Friday, February 10, 2023

សៀវភៅមួយក្បាលនេះត្រូវបានតែងនិពន្ធយ៉ាងល្អបំផុតចំពោះវិស័យដីធ្លី (ចង់ពង្រីកចំណូលបន្ថែម អានសៀវភៅនេះ)


សៀវភៅមួយក្បាលនេះ គឺចម្រាញ់ទៅដោយគំនិតល្អៗជាច្រើនទាក់ទងទៅនឹងវិស័យដីធ្លី ជាវិស័យដ៏កំពូលមួយដែលតែងនៅពីក្រោយខ្នងភាពជោគជ័យរបស់អ្នកមានៗទាំងឡាយនៅលើពិភពលោក។ បើទោះជាដឹងថា អ្នកមានភាគច្រើនទាំងនៅស្រុកខ្មែរយើង និងលើពិភពលោក គឺបានកសាងលុយរាប់លានដុល្លារជាមួយវិស័យដីធ្លីនេះក៏ដោយ ប៉ុន្តែអ្នកក្រនិងអ្នកមធ្យមភាគច្រើន ​មិនអាចប្រឡូកចូលក្នុងវិស័យនេះឡើយ តើដោយសារអ្វីទៅ?

មនុស្សភាគច្រើនច្បាស់ជាឆ្លើយថា គឺដោយសារតែមិនមានលុយ ទើបមិនអាចលោតចូលវិស័យនេះបាន។ ចម្លើយពិតប្រាកដគឺមិននោះទេ! តើមកពីមូលហេតុអ្វី?

ចម្លើយដែលត្រឹមត្រូវនោះ គឺដោយសារតែពួកគេមិនមានចំណេះដឹងផ្នែកដីធ្លីនេះតែម្ដង។ បើឱ្យលុយមួយចំនួនទៅពួកគេ ភាគរយដែលពួកគេធ្វើឱ្យខាតបង់លុយនោះគឺមានច្រើនបំផុត ប៉ុន្តែបើសិនជាពួកគេមានគំនិត និងចំណេះដឹងទាំងឡាយដែលមាននៅក្នុងសៀវភៅមួយក្បាលនេះ ទោះជាគ្មានលុយ ក៏ពួកគេអាចចាប់ផ្ដើមកសាងក្ដីស្រមៃអាណាចក្រសេដ្ឋីអចលនទ្រព្យបានដែរ។ សៀវភៅនេះ វាមិនត្រឹមតែជាសៀវភៅនោះទេ ប៉ុន្តែវាប្រៀបដូចជាទីប្រឹក្សាដ៏ជំនាញមួយរូប រង់ចាំជួយចង្អុលបង្ហាញប្រាប់អ្នកឱ្យដើរទៅតាមផែនទីដែលបានគ្រោង និងរង់ចាំជួយដោះស្រាយនូវរាល់បញ្ហាទាំងឡាយ ដែលអាចនឹងកើតឡើងនៅក្នុងវិថីដ៏វែងឆ្ងាយមួយនេះ។

បើទោះជាអ្នកធ្វើកិច្ចការអ្វីក៏ដោយនៅពេលនេះ ប៉ុន្តែជំនាញមួយទៀតដែលអ្នកមិនគួរមើលរំលងគឺជំនាញដីធ្លី ព្រោះថានេះជាជំនាញដ៏ល្អបំផុតដែលអាចជួយអ្នកឱ្យក្លាយទៅជាសេដ្ឋីបាន បើអ្នកកាន់តែពូកែលើវា។ លោក Andrew Carnegie មហាសេដ្ឋីដែកថែបដែលមានបំផុតនៅលើពិភពលោកកាលពីជំនាន់មុននេះ គឺគាត់បានបន្សល់ទុកនូវសារមួយថា “អ្នកមាន ៩០% នៅលើពិភពលោក គឺកសាងភាពស្ដុកស្ដម្ភរបស់ខ្លួនដោយសារអចលនទ្រព្យ(ដីធ្លី) នៅពីខាងក្រោយខ្នងរបស់ពួកគេ”។ ហើយទោះពួកគេធ្វើអ្វី ប្រកបរបរអ្វី ប៉ុន្តែរឿងដែលពួកគេតែងធ្វើដូចគ្នាគឺវិនិយោគលុយរបស់ខ្លួននៅក្នុងវិស័យដីធ្លីនេះតែម្ដង។

យើងដឹងស្រាប់ហើយថា មនុស្សនៅលើពិភពលោកគឺតែងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រីឯដីគឺមិនមានរីកមាឌឡើយ ដូចនេះដីធ្លីគឺជារបស់មួយដែលតែងកើនតម្លៃរបស់ខ្លួនជារៀងរាល់ថ្ងៃ។ បែបនេះហើយ        វិស័យមួយនេះ អ្នកមិនគួរមើលរំលងឡើយ ហើយពេលនេះគឺជាឱកាសមាសដ៏ល្អបំផុតរបស់អ្នក ព្រោះថាអ្នកកំពុងតែកាន់សៀវភៅដ៏ល្អមួយក្បាល ដែលវាគឺជាកំណប់ដំបូងបង្អស់ដែលអ្នកបានជួប។ ដូច្នេះចូរក្រេបជញ្ជក់ចំណេះដឹង និងព័ត៌មានទាំងឡាយដែលមាននៅក្នុងសៀវភៅនេះឱ្យបានហ្មត់ចត់បំផុត។ សូមសំណាងល្អជាមួយដំណើរទៅរកភាពជាសហគ្រិនអចលនទ្រព្យរបស់អ្នក។


មាតិកា

អារម្ភកថា

សេចក្ដីផ្ដើម

. ដាក់គោលដៅបង្កើនទ្រព្យ

     តម្លៃដីជាមធ្យមក្នុង១ហិកតានៅតាមបណ្ដាខេត្ត 

. កំពូលយុទ្ធសាស្រ្តទិញដីដោយមិនមានលុយ

     ដើមទុន៩ប្រភព

     ៤ចំណុចកសាង Credit ល្អ

     កំពូលក្បាច់គុន២យ៉ាងប្រមូលទុនទិញដីឱ្យបាន

     ៤យុទ្ធសាស្រ្តទិញដីរបស់ Donald Trump

     មូលហេតុនៃការបរាជ័យលើវិស័យដីធ្លី

. ក្បួនមើលដី ទិញហើយអាចចំណេញខ្ពស់

     ពិនិត្យទីតាំង

     ពិនិត្យរឿងតម្លៃ

     ពិនិត្យគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល

     ពិនិត្យគម្រោងអភិវឌ្ឍន៍របស់ឈ្មួញ​ និងម្ចាស់ស្រុក

     គម្រោងអភិវឌ្ឍន៍របស់ខ្លួនផ្ទាល់

     ដីស្របច្បាប់

     ទិញពីម្ចាស់ផ្ទាល់

. ក្បួនអភិវឌ្ឍន៍ដីធ្វើឱ្យចំណេញទ្វេដង

     យុទ្ធសាស្រ្តផាត់ក្រែមថែមម្សៅដើម្បីលក់ឆាប់

     វិនិយោគទៅលើប្រភេទដំណាំទូទៅ និងដំណាំហូបផ្លែ

     វិនិយោគទៅលើប្រភេទកសិដ្ឋានចិញ្ចឹមសត្វ

     អភិវឌ្ឍន៍ជាប្រភេទផ្សារសហគមន៍

     អភិវឌ្ឍន៍ជាចម្ការលម្ហែ

     អភិវឌ្ឍន៍ជា Resort ឬកន្លែងកម្សាន្តកែច្នៃ

     អភិវឌ្ឍន៍ជាដីឡូត៍ ឬផ្ទះល្វែង

. ទិញដីបង្កើតផ្លូវ

. ក្បួនប្រើលុយអ្នកដទៃ ទិញ+អភិវឌ្ឍន៍

. វិធីស្វែងរកដើមទុន

. កំពូលយុទ្ធសាស្រ្តទិញដីដោយមានលុយត្រឹម200$

     ដំណើរដើមទងនៃការទិញ និងការអភិវឌ្ឍដី

៩. គម្រោងអភិវឌ្ឍន៍កោះទេសចរណ៍

១០. ក្បួនទិញដី ប្រើលុយធនាគារ ២០/៨០

១១. ប្រើជំនួញ(អាជីវកម្ម)​ ទិញដី

១២. លេស ៣យ៉ាងរារាំងអ្នកមិនឱ្យប្រឡូកចូលវិស័យដីធ្លី

១៣. គន្លឹះជោគជ័យនៅលើវិស័យដីធ្លី

១៤. បច្ចេកវិទ្យាផ្សាភ្ជាប់ជាមួយនឹងវិស័យដីធ្លី

យោបល់គួរពិចារណា

សេចក្ដីថ្លែងអំណរគុណ


សេចក្ដីផ្ដើម

បើនិយាយដល់វិស័យដីធ្លី ប្រទេសកម្ពុជាយើងគឺនៅមានឱកាសច្រើនបំផុតដែលអ្នកមិនគួរមើលរំលង ហើយគួរតែចាប់ផ្ដើមសម្លឹងមើលវាក្នុងពេលនេះតែម្ដងទើបប្រសើរ។ ប្រទេសយើងមានធនធានធម្មជាតិជាច្រើន និងមានប្រភពទឹកសាបដ៏ច្រើនមហាសាលពីទន្លេមេគង្គ ដែលអាចយកមកកែច្នៃជាតំបន់កសិកម្មដ៏ធំសម្បើម សម្រាប់ផ្គត់ផ្គង់ប្រជាជនទាំងក្នុងស្រុក និងតំបន់អាស៊ានទាំងមូល។

        ហើយបើតាមការព្យាករណ៍ក្នុងឆ្នាំ ២០៣០ កំណើនប្រជាជនក្នុងស្រុក គឺមិនក្រោមពី ២០លាននាក់នោះទេ ដែលជាកត្តាធ្វើឱ្យតម្រូវការខាងផ្នែកម្ហូបអាហារកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយតម្រូវការដីធ្លីធ្វើផ្ទះសម្បែង និងបង្កបង្កើនផលគឺកាន់តែកើនឡើងទ្វេដង។

បើទោះជាពិភពលោកទទួលរងនូវការគំរាមកំហែងពីជំងឺ កូវីដ១៩ ក្នុងឆ្នាំ ២០២០ និង ២០២១ នេះក្ដី ក៏វាមិនបានធ្វើឱ្យវិស័យដីធ្លីធ្លាក់ថមថយឡើយ វាគ្រាន់តែធ្វើឱ្យតម្លៃដីធ្លីនៅទ្រឹងមួយរយៈ ប៉ុន្តែខ្ញុំច្បាស់ថា បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចពិភពលោកមួយនេះបានបញ្ចប់ ដីធ្លីនៅក្នុងប្រទេសយើងនឹងហក់ឡើងតម្លៃយ៉ាងគួរឱ្យភ្ញាក់ផ្អើលបំផុត។ ចំពោះអ្នកដែលមានជីវភាពក្រីក្រ គឺមិនបានយកចិត្តទុកដាក់គិតអំពីរឿងនេះនោះទេ ដោយសារតែម្នាក់ៗកំពុងផ្ដោតទៅលើភាពគ្រប់គ្រាន់ ចំពោះអាហារហូបចុកសម្រាប់គ្រួសារនីមួយៗតែប៉ុណ្ណោះ។ នេះក៏មិនមែនជាកំហុសរបស់ពួកគាត់នោះដែរ អាចថាមកពីកត្តាខ្វះប្រភពព័ត៌មានចំពោះវិស័យនេះ។ ប្រភពព័ត៌មានមួយចំនួនគឺផ្ដោតតែទៅលើការលក់ ឬធ្វើយ៉ាងណាជោគជ័យក្នុងនាមជាភ្នាក់ងារលក់អចលនវត្ថុជាដើម ប៉ុន្តែមិនសូវមានឡើយ អំពីការបង្រៀនប្រជាជនទូទៅឱ្យចេះទិញ និងប្រើប្រាស់ដីធ្លី។ ហេតុនេះទើបជាកត្តាបណ្ដាលឱ្យប្រជាជនដែលមានជីវភាពខ្វះខាត គាត់សម្រេចចិត្តលក់ដីធ្លីជាបណ្ដើរៗ រីឯអ្នកមានទ្រព្យសម្បត្តិច្រើន ដើរប្រមូលទិញដីធ្លីធំៗមកកាន់កាប់ក្នុងដៃជាបន្តបន្ទាប់។ ហើយវាក៏ជាហានិភ័យសេដ្ឋកិច្ចមួយដែលបង្កឱ្យគម្លាតរវាងអ្នកមាន និងអ្នកក្រកាន់តែរីកធំធាត់ឡើង ពីព្រោះថាអ្នកមានប្រមាណជា ៣០%នៅក្នុងស្រុក បានកាន់កាប់ដីធ្លីស្ទើរតែ៧០%របស់ប្រទេស រីឯអ្នកក្រនិងមធ្យម ៧០% កាន់កាប់ដីធ្លីត្រឹម ៣០%ប៉ុណ្ណោះ។ 

នេះមិនមែនជាកំហុសរបស់នរណាម្នាក់នោះទេ គឺព្រោះតែការកង្វះនូវប្រភពចំណេះដឹងអំពីការប្រើប្រាស់ដីធ្លីរបស់ប្រជាពលរដ្ឋទូទៅ ហើយអ្នកដែលមានចំណេះដឹងអំពីវិស័យនេះច្រើន ទើបស្រវាចាប់យកឱកាសទិញយកដីម្ដងបន្តិចៗ រហូតពួកគេកាន់កាប់ទ្រព្យសម្បត្តិជាច្រើននៅក្នុងដៃ ពីព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃ ដី កាន់តែឡើងថ្លៃ ដូចនេះអ្នកក្រដែលពួកគាត់លក់ដីអស់ បើទោះជាចង់ទិញយកមកវិញ ក៏ពិបាកនឹងទៅរកលុយឯណាមកទិញបានណាស់។ ដូច្នេះហើយខ្ញុំខំប្រឹងតែងនិពន្ធសៀវភៅនេះឡើងដើម្បីទុកជាទុនចំណេះដឹងដ៏សំខាន់សម្រាប់ប្រជាជនទូទៅ និងសម្រាប់អ្នកដែលមានជីវភាពក្រីក្រ ឬមធ្យម អាចផុសគំនិតឡើងក្នុងការស្រវាចាប់យកឱកាសសន្សំទិញដីជារបស់ខ្លួនឱ្យបានខ្លះ ដើម្បីសម្រួលដល់សេដ្ឋកិច្ចជាតិកុំឱ្យគម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែកើនឡើងខ្លាំងពេក។​

អ្នកដឹងទេ ក្នុងវិស័យដីធ្លីនេះ បើអ្នកកាន់តែពូកែ ពេលនោះឱកាសស្រូបយកភាពមានបានរបស់អ្នកគឺកាន់តែខិតមកជិត។ ហើយអ្វីដែលពិសេសនោះ​ ចំពោះវិស័យដីធ្លីនៅក្នុងប្រទេសយើងបើប្រៀបទៅនឹងប្រទេសជិតខាង គឺយើងនៅមានកម្រិតនៃការកើនឡើងច្រើនណាស់ ដូចនេះហើយ មិនថាតែវិនិយោគិននៅក្នុងស្រុកនោះទេ សូម្បីតែអ្នកវិនិយោគនៅក្រៅស្រុកជាច្រើន ក៏សម្លឹងឃើញប្រទេសយើងជាអត្ថិភាព ដើម្បីមកធ្វើការបណ្ដាក់ទុនដែរ។

មែនទែនទៅ បើកុំតែវិបត្តិកូវីដកើតឡើងនោះទេ កុំអីក្នុងអំឡុងពេល ឆ្នាំ ២០២០ និង២០២១ នេះ យើងនឹងឃើញមានការកើនឡើងនៃតម្លៃដីធ្លីជាខ្លាំង បូករួមទាំងការអភិវឌ្ឍយ៉ាងសម្បូរបែប។ ប្រទេសជិតខាងរបស់យើង គឺមានវិនិយោគិន ជប៉ុន កូរ៉េ ចិន សហរដ្ឋអាមេរិក អូស្រ្តាលី បានចុះមកជួលដីធ្លីប្រជាពលរដ្ឋដើម្បីធ្វើរោងចក្រឧស្សាហកម្ម កសិដ្ឋាន កសិកម្មចម្រុះ និងវិនិយោគទៅលើវិស័យនានា ទៅតាមបែបផែនសេដ្ឋកិច្ចរបស់ប្រទេស។ 

ដោយឡែកប្រទេសយើងក៏មានមួយចំនួនដែរ ដូចជាវិនិយោគទៅលើ ប្រភេទរោងចក្រឧស្សាហកម្មជាដើម។ ទោះបីជាយ៉ាងណា ក៏នៅមិនទាន់មានវិនិយោគិនចំនួនច្រើន ចុះមកបណ្ដាក់ទុនលើផ្ទៃដីកសិកម្ម និងកសិដ្ឋានប៉ុន្មានឡើយ ប៉ុន្តែគួរបញ្ជាក់ដែរថាប្រវត្តិសាស្រ្តសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ បន្ទាប់ពីមានសុខសន្តិភាពពេញលេញហើយ បូករួមទាំងហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវថ្នល់) បានអភិវឌ្ឍតភ្ជាប់យ៉ាងល្អប្រសើរលើផ្ទៃប្រទេសហើយ នោះចំណុចបន្ទាប់ វិនិយោគិននឹងបកមករកកិច្ចអភិវឌ្ឍដីធ្លី ឱ្យទៅជាដីពណ៌បៃតងដែលសម្បូរទៅដោយដំណាំចម្រុះ និងកសិដ្ឋានចម្រុះ ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការនៃកំណើនប្រជាជន និងភ្ញៀវទេសចរណ៍ជាដើម។ ហើយពេលនោះដីធ្លីដែលនៅក្រៅតំបន់ទីក្រុង ឬទីប្រជុំជននឹងកាន់តែមានតម្លៃ។ ដូចនេះហើយ បន្ទាប់ពីអ្នកបានអានសៀវភៅនេះរួច អ្នកគួរតែចាប់ផ្ដើមយុទ្ធនាការ ទិញដីហិកតានៅតាមបណ្ដាខេត្ត ឬក្រៅតំបន់ទីក្រុង ហើយកត្តាសំខាន់គឺថា សៀវភៅនេះនឹងប្រាប់អ្នកគ្រប់គន្លឹះក្នុងការចាប់ផ្ដើមទិញដី បើទោះជាអ្នកមិនមែនជាអ្នកមានលុយច្រើនដើម្បីចាប់ផ្ដើមក៏ដោយ។


តម្លៃដីធ្លីដែលថ្លៃបំផុតក្នុងប្រទេសយើង និងប្រទេសជិតខា

កម្ពុជា ១ ការ៉េ = $6,000-$9,500

ថៃ ១ ការ៉េ = $10,000-$35,500

វៀតណាម ១ ការ៉េ = $10,000-$25,500

ហុងកុង ១ ការ៉េ = $100,000-$200,000


បើមើលតាមតារាងខាងលើ គឺបញ្ជាក់យ៉ាងច្បាស់ថា តម្លៃដីនៅក្នុងប្រទេសយើង គឺនៅមានការកើនឡើងជាច្រើនបើធៀបទៅនឹងបណ្ដាប្រទេសដទៃ។ ដូចនេះបើអ្នកចេះមើលដី និងទិញចំកន្លែងដែលល្អ នោះឱកាសចំណេញច្បាស់ជាកប់ពពកហើយ។ ដោយសារតម្លៃនៅកម្រិតត្រឹមប៉ុណ្ណេះសម្រាប់ទីក្រុង ដូចនេះចំពោះដីនៅតាមខេត្ត ឬជាយក្រុង គឺតម្លៃនៅធូរថ្លៃនៅឡើយទេ។

        ហេតុនេះហើយ សូមកុំបង្អង់យូរ អ្នកគួរចាប់ផ្ដើមស្វែងរកបណ្ដាញទំនាក់ទំនងឱ្យបានច្រើន ឬបើអាច គួរចុះដើរមើលឱ្យបានច្រើនបំផុត។ ខ្ញុំក៏សូមបញ្ជាក់ដែរថា អ្នកមាននៅលើពិភពលោកទាំងអស់ បើទោះជាធ្វើជំនួញអ្វីផ្សេង ប៉ុន្តែវិស័យសំខាន់បំផុតដែលនៅពីក្រោយខ្នងរបស់ពួកគេ គឺវិស័យដីធ្លីនេះឯង។ ពួកគេមានចំណេះដឹងជាច្រើនអំពីវិស័យនេះ ហើយពេលនេះជាវេនរបស់អ្នកហើយ ព្រោះអ្នកបានជ្រើសរើសសៀវភៅនេះយកមកអាន។

        ខ្ញុំសង្ឃឹមថា មួយក្បាលនេះនឹងស្រាយរាល់ចម្ងល់របស់អ្នក ថាតើអ្នកមាន ហេតុអ្វីមានដីច្រើន?​ តើគេចាប់ផ្ដើមដោយរបៀបណា?

ហើយសំណួរដែលសំខាន់...  

តើអ្នកអាចចាប់ផ្ដើមបានដែរឬទេ? បើអាច តើអាចដោយវិធីណា?

Okay តោះ! ចាប់ផ្ដើមបេសកកម្មទាំងអស់គ្នា...!

ផ្នែកទី១

ដាក់គោលដៅបង្កើនទ្រព្យ

ចំពោះចំណុចនេះ ខ្ញុំចង់ឱ្យអ្នកចេះបង្កើនទ្រព្យ ប៉ុន្តែខ្ញុំមិនលើកទឹកចិត្តឱ្យបងប្អូន គ្រាន់តែចេះសន្សំលុយទុកពីចំណូលរបស់បងប្អូនតែប៉ុណ្ណឹងនោះទេ។ ខ្ញុំមានន័យដល់ទ្រព្យដែលមានតម្លៃ និងនៅតែមានតម្លៃរហូតទៅ ទោះបីជាយូរប៉ុនណា ព្រោះទ្រព្យប្រភេទនោះគឺមិនចេះចាស់នោះទេ។

តើនោះគឺជាអ្វីទៅ?

នោះគឺជាប្រភេទអចលនទ្រព្យ (ដី)!


មិនថាអ្នកប្រកបរបរអ្វី ឬរកចំណូលបានប៉ុន្មាននោះទេ សំខាន់មួយឆ្នាំៗ តើអ្នកទិញអចលនទ្រព្យបានប៉ុន្មាន?

អ្នកដឹងស្រាប់ហើយថា មនុស្សកើន តែដីមិនកើននោះទេ! ដូច្នេះបើយើងជាអ្នកធ្វើការ ឬអ្នកជំនួញដ៏ឆ្លាតវៃ យើងត្រូវចេះដាក់គោលដៅទិញដី ទោះជាតូចក្ដីឬធំក្ដី វាមិនសំខាន់នោះទេ ឱ្យតែតម្លៃសមរម្យ និងភូមិសាស្រ្តអំណោយផល ចូរស្រវាចាប់យកវាចុះ នោះអ្នកមិនចាំបាច់ទៅអង្គុយស្ដាយនៅប៉ុន្មានឆ្នាំបន្ទាប់ នៅពេលដែលដីកាន់តែឡើងថ្លៃនោះទេ។

ខ្សែជីវិតរបស់មនុស្សយើង នៅពេលដែលចំណុចចាប់ផ្ដើមគឺតែងមានឧបសគ្គជាច្រើនដែលត្រូវប្រឈម ដូច្នេះអ្នកត្រូវស៊ូទ្រាំបន្តិច កុំឆាប់បាក់ទឹកចិត្តឱ្យសោះ។ ខ្លួនខ្ញុំផ្ទាល់ នៅពេលដែលចេះដើរទិញដីដំបូង គឺជាពេលដែលខ្ញុំគ្មានលុយ ហើយមានបំណុលជាច្រើននៅជាប់នឹងខ្លួន និងមានឧបសគ្គរារាំងជាច្រើនបន្តបន្ទាប់ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ខ្ញុំមានគំនិតដែលលុយទិញមិនបាន ទើបខ្ញុំអាចបង្កើតទ្រព្យមួយចំនួន និងនៅតែបង្កើនជាបន្តបន្ទាប់ទៀត។ ពេលខ្លះបើអ្នកពូកែហើយ សូម្បីតែលុយអ្នកដទៃ ក៏អ្នកអាចយកមកបង្កើតទ្រព្យរបស់ខ្លួនបានដែរ។ ដូច្នេះរឿងដែលអ្នកត្រូវគិតជាមួយខ្ញុំនៅពេលនេះ គឺត្រូវតាំងចិត្តថា...

“ខ្ញុំនឹងទិញដីឱ្យបាន២ហិកតាយ៉ាងតិចក្នុងមួយឆ្នាំ”

អ្នកកុំទាន់បារម្ភរឿងតម្លៃ សំខាន់ពេលនេះ សរសេរវានៅលើក្រដាសមួយសន្លឹកសិនទៅ ហើយបិទវានៅលើក្បាលដំណេករបស់អ្នកឱ្យរួចរាល់ រួចសឹមអានបន្តទៀត!

 

តម្លៃដីជាមធ្យមក្នុង ១ហិកតានៅតាមបណ្ដាខេត្ត

១,០០០​ដុល្លារ ២,០០០ដុល្លារ ៣,០០០ដុល្លារ ៥,០០០ដុល្លារ ១០,០០០ដុល្លារ ៥០,០០០ដុល្លារ ១០,០០០០ដុល្លារ ឬច្រើនជាងនេះក៏មាន! ហើយអ្វីដែលពិសេស​ តម្លៃតិចជាងចំនួនខាងលើក៏មានដែរ គឺវាអាស្រ័យទៅលើទីតាំងភូមិសាស្រ្ត និងកត្តាជាច្រើនទៀតដែលនឹងមានរៀបរាប់នៅក្នុងសៀវភៅនេះ។

ខ្ញុំជឿថាបន្ទាប់ពីអ្នកមើលឃើញ និងបានដឹងអំពីតម្លៃខាងលើនេះ អ្នកប្រាកដជាដឹងច្បាស់ថា អ្នកអាចមានលទ្ធភាពត្រឹមកម្រិតណា សម្រាប់ជាចំណុចចាប់ផ្ដើមរបស់ខ្លួន។ ខ្ញុំសូមបញ្ជាក់ដែរថា ការដែលទិញដីបាន គឺប្រៀបដូចជាអ្នកកំពុងបង្កើតអាជីវកម្មផ្ទាល់ខ្លួនអ៊ីចឹង ព្រោះថាដីនោះរកចំណូលឱ្យអ្នករាល់ថ្ងៃ! អ្នកប្រហែលជាឆ្ងល់ហើយថា តើដីជាអាជីវកម្មយ៉ាងម៉េច? តើរកចំណូលឱ្យរាល់ថ្ងៃយ៉ាងដូចម្ដេច? បើយើងបង្កើតអាជីវកម្មអ្វីមួយ គឺយើងត្រូវការបុគ្គលិកដើម្បីបម្រើការងារ ចុះដីមានប្រើបុគ្គលិកមកពីណា? កុំបង្អង់យូរ ខ្ញុំនឹងនាំអ្នកទៅដឹងចម្លើយនេះ!

យើងបង្កើតអាជីវកម្មមួយឡើង ក្រៅពីគំនិត គឺលុយដើមទុនជារឿងដែលសំខាន់បំផុត។ ហើយអ្នកក៏មិនប្រាកដថា អាជីវកម្មនោះអាចជោគជ័យបានដែរ! ក៏មានអាជីវកម្មខ្លះជោគជ័យ និងអាជីវកម្មខ្លះ បើកមិនទាន់បានប៉ុន្មានក៏ក្ស័យធនទៅហើយ។ តែសួរថាបើរលំ តើអ្នកអាចទទួលបានលុយដើមរបស់អ្នកមកវិញដែរឬទេ?

ចម្លើយ គឺមិនអាចនោះទេ! យ៉ាងច្រើនលក់របស់របរឡៃឡុងបានបន្តិចបន្តួចវិញប៉ុណ្ណោះ។ ប៉ុន្តែចំពោះដីធ្លីវិញ ខុសពីអាជីវកម្មទាំងឡាយខាងលើ! ពិតណាស់វាត្រូវការដើមទុនដើម្បីមកទិញ ប៉ុន្តែបន្ទាប់ពីនោះវាមិនត្រូវការជួលបុគ្គលិកឱ្យមកមើលថែឡើយ។ ហើយចំពោះតម្លៃវិញគឺតែងចំណេញពីមួយថ្ងៃទៅមួយថ្ងៃ បានន័យថា អ្នកទទួលបានចំណូលរាល់ថ្ងៃពីដីមួយកន្លែងនោះទោះបីជាអ្នកដេក ដើរ ឈរ អង្គុយ នៅទីណាកន្លែងណា ក៏អ្នកនៅតែបានផលចំណេញនោះដែរ។ ហើយបើអ្នកទិញបានដី ១០ ទៅ២០កន្លែង នោះបានន័យថាអ្នកកំពុងតែបង្កើតជំនួញ១០ ទៅ២០ ដោយមិនចាំបាច់ជួលបុគ្គលិកម្នាក់ឡើយ។ ឧទាហណ៍ថា អ្នកទិញដីមួយកន្លែងតម្លៃ ៥០០០ដុល្លារ ក្នុង១ឆ្នាំបន្ទាប់អ្នកលក់វិញបាន ១ម៉ឺនដុល្លារ ដូចនេះបានន័យថាអ្នកបានចំណេញ ៥០០០ដុល្លារលើដីមួយកន្លែងនោះ។

សូមមើលតារាងខាងក្រោម៖

5000$/365 = 13.6$

         ក្នុងតារាងខាងលើបញ្ជាក់ថា បើយក ៥០០០ដុល្លារទៅចែកនឹង ៣៦៥ថ្ងៃ (រយៈពេលមួយឆ្នាំ) ដូចនេះក្នុងមួយថ្ងៃអ្នកទទួលបានចំណូលប្រមាណជា ១៣ដុល្លារដែរ។ នេះហើយដែលជាជំនួញមួយដែលធ្វើការឱ្យអ្នកទាំងដែលមិនចាំបាច់មានបុគ្គលិកមកបម្រើការងារ។ ហើយចំណូលនេះ បានចូលមកក្នុងហោប៉ៅរបស់អ្នកទាំងដែលអ្នកមិនដឹងខ្លួនផង។ ហើយត្រូវដឹងថា ជូនកាលដីដែលអ្នកទិញនោះ អាចនឹងចំណេញច្រើនជាងនេះទ្វេដងក៏ថាបាន ពីព្រោះវាអាស្រ័យនៅលើការដែលចេះទិញនិងលក់របស់អ្នក។

រឿងដែលកាន់តែប្រសើរមួយទៀតគឺថា បើអ្នកយកដីនោះទៅបង្កបង្កើនផលចំពោះកិច្ចការអ្វីមួយ នោះអ្នកក៏នឹងបង្កើតចំណូលមួយប្រភពទៀតយ៉ាងពិតប្រាកដ។ ពាក្យសម្ដីរបស់លោកមហាសេដ្ឋី Warren Buffett ដែលគេតាំងនាមគាត់ថាជាស្ដេចវិនិយោគរបស់ពិភពលោកបានលើកឡើងថា “បើអ្នកចង់ទិញដីដែលអាចបានផលចំណេញច្រើន គឺទិញដីដែលធំនិងនៅឆ្ងាយពីក្រុង”។ គាត់លើកហេតុផលនេះមក ព្រោះចង់បញ្ជាក់ថា បើដីនៅក្នុងក្រុង ឬជិតក្រុង តម្លៃនៅពេលទិញគឺខ្ពស់ស្រាប់ទៅហើយ ដូចនេះជម្រើសដែលល្អបំផុតគឺស្វែងរកដីដែលនៅឆ្ងាយបន្តិច ទើបយើងអាចទទួលបានតម្លៃថោក និងមានឱកាសចំណេញច្រើននៅពេល ៥ទៅ ១០ឆ្នាំខាងមុខ។ ហើយចំពោះគំនិតនេះដែរ មិនមែនបានន័យថាឱ្យតែទិញនៅឆ្ងាយដឹងតែចំណេញនោះទេ គឺទាមទារឱ្យអ្នកមានចំណេះដឹងខាងផ្នែកដីធ្លីឱ្យបានច្រើន ទើបអ្នកអាចសម្រេចចិត្តបានភាគរយត្រឹមត្រូវខ្ពស់។ ដូចនេះហើយទើបសៀវភៅនេះមានតម្លៃបំផុតសម្រាប់អ្នក។

អាជីវកម្មដីធ្លីគឺជាអាជីវកម្មមួយដ៏អស្ចារ្យបំផុតនៅក្នុងបេះដូងរបស់អ្នកមាន ប៉ុន្តែមានមនុស្សតិចណាស់បានប្រាប់អ្នកអំពីរឿងនេះ​ ហើយសូម្បីតែលោកគ្រូអ្នកគ្រូនៅសាលាដែលយើងរៀន ក៏ពួកគាត់មិនបានបង្រៀនអំពីរឿងនេះដែរ ពីព្រោះពួកគាត់ក៏មិនបានដឹងអំពីរឿងហ្នឹងដូចអ្នកអ៊ីចឹង។ ដូច្នេះហើយ ទើបយើងឃើញថា វិស័យនេះភាគច្រើនមានតែពួកអ្នកមានទេដែលកាន់កាប់កិច្ចការហ្នឹង។

សំណួរសួរថាតើពេលណាទើបមនុស្សធម្មតាបានស្វែងយល់អំពីរឿងហ្នឹង?

ចម្លើយគឺពិបាកនឹងឆ្លើយណាស់ ព្រោះផ្នត់គំនិតរបស់មនុស្ស  ធម្មតាបានចាក់គ្រឹះយ៉ាងជ្រៅហើយថា “ការដែលអាចទិញដីធ្លីច្រើនទៅបានគឺដល់តែមានលុយច្រើន”។ ដោយសារតែផ្នត់គំនិតបែបនេះ ទើបធ្វើឱ្យពួកគេបិទបាំងនូវប្រាជ្ញាដែលពួកគេមាននៅក្នុងខ្លួន។ ពួកគេមិនដែលចោទសួរខ្លួនឯងទេថា “បើរង់ចាំដល់តែមានលុយច្រើនទើបអាចទិញដីបាន ចុះពេលណាពួកគេមាន? ហើយបើពួកគេក្រ គេនៅតែបន្តក្រពេញអស់មួយជីវិតទៀតឬ?”

ពួកគេមិនបានដឹងថា ការដែលអាចទិញដីច្រើនបានគឺមិនមែនព្រោះតែលុយមួយមុខនោះទេ របស់សំខាន់បំផុតដែលពួកគេត្រូវមានគឺចំណេះដឹងផ្នែកនេះ ហើយនៅពេលដែលយល់ដឹងបានច្រើនហើយ គេក៏អាចជប់លុយបានភ្លាមៗដែរ។

តើអ្នកចង់ដឹងទេ ថាខ្ញុំចាប់ផ្ដើមដោយរបៀបណា? ហើយថាតើខ្ញុំមានវិធីសាស្រ្តអ្វីខ្លះ ដើម្បីបង្កើតបានអចលនទ្រព្យដំបូងៗ និងជាបន្តបន្ទាប់?

ចំណុច និងឧទាហរណ៍ពិសេសៗគឺនៅទំព័រខាងមុខ!!!


ប្រភពពីសៀវភៅ៖ យុទ្ធសាស្រ្តទិញដីរាប់ហិកតាមានលុយត្រឹម 200$

និពន្ធដោយលោក ង៉ែត ពិសិត

អានសៀវភៅពេញនៅក្នុង WHY READ APP


No comments:

Post a Comment

បញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅនៅក្នុង App Why Read

  ប្រូម៉ូហ្សិនបញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅ នៅក្នុង App  Why Read  អានក៏បាន ស្ដាប់ក៏បានតាមតម្រូវការលោកអ្នក! នៅក្នុងនោះមានសៀវភៅសម្បូរបែប ...