Friday, February 3, 2023

ឈានជើងចូលទីក្រុង ជាមួយលុយពីរម៉ឺនរៀល (ដកស្រង់ពីសៀវភៅ បេសកកម្មជីវិត)

បន្ទាប់ពីឱ្យលុយថ្លៃឡានរួចហើយ និយាយដោយស្មោះត្រង់ទៅគឺពេលនោះខ្ញុំនៅសល់លុយតែ ២ ម៉ឺនរៀលគត់នៅក្នុងហោប៉ៅ ដោយចាប់ផ្ដើមមានវត្តមាននៅទីក្រុងភ្នំពេញនេះ។ ដោយសារតែមិនមានលុយច្រើន ហើយណាមួយមិនស្គាល់ភ្នំពេញទៀតនោះ ខ្ញុំក៏បានខ្ចីទូរស័ព្ទម្ចាស់ឡានឈ្នួល   ខលទៅពូរបស់ខ្ញុំម្នាក់​ដើម្បីសុំឱ្យគាត់មកទទួលខ្ញុំ។

ឈរចាំបណ្ដើរ ខ្ញុំក្រឡេកមើលឆ្វេងមើលស្ដាំបណ្ដើរ ហើយខ្ញុំក៏បានគិតថា “ឡាន និងម៉ូតូនៅទីក្រុងភ្នំពេញរត់ទៅមកដូចជាហ្វូងគោ ដែលខ្ញុំធ្លាប់ឃ្វាលនៅវាលស្រែស្រុកខ្ញុំអ៊ីចឹង រីឯផ្ទះវិញ គេធ្វើជាប់ៗគ្នាមិនដូចនៅស្រុកស្រែខ្ញុំឡើយ។ ប៉ុន្តែជីវិតនៅទីក្រុងគឺស៊ីវិល័យដល់ហើយ។ តើខ្ញុំត្រូវធ្វើយ៉ាងណាទើបមានផ្ទះរស់នៅទីនេះ និងមានឡានបើកនឹងគេទៅហ្ន៎? ហើយខ្ញុំក៏បានតាំងចិត្តថា ខ្ញុំនឹងមានរបស់ទាំងនោះឱ្យបាននៅថ្ងៃណាមួយជាក់ជាពុំខាន​”។ មួយសន្ទុះក្រោយមក ពូរបស់ខ្ញុំក៏បានមកដល់ រួចបានជូនខ្ញុំទៅដល់ផ្ទះយាយតាដែលខ្ញុំនឹងរស់នៅជាមួយនោះ។​

ទីកន្លែងដែលខ្ញុំស្នាក់នៅដំបូងនោះ គឺនៅជិតសាលាវិទ្យាល័យបាក់ទូក នៅតាមបណ្ដោយអាគារពេទ្យពិភពក្រុង និងនៅជាន់ទី ៤។ មកដល់ភ្នំពេញដំបូង ទូរស័ព្ទចាស់មួយក៏គ្មាន កង់កញ្ចាស់មួយសម្រាប់ជិះក៏គ្មាន សម្ភារៈប្រើប្រាស់ផ្សេងៗក៏គ្មាន គឺមានត្រឹមតែសម្លៀកបំពាក់ពីរបីសម្រាប់ប៉ុណ្ណោះ។ រឿងដំបូងគេបង្អស់ដែលខ្ញុំគិតដល់មុនគេពេលនោះគឺត្រូវរកការងារធ្វើភ្លាម បើមិនដូច្នោះទេ ខ្ញុំច្បាស់ជាមិនអាចរស់នៅភ្នំពេញបាននោះទេ។

ខ្ញុំបានទៅសួរពូរបស់ខ្ញុំម្នាក់ដែលធ្វើការនៅសណ្ឋាគារមួយនៅជិតកន្លែងដែលខ្ញុំស្នាក់នៅនោះ ថាតើមានការងារសម្រាប់ខ្ញុំធ្វើដែរឬទេ?  

ពេលនោះគាត់បានប្រាប់ខ្ញុំវិញថា “មាន! ស្អែកឡើងចាំទៅធ្វើទៅ។ ពេលទៅដល់នឹងមានគេណែនាំអំពីការងារប្រាប់ហើយ”។

ឮបែបនេះភ្លាម ខ្ញុំមានអារម្មណ៍ត្រេកអរជាខ្លាំង ទាំងមិនទាន់បានដឹងថាការងារអ្វី ហើយធ្វើអ្វីខ្លះ ចូលម៉ោងណា ចេញម៉ោងណាគឺថាមិនដឹងទាំងអស់។ ខ្ញុំមិនបានគិតអ្វីច្រើននោះទេ សំខាន់ឱ្យតែមានការងារធ្វើ និងអាចរកលុយបានដើម្បីចូលរៀនបន្តនឹងគេទៅបានហើយ។

 

៦.១. មួយថ្ងៃនៃការងារដំបូង

            ពេលព្រឹកថ្ងៃថ្មីមកដល់ ខ្ញុំរូតរះងើបពីព្រលឹមដើម្បីទៅជួបនឹងមេការឱ្យគេណែនាំអំពីតួនាទី និងកាតព្វកិច្ចដែលខ្ញុំត្រូវធ្វើ។​ ពេលទៅដល់គឺគាត់បានឱ្យខ្ញុំផ្លាស់ប្ដូរសម្លៀកបំពាក់ជាបុគ្គលិក ហើយបានរ៉ាយរ៉ាប់ពីតួនាទី និងម៉ោងធ្វើការប្រាប់ខ្ញុំថា “ពិសិត! តួនាទីរបស់ប្អូនគឺជាអ្នកលាងចាន និងជូតការ៉ូ។ ហើយប្អូនត្រូវធ្វើការចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ល្ងាច ឈប់សម្រាកពេលបាយថ្ងៃត្រង់មួយម៉ោង។ ហើយប្អូនទទួលបានប្រាក់ខែ ៦០ ដុល្លារក្នុងមួយខែ”។​ ខ្ញុំក៏មិនបាននិយាយអ្វីតបគាត់វិញដែរ គឺខ្ញុំចាប់ផ្ដើមចូលទៅធ្វើការភ្លាម។ ខ្ញុំចាប់ផ្ដើមជញ្ជូនចានយកទៅលាង និងជារៀងរាល់ ២ម៉ោងម្ដង ខ្ញុំត្រូវងើបទៅជូតការ៉ូនៅជុំវិញខាងក្នុងបរិវេណហាងទាំងអស់។ ធ្វើបែបនេះរហូតដល់ម៉ោង ៥ ជិតដល់ម៉ោងដែលត្រូវទៅផ្ទះ ខ្ញុំបានគិតនៅក្នុងចិត្តថា “ការងារនេះវាមិនពិបាកសម្រាប់ខ្ញុំនោះទេ ប៉ុន្តែបើខ្ញុំនៅតែបន្តធ្វើបែបនេះទៀត​ ខ្ញុំនឹងមិនមានពេលឯណា ដើម្បីទៅរៀនបន្តនោះទេ ដូច្នេះជីវិតរបស់ខ្ញុំនឹងស្ថិតក្នុងស្ថានភាពលំបាកបែបហ្នឹងរហូតហើយ។ ពេលនេះខ្ញុំនៅក្មេងកម្លាំងនៅពេញ ខ្ញុំនៅអាចធ្វើការបែបនេះបាន។ ចុះពេលខ្ញុំចាស់ទៅគឺច្បាស់ជាមិនអាចទ្រាំធ្វើការបែបនេះបាននោះទេ”។

គិតរួចរាល់ហើយ ដល់ម៉ោង៦ ជាម៉ោងដែលត្រូវ​សម្រាក និងចេញពីធ្វើការ ខ្ញុំក៏បានទៅជួបនឹងបងមេការ។ រួចខ្ញុំបានសំពះអរគុណគាត់ ដែលបានអនុញ្ញាតឱ្យខ្ញុំចូលធ្វើការ ហើយខ្ញុំក៏សូមអភ័យទោសគាត់ ដែលខ្ញុំមិនអាចនៅធ្វើបន្តជាមួយគាត់ទៀត ពីព្រោះតែខ្ញុំមិនមានពេលដើម្បីបានសិក្សាបន្ត។​ ខ្ញុំបានពន្យល់រៀបរាប់ពីគោលបំណងរបស់ខ្ញុំទៅកាន់គាត់ ហើយគាត់ក៏ងក់ក្បាលយល់ស្រប។ ហើយខ្ញុំក៏បានទៅសូមទោសពូរបស់ខ្ញុំផងដែរ ពីព្រោះខ្ញុំមិនបាននៅធ្វើការងារដែលគាត់ខំជួយទំនាក់ទំនងឱ្យ។ ការងារដំបូងដែលខ្ញុំបានធ្វើ គឺបានតែមួយថ្ងៃនេះឯង។ ពេលនោះខ្ញុំក៏បានសន្យានឹងខ្លួនឯងថា “ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមិនពឹងពាក់នរណាម្នាក់ឱ្យជួយរកការងារឱ្យខ្ញុំធ្វើទៀតនោះទេ ពីព្រោះមិនចង់ឱ្យគេពិបាកដោយសារខ្លួនទៀតឡើយ។ ដូច្នេះខ្ញុំត្រូវតែមានសមត្ថភាពខ្លាំងដោយខ្លួនឯង និងខំជួយខ្លួនឯងគ្រប់បែបយ៉ាងចាប់ពីពេលនេះតទៅ”។ មេរៀនដែលខ្ញុំបានរៀនពីការងារគឺបានធ្វើឱ្យខ្ញុំមានភាពរឹងមាំជាងមុន ហើយកាន់តែធ្វើឱ្យខ្ញុំយល់កាន់តែស៊ីជម្រៅពីការងារដែលមិនបានប្រើចំណេះ ប្រើតែកម្លាំង ថាវាពិបាកប៉ុនណាទម្រាំបានលុយបន្តិចបន្តួច។ ពេលនោះហើយគឺកាន់តែធ្វើឱ្យបេះដូងរបស់ខ្ញុំ ពុះកញ្រ្ជោលក្នុងការស្វែងរកនូវចំណេះវិជ្ជា យកមកដាក់នៅក្នុងខ្លួន​កាន់តែខ្លាំងដើម្បីរលាស់ខ្លួនពីការខិតខំធ្វើការដែលប្រើតែកម្លាំងបាយ ជំនួសដោយការប្រើប្រាជ្ញាធ្វើវិញ។

 

៦.២. ផ្ដើមជីវិតជាក្មេងរែកបន្តោងសោលក់

            មិនបង្អង់យូរឡើយ ស្អែកព្រឹកឡើងខ្ញុំក៏បានទៅជួបជាមួយពូរបស់ខ្ញុំម្នាក់ទៀត ដែលមុខរបររបស់គាត់គឺជាអ្នកដើររែកបន្តោងសោលក់។ ពេលនោះគាត់ក៏បានណែនាំខ្ញុំថា “ពិសិតក្មួយ! បើឯងចង់រៀនផងរកលុយផងដូច្នឹង ឯងគួរដើររែកបន្តោងសោលក់ដូចពូទៅ ពីព្រោះបើឯងរៀនពេលព្រឹកឯងអាចដើរលក់ពេលថ្ងៃ រីឯបើឯងរៀនពេលថ្ងៃ ឯងអាចដើរលក់ពេលព្រឹកបាន”។

ឮបែបនេះ ខ្ញុំក៏ចាប់អារម្មណ៍ភ្លែតពីព្រោះគំនិតរបស់គាត់គឺដូចជាអ្វីដែលខ្ញុំចង់ដែរ ប៉ុន្តែខ្ញុំមានបញ្ហាមួយដែលពិបាកក្នុងការធ្វើបែបនោះបាន។ មិនមែនដោយសារការដើរលក់នោះពិបាកសម្រាប់ខ្ញុំនោះទេគឺដោយសារថា តើខ្ញុំអាចនឹងមានដើមទុនមកពីណា ដើម្បីយកទៅទិញសម្ភារៈទាំងនោះមកពីផ្សារយកទៅដើរលក់បាន។ ដោយសេចក្ដីស្មោះត្រង់ ខ្ញុំក៏បាននិយាយរឿងនោះប្រាប់គាត់ថា “ពូអើយ! ខ្ញុំមកដល់ភ្នំពេញនេះគឺមានលុយតែ ២ ម៉ឺនរៀលប៉ុណ្ណោះ ហើយពេលនេះខ្ញុំចាយអស់ខ្លះបាត់ទៅហើយ។ តើខ្ញុំមានលុយឯណាទៅទិញសម្ភារៈទាំងនោះយកមកដើរលក់ទៅ?”

ពេលនោះ គឺពិតជាសេចក្ដីមេត្តាដ៏លើសលប់សម្រាប់គាត់ចំពោះខ្ញុំមែនទែនគឺគាត់បានឱ្យលុយខ្ញុំខ្ចី ៣០ដុល្លារ ដើម្បីធ្វើជាដើមទុនដំបូង។ ហើយគាត់បានប្រាប់ខ្ញុំថា “គាត់គ្មានអ្វីជួយច្រើននោះទេ គាត់មានតែប៉ុណ្ណឹង។ ហើយសម្រាប់លុយនេះ ពេលណាខ្ញុំមានចាំសងគាត់វិញក៏បានដែរ”។

តាមពិតទៅ គ្រាន់តែប៉ុណ្ណឹងគឺខ្ញុំអរគុណគាត់ខ្លាំងណាស់ទៅហើយ។ មិនត្រឹមតែភាពមេត្តាក្នុងការឱ្យលុយខ្ញុំខ្ចីប៉ុណ្ណោះនោះទេ គាត់ថែមទាំងនាំខ្ញុំទៅជួបនឹងម៉ូយលក់សម្ភារៈទាំងនោះរបស់គាត់នៅផ្សារអូ​ឫស្សី ហើយបានណែនាំឱ្យខ្ញុំស្គាល់ផងដែរ គឺស្រណុកពេលក្រោយៗអាចទៅទិញដោយខ្លួនឯង។ វាមិនងាយស្រួលនោះទេសម្រាប់ថ្ងៃដំបូង ដែលខ្ញុំចាប់ផ្ដើមចេញដើរលក់ ពីព្រោះតែខ្ញុំមិនស្គាល់ទីក្រុងភ្នំពេញផងនោះ។

មុននឹងរៀបរាប់អំពីរឿងរ៉ាវនៅពេលនោះ ខ្ញុំសូមសួរអ្នកមួយសំណួរសិន “តើអ្នកធ្លាប់បានឃើញគេដើររែកបន្តោងសោលក់ដែរឬទេ? ភិនភាគរបស់ខ្ញុំនៅពេលនោះគឺដូចជាការរែកទឹកដូច្នឹងដែរ  គ្រាន់តែប្ដូរពីការរែកទឹកទៅជាការរែកសម្ភារៈរយីងរយោង ដើរពីផ្លូវមួយទៅផ្លូវមួយ ដើរពីតំបន់មួយទៅតំបន់មួយដោយជើងទទេ ។

តាមដែលខ្ញុំនៅចាំ ថ្ងៃដំបូងនោះគឺខ្ញុំដើរលក់នៅជុំវិញតំបន់ផ្សារអូឡាំពិក។ ថ្ងៃនោះខ្ញុំលក់បានកន្រ្តៃកាត់ក្រចកមួយដែលមានតម្លៃ ២០០០ រៀល។ ពេញមួយថ្ងៃគឺខ្ញុំលក់បានតែប៉ុណ្ណឹងឯង ហើយពេលនោះខ្ញុំបានចាយលុយដែលខ្ញុំមានជាប់នឹងខ្លួនទិញបាយបរិភោគ និងទឹកផឹកអស់ទៅ។ ខ្ញុំដើររហូតដល់ពេលល្ងាច មេឃក៏ងងឹត ខ្ញុំក៏ចាប់ផ្ដើមរកផ្លូវត្រឡប់ទៅផ្ទះវិញ។ ខ្ញុំដើររកផ្លូវទៅផ្ទះរហូតដល់ម៉ោង ៧យប់ ប៉ុន្តែទោះរកយ៉ាងណាក៏ខ្ញុំមិនអាចរកឃើញដែរ។ ខ្ញុំក៏ចាប់ផ្ដើមដឹងថា ខ្ញុំបានវង្វេងហើយ ដូច្នេះខ្ញុំក៏សម្រេចចិត្តហៅម៉ូតូឌុបជិះ ដោយលុយនៅក្នុងខ្លួនគឺមានតែ ២០០០ រៀលនោះប៉ុណ្ណោះ។

ពេលដែលជិះទៅដល់ផ្ទះ ខ្ញុំក៏បានសួរទៅកាន់បងប្រុសម៉ូតូឌុបនោះថា “អស់ប៉ុន្មានដែរបង?”

គាត់ក៏បានតបវិញថា “អស់ ៣០០០ រៀលប្អូន”។

ពេលនោះខ្ញុំក៏សូមទោសគាត់ ហើយនិយាយបន្តថា “បងប្រុសខ្ញុំមានលុយនៅក្នុងខ្លួនតែ​ ២០០០ រៀលទេ។ ខ្ញុំសុំជំពាក់បង ១០០០ រៀលសិនបានទេ?”

គាត់ក៏បាននិយាយថា “មិនអីទេប្អូន! ឱ្យបងតែ ២០០០ រៀលហ្នឹងក៏បានដែរ។ យើងក្រដូចគ្នា ចាត់ទុកថាបងជួយប្អូនទៅ”។ និយាយចប់ គាត់ក៏បានជិះម៉ូតូចេញទៅ។ ស្អែកឡើងចេញលក់ថ្ងៃទី២ ខ្ញុំមិនបានវង្វេងផ្លូវដូចមុននោះទេ ហើយថ្ងៃនោះខ្ញុំលក់បានប្រមាណ ១៥០០០ រៀល។ ខ្ញុំបន្តធ្វើបែបនោះប្រមាណជាមួយខែ ទិញលក់ៗ ខ្ញុំក៏បានសន្សំលុយសងពូរបស់ខ្ញុំចំនួន ៣០ ដុល្លារវិញ។

ប្រភពពីសៀវភៅ៖ បេសកកម្មជីវិត

និពន្ធដោយលោក ង៉ែត ពិសិត

អានសៀវភៅពេញនៅក្នុង WHY READ APP

No comments:

Post a Comment

បញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅនៅក្នុង App Why Read

  ប្រូម៉ូហ្សិនបញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅ នៅក្នុង App  Why Read  អានក៏បាន ស្ដាប់ក៏បានតាមតម្រូវការលោកអ្នក! នៅក្នុងនោះមានសៀវភៅសម្បូរបែប ...