដាច់ខ្លាំងនៅក្នុងប្រទេសនោះទេ គឺថែមទាំងត្រូវបាននាំចេញទៅ សហរដ្ឋអាមេរិកថែមទៀតផង។ ប៉ុន្តែរថយន្តប្រភេទនេះ មិនទាន់ជាមានការពេញនិយមខ្លាំងប៉ុន្មានឡើយនៅអាមេរិក។

មួយរយៈក្រោយមក នៅក្នុងឆ្នាំ ១៩៧៣ មានវិបត្តិប្រេងកាតផ្ទុះឡើងដែលបណ្ដាលឱ្យតម្លៃប្រេងសាំងហក់ឡើងកប់ពពក ហើយវាជាពេលវេលាធ្វើឱ្យក្រុមហ៊ុន TOYOTA ត្រូវប៉ាន់ខ្លាំងបំផុត ព្រោះថាប្រជាជនសហរដ្ឋអាមេរិកជាច្រើនបានងាកមកប្រើប្រាស់ឡានម៉ាក TOYOTA វិញម្ដងព្រោះថាវាមានតម្លៃធូរថ្លៃ និងស៊ីសាំងតិច។ ហើយនៅក្នុងឆ្នាំ ១៩៨៩​ គឺជាពេលវេលាដែល TOYOTA ផលិតឡានប្រភេទ Lexus ឱ្យមានកំណើតឡើងនៅលើផែនដី។ និងចាប់ពីឆ្នាំ ២០១២មក ក្រុមហ៊ុន TOYOTA អាចផលិតយានយន្តក្នុងមួយឆ្នាំ មិនក្រោមពី ១០លានគ្រឿងឡើយដើម្បីផ្គត់ផ្គង់តម្រូវការជុំវិញពិភពលោក។ រាប់ត្រឹមឆ្នាំ ២០១៧ ក្រុមហ៊ុន TOYOTA គឺមាន ៥១ រោងចក្រ នៅក្នុង២៨ប្រទេសទាំងអាស៊ី និងអ៊ឺរ៉ុប និងបាននាំចេញទៅទូទាំងសកលលោក។ ហើយ TOYOTA ក៏ជាប់ឈ្មោះជាក្រុមហ៊ុនដែលមានចំណូលច្រើនបំផុតលំដាប់ថ្នាក់លេខ ៦ នៅលើពិភពលោកផងដែរ។

ពាក្យស្លោករបស់ TOYOTA

“កម្លាំងរបស់យើងគឺផ្ដោតសំខាន់លើផ្នែកផលិត និងគំនិតអភិវឌ្ឍន៍”

“តស៊ូរហូតដល់ការបរាជ័យធុញទ្រាន់នឹងយើង នោះយើងនឹងជោគជ័យ”

 

“គំនិតដោះស្រាយបញ្ហា វានឹងធម្មតាបើអ្នកគ្មានសកម្មភាព ប៉ុន្តែវាអាចនឹងអស្ចារ្យនៅពេលដែលអ្នកមិនបោះបង់ការព្យាយាម”

អានឯកសារជាច្រើនបន្ថែមនៅក្នុង WHY READ APP

No comments:

Post a Comment

បញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅនៅក្នុង App Why Read

  ប្រូម៉ូហ្សិនបញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅ នៅក្នុង App  Why Read  អានក៏បាន ស្ដាប់ក៏បានតាមតម្រូវការលោកអ្នក! នៅក្នុងនោះមានសៀវភៅសម្បូរបែប ...