អារម្ភកថា
ដោយឃើញវិស័យនិពន្ធនៅកម្ពុជាយើង មិនសូវជាមានឯកសារគ្រប់គ្រាន់សម្រាប់អ្នកនិពន្ធជំនាន់ថ្មី ឬអ្នកដែលចង់ក្លាយទៅជាអ្នកនិពន្ធស្រាវជ្រាវ ដើម្បីជាផ្លូវទៅកាន់វិថីអ្នកនិពន្ធពិតប្រាកដបាន ដូច្នេះទើបខ្ញុំខិតខំព្យាយាមចងក្រងនិពន្ធជាសៀវភៅមួយក្បាលនេះឡើង។ វាអាចថាមិនមានរាល់គ្រប់ចំណុច ដែលអ្នកចង់ដឹងជាពិតមែន ប៉ុន្តែមួយក្បាលនេះគឺច្បាស់ណាស់ថាអាចជួយអ្នក សម្រាប់ចំណុចចាប់ផ្ដើមក្លាយខ្លួនទៅជាអ្នកនិពន្ធម្នាក់យ៉ាងពិតប្រាកដ។
នៅក្នុងសៀវភៅមួយនេះគឺសុទ្ធសឹងតែដកស្រង់ផ្ទាល់ ចេញពីបទពិសោធពិតជាក់ស្ដែងដែលខ្ញុំបានហែលឆ្លងក្នុងនាមជាអ្នកនិពន្ធកម្ពុជាមួយរូបក្នុងរយៈពេលប៉ុន្មានជា ៤ឆ្នាំកន្លងទៅនេះ។ ខ្ញុំបានពុះពារ ទាំងដែលមិនដឹងថាការនិពន្ធនេះយ៉ាងណានោះទេ ពិសេសខ្ញុំក៏គ្មានបងប្អូន ឬអ្នកស្គាល់ណាម្នាក់ដែលជាអ្នកនិពន្ធពីមុនមកនោះឡើយ។ ខ្ញុំបានជួបនឹងឧបសគ្គជាច្រើនក្នុងចំណុចចាប់ផ្ដើម ព្រោះតែមិនមានអ្នកជួយប្រឹក្សា ពិសេសគឺគ្មានសំណៅឯកសារបែបនេះមកអាននោះទេ។ ដូច្នេះខ្ញុំក៏តាំងចិត្តបង្កើតសៀវភៅនេះឡើង ដើម្បីជាប្រទីបសម្រាប់បងប្អូនដែលចង់ក្លាយទៅជាអ្នកនិពន្ធទុកមើល និងជាទីប្រឹក្សាផ្ទាល់ខ្លួន។ ហើយសៀវភៅនេះ មិនមែនសម្រាប់តែផ្នែកនិពន្ធមួយមុខនោះទេ គឺវាអាចជួយអ្នកជាផ្នត់គំនិតលើគ្រប់ជំនាញផងដែរ។ ចង់ដឹងថា តើវាមានអ្វីពិសេសខ្លះនៅក្នុងសៀវភៅមួយក្បាលនេះ ចូរអានគ្រប់ផ្នែកគ្រប់ចំណុចដោយយកចិត្តទុកដាក់ នោះអ្នកនឹងទទួលបានអារម្មណ៍ដ៏អស្ចារ្យ។
|
អារម្ភកថា
សេចក្តីផ្តើម
ផ្នែកទី១៖ ដំណើរការដើម្បីក្លាយទៅជាអ្នកនិពន្ធ
១. មុនក្លាយទៅជាអ្នកនិពន្ធ
២. ចាប់ផ្ដើមធ្វើជាអ្នកនិពន្ធ
៣. ពេលចេញស្នាដៃដំបូង
៤. ឧបសគ្គក្នុងការលក់សៀវភៅទៅកាន់ទីផ្សារដំបូងៗ
៥. ឧបសគ្គទូទៅ
៦. លទ្ធផលក្នុងការព្យាយាមដែលមិនព្រមចុះចាញ់
ផ្នែកទី២៖
អត្ថប្រយោជន៍ និងវិធីសាស្រ្តនានាក្នុងការចាប់ផ្ដើមតែងនិពន្ធ
១. មូលដ្ឋានគ្រឹះក្នុងការតែងនិពន្ធ
៤ចំណុចដើម្បីក្លាយទៅជាអ្នកនិពន្ធ
២. អត្ថប្រយោជន៍នានាក្នុងនាមជាអ្នកនិពន្ធ
៣. ប្រភេទសៀវភៅ
សៀវភៅផ្នត់គំនិត
សៀវភៅរឿង (២ប្រភេទ)
សៀវភៅប្រវត្តិរឿងរ៉ាវ (Biography)
សៀវភៅជំនាញ
សៀវភៅប្រវត្តិសាស្រ្ត
សៀវភៅកំណាព្យ
សៀវភៅបទចម្រៀង
សេចក្ដីថ្លែងអំណរគុណ
សេចក្ដីផ្ដើម |
ដោយសារប្រទេសយើង
មិនទាន់មានសាលាដែលបើកបង្រៀនអំពីវិធីសាស្រ្តតែងនិពន្ធជាលក្ខណៈស្តង់ដាមួយ ដូច្នេះទើបកវីនិពន្ធយើងនៅមានកម្រិតក្នុងវិស័យមួយនេះ។
យ៉ាងណាមិញ វិស័យតែងនិពន្ធគឺជាវិស័យមួយដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស
យ៉ាងមានប្រសិទ្ធភាពបំផុត។
នៅពេលប្រទេសមួយមានធនធានអ្នកនិពន្ធដែលមានសមត្ថភាពកាន់តែច្រើន ពេលនោះនឹងមានអ្នកអានកើនឡើងកាន់តែច្រើនផង ដែរ។
រឿងដែលសំខាន់គឺយើងត្រូវដឹងថា ប្រទេសមួយដែលសម្បូរទៅដោយអ្នកអាន យ៉ាងយូរ ១០ឆ្នាំក្រោយ
ប្រទេសនោះនឹងសម្បូរទៅដោយធនធានមនុស្ស ដែលពោរពេញទៅដោយសមត្ថភាព ដូច្នេះហើយវិស័យនិពន្ធគឺចាត់ទុកជា វិស័យមួយដ៏សំខាន់សម្រាប់ចូលរួមអភិវឌ្ឍន៍ជាតិ។
ថ្វីត្បិតតែបច្ចុប្បន្ន នៅមិនទាន់មានអ្នកនិពន្ធខ្មែរជំនាន់នេះ មានការលេចធ្លោលើឆាកអន្តរជាតិជាពិតមែន
ប៉ុន្តែ១០ឆ្នាំខាងមុខ មិនប្រាកដថាគ្មាននោះទេ។ មនុស្សគ្រប់គ្នាតែងមានចំណុចចាប់ផ្ដើម
ដូច្នេះប្រទេសមួយក៏ត្រូវការពេលវេលាសម្រាប់ចំណុចចាប់ផ្ដើម ក្នុងការអភិវឌ្ឍវិស័យមួយឱ្យមានការរីកចម្រើន
និងលេចធ្លោផង ដែរ។ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប
ខ្ញុំគឺពិតជាចង់ឃើញវិស័យក្នុងការតែងនិពន្ធ និងការអានមានការរីកចម្រើនខ្លាំងណាស់
ពីព្រោះវានឹងធ្វើឱ្យប្រជាពលរដ្ឋខ្មែរ កាន់តែមានសមត្ថភាពខ្ពស់ ដើម្បីប្រកួតប្រជែង ជាមួយនឹងពលរដ្ឋរបស់ជាតិសាសន៍ដទៃ
ហើយក៏ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសយើង ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
ដូច្នេះក្នុងសៀវភៅនេះ ខ្ញុំនឹងរៀបរាប់អំពីបទពិសោធក្នុងការហែលឆ្លងនូវរាល់ឧបសគ្គនានា
ទម្រាំអាចក្លាយទៅជាអ្នកនិពន្ធមួយរូបបាន។ ហើយសៀវភៅមួយក្បាលនេះនឹងត្រូវបានរៀបរាប់អំពីវិធីសាស្រ្តពិតៗ
ដែលខ្ញុំបានប្រើប្រាស់ ហើយក៏មានគំនិតជាច្រើនក្នុងការជួយបងប្អូនដែលចង់ក្លាយខ្លួនទៅជាអ្នកនិពន្ធមួយរូបសម្រាប់ខ្លួនឯង
និងប្រទេសជាតិយើង។ នៅក្នុងផ្នែកទី១នៃសៀវភៅនេះនឹងរៀបរាប់យ៉ាងក្បោះក្បាយ
អំពីដំណើរដើមទង ដែលខ្ញុំចាប់ផ្ដើមចង់ក្លាយទៅជាអ្នកនិពន្ធ និងរហូតក្លាយទៅជាអ្នកនិពន្ធមួយរូបយ៉ាងពិតប្រាកដ។
ផ្នែកមួយនេះនឹងធ្វើឱ្យបងប្អូនបានស្វែងយល់អំពីឧបសគ្គ និងដំណោះស្រាយជាក់ស្ដែងអំពីបែបបទនៃការនិពន្ធ
និងការលក់ដែលខ្ញុំបានជួបទាំងដែលខ្លួនមិនធ្លាប់ដែលបានស្គាល់អ្នកនិពន្ធណាមួយរូបឡើយ។
ហើយផ្នែកទី២គឺរៀបរាប់អំពីប្រភេទសៀវភៅដែលអ្នកគួរនិពន្ធ ឬអាចតែងនិពន្ធនៅក្នុងប្រទេសយើងបាន។
នៅក្នុងនោះក៏មានវិធីសាស្រ្តនានា ក្នុងការតែងនិពន្ធប្រភេទសៀវភៅនីមួយៗឱ្យចេញជារូបរាង
រហូតដល់អាចបោះពុម្ពចែកចាយលើទីផ្សារបាន។
“សូមអានគ្រប់ចំណុចដោយយកចិត្តទុកដាក់
នោះអ្នកនឹងទទួលបានគំនិតជាច្រើនដើម្បីក្លាយខ្លួនទៅជាអ្នកនិពន្ធមួយរូបនៅក្នុងសៀវភៅនេះ”
ផ្នែកទី១
“ដំណើរការដើម្បីក្លាយខ្លួនទៅជាអ្នកនិពន្ធ”
១. មុនក្លាយទៅជាអ្នកនិពន្ធ |
ជាដំបូងឡើយ ខ្ញុំមិនយល់អ្វីហៅថាការតែងនិពន្ធនោះទេ
ហើយជំនាញរបស់ខ្ញុំដែលរៀននៅសាកលវិទ្យាល័យ គឺជំនាញបង្រៀនភាសាអង់គ្លេសទៅវិញទេ។
មែនទែនទៅ ខ្ញុំក៏មិនបានរៀនតែងនិពន្ធពីសាលាណាមួយដែរ អ្វីដែលកាន់តែពិបាកនោះ
គឺខ្ញុំមិនដែលស្គាល់អ្នកនិពន្ធណាមួយរូបឡើយពីមុនមក។ សួរថាមូលហេតុអ្វីទើបខ្ញុំសម្រេចចិត្តចាប់អាជីពជាអ្នកនិពន្ធមួយរូប?
គឺមានកត្តាមួយចំនួន ដែលបំផុសគំនិតឱ្យខ្ញុំចង់ក្លាយទៅជាអ្នកនិពន្ធ
ប៉ុន្តែកត្តាដំបូងមួយចម្បងគេបង្អស់គឺថា...
ខ្ញុំនៅចាំថា
កាលពីខ្ញុំរៀនឆ្នាំទី ៣ នៅដើមឆ្នាំ ២០១៧ ខ្ញុំបានរៀនមុខវិជ្ជាមួយ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា
គឺថ្នាក់ចរិយាវិទ្យា ដែលភាសាអង់គ្លេសហៅថា Character Building។
ពេលនោះខ្ញុំបានជួបជាមួយនឹងព្រះអង្គគ្រូ គូ សុភាព ពីព្រោះពេលនោះលោក គឺជាគ្រូបន្ទុកថ្នាក់ប្រចាំថ្នាក់ចរិយាវិទ្យារបស់ខ្ញុំនោះ។
ខ្ញុំបានទទួលនូវមេរៀនល្អៗជាច្រើនពីព្រះអង្គ ហើយចំណុចដែលពិសេសនោះគឺថា លោកបានចាត់ចែងឱ្យមិត្តរួមថ្នាក់របស់ខ្ញុំទាំងឡាយ
បូករួមទាំងខ្ញុំ ត្រៀមខ្លួនដើម្បីចុះទៅសហគមន៍ នៅចុងបញ្ចប់នៃវគ្គសិក្សានោះ។ កាលណោះគឺយើងបានចុះទៅសាលាបឋមសិក្សាមួយនៅខាងខេត្តកណ្ដាល
ដើម្បីចុះបង្រៀននិងចែករំលែកចំណេះដឹង ទៅកាន់ប្អូនៗសិស្សានុសិស្សនៅទីនោះ
ហើយក៏មានជាអំណោយសម្ភារៈសិក្សាបន្តិចបន្តួចទៅចែកជូនពួកគាត់ផងដែរ។ ដោយសារតែពួកយើងសុទ្ធតែជាសិស្សនិស្សិត
ពួកយើងមិនសូវមានលុយនោះទេ។ ពួកយើងអាចចុះបង្រៀនបាន ប៉ុន្តែមិនមានថវិកាសម្រាប់ទិញសម្ភារៈសិក្សា
ទៅចែកជូនប្អូនៗនៅបឋមសិក្សានោះនោះទេ។ ដូច្នេះព្រះអង្គគ្រូ គូ សុភាព លោកបានផ្ដល់សៀវភៅដែលលោកនិពន្ធផ្ទាល់
ចំណងជើងថា ខ្ញុំឆ្លាត (I’m Smart) មកឱ្យពួកយើងដើម្បីលក់។
រួចទុកលុយមួយចំណែកសម្រាប់ថ្លៃបោះពុម្ព និងមួយចំណែកដែលនៅសល់ គឺទុកសម្រាប់រួមគ្នាទិញសម្ភារៈសិក្សាទៅចែកជូនប្អូនៗសិស្សានុសិស្ស
ពេលដែលយើងចុះសហគមន៍។ កាលណោះ ការងាររបស់ខ្ញុំ គឺជាគ្រូបង្រៀនភាសាអង់គ្លេសនៅក្នុងសាលាឯកជនមួយ
ដូច្នេះខ្ញុំក៏មានកូនសិស្សច្រើនគួរសមដែរ។ ហើយអ្វីដែលពិសេស
សៀវភៅព្រះអង្គគ្រូគឺទាក់ទងអំពីរូបមន្តដើម្បីក្លាយទៅជាសិស្សពូកែទៀតនោះ
ទើបខ្ញុំគិតថាវាពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់សិស្សៗរបស់ខ្ញុំ
ហើយតម្លៃក៏មិនថ្លៃដែរ គឺត្រឹមតែ
១ដុល្លារប៉ុណ្ណោះ ដែលពួកគាត់អាចមានលទ្ធភាពទិញយកទៅអានបាន។ ហើយខ្ញុំក៏បានយកទៅលក់ ឱ្យកូនសិស្សរបស់ខ្ញុំបានរាប់សិបនាក់។
ហើយពេលនោះក៏សូមអរគុណមិត្តរបស់ខ្ញុំម្នាក់ដែរ
ដែលគាត់ក៏ជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ដូចគ្នា គាត់បានជួយលក់ឱ្យកូនសិស្សគាត់ជាច្រើនផងដែរ។
សរុបទៅពេលនោះ ពួកយើងទាំងពីរលក់បានប្រមាណជាជាង ១០០ ក្បាល ហើយក៏បានលុយមួយចំនួនសម្រាប់ចុះសហគមន៍ផងដែរ។
ឥឡូវតើចំណុចពិសេសអ្វី ដែលខ្ញុំលើកយករឿងរ៉ាវទាំងនេះមកប្រាប់អ្នកនោះ? តាមពិតកាលណោះ
មេរៀនដ៏សំខាន់បំផុតដែលបានបើកខួរក្បាលរបស់ខ្ញុំរហូតដល់មានថ្ងៃនេះនោះគឺ...
នៅពេលដែលខ្ញុំទទួលយកសៀវភៅ
របស់ព្រះអង្គគ្រូ គូ សុភាព មកលក់នៅពេលនោះ
គឺខ្ញុំបានចាប់អារម្មណ៍ត្រង់ចំណុចឈ្មោះរបស់លោកនៅលើក្របសៀវភៅ។
ខ្ញុំមានអារម្មណ៍ស្ញប់ស្ញែងខ្លាំងណាស់ ពីព្រោះមានមនុស្សជាច្រើន បានទទួលចំណេះដឹងល្អៗពីសៀវភៅមួយក្បាលនោះ។
ហើយខ្ញុំក៏បានគិតក្នុងចិត្តថា តើថ្ងៃណាមួយខ្ញុំអាចមានឈ្មោះរបស់ខ្លួនឯង
នៅលើក្របសៀវភៅបែបនេះដែរឬទេហ្ន៎? កាលណោះមិនត្រឹមតែគិតនោះទេ គឺខ្ញុំបានតាំងចិត្តយ៉ាងខ្លាំងថាខ្ញុំនឹងធ្វើឱ្យបាន។
ខ្ញុំនឹងនិពន្ធសៀវភៅសម្រាប់ប្រជាពលរដ្ឋខ្មែរអានឱ្យបានដាច់ខាត។
នៅក្នុងអំឡុងខែនោះដែរ
ខ្ញុំក៏បានជួបនឹងមិត្តថ្មីម្នាក់ឈ្មោះ ហ៊ួន ស៊ីឡូន ដែលគាត់គឺជាអ្នកនិពន្ធមួយរូបនៅពេលនោះ។
ខ្ញុំបានស្គាល់គាត់ដោយសារមិត្តរបស់ខ្ញុំម្នាក់ទៀត បបួលទៅញ៉ាំអាហារថ្ងៃត្រង់ជុំគ្នានៅហាងបាយមួយ។
ដោយសារខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តស្ដាប់
ទើបខ្ញុំបានទទួលនូវការជំរុញចិត្តដោយប្រយោលជាច្រើន នៅពេលដែលមិត្តភក្ដិរបស់ខ្ញុំទាំងនោះ
រៀបរាប់អំពីតួនាទីការងាររបស់ខ្លួនម្នាក់ៗ។ ហើយកាលណោះ ស៊ីឡូនក៏បានរៀបរាប់យ៉ាងច្រើន
អំពីការតែងនិពន្ធ ចំណែកខ្ញុំវិញគឺទាក់ចិត្តក្នុងការស្ដាប់មែនទែនព្រោះអីខ្ញុំកំពុងមានចិត្តចង់ក្លាយទៅជាអ្នកនិពន្ធស្រាប់
ប៉ុន្តែគ្រាន់តែមិនសូវដឹងច្បាស់ ថាគួរចាប់ផ្ដើមពីណាទៅណាប៉ុណ្ណោះ។
ស៊ីឡូនបានរៀបរាប់ថា “ការងារនិពន្ធគឺវាមិនងាយស្រួលនោះទេ
ទាល់តែអ្នកដែលមានបេះដូងក្នុងការចែករំលែកចំណេះដឹងខ្លាំងបំផុត ទើបខំចំណាយទាំងពេលវេលា
និងថវិកាផ្ទាល់ខ្លួនដើម្បីនិពន្ធសៀវភៅទៅបាន។ ប៉ុន្តែវាគឺជាអាជីពដ៏សំខាន់មួយក្នុងការលើកកម្ពស់សមត្ថភាពរបស់យុវជន
និងធនធាននិស្សិតរបស់ប្រទេសយើង។ បើមានអ្នកនិពន្ធដែលមានស្នាដៃកាន់តែច្រើន
នោះប្រទេសជាតិយើងនឹងសម្បូរទៅដោយអ្នកអាន
ហើយអ្នកអាននោះហើយនឹងធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនលឿន
និងខ្លាំងលើគ្រប់វិស័យ។”
កាលណោះខ្ញុំមិនមាត់អ្វីនោះទេ
ដោយសារខ្លួនមិនទាន់បានចាប់ផ្ដើម ប៉ុន្តែខ្ញុំចាប់មានចិត្តពុះកញ្រ្ជោលកាន់តែខ្លាំងក្នុងការតែងនិពន្ធ។
ដោយសារអំឡុងពេលនោះខ្ញុំមានការរវល់ខ្លាំង ពីព្រោះខ្ញុំធ្វើការដល់ទៅ២កន្លែង
ហើយរៀននៅសាកលវិទ្យាល័យ និងមានអាជីវកម្មតូចមួយផ្ទាល់ខ្លួនផងនោះ ដូច្នេះខ្ញុំមិនសូវមានពេលច្រើននោះទេ។
បន្ទាប់ពីបានជួបមិត្តភក្ដិថ្មីរបស់ខ្ញុំ ស៊ីឡូន កន្លងទៅប្រមាណជា ២សប្តាហ៍
ទើបខ្ញុំចាប់ផ្ដើមនិពន្ធទំព័រដំបូងនៃសៀវភៅទី១របស់ខ្ញុំ។ ប៉ុន្តែមុននឹងចាប់ផ្ដើមសរសេរ
នៅក្នុងអំឡុងពេល២សប្តាហ៍នោះ ខ្ញុំបានជួបរឿងដែលជាបទពិចារណាដូចជា៖
១. ដោយសារខ្ញុំគឺជាគ្រូបង្រៀនម្នាក់ ខ្ញុំបានគិតថាអ្វីដែលខ្ញុំបានបង្រៀន និងប្រដៅណែនាំសិស្សរបស់ខ្ញុំទាំងឡាយ គឺសុទ្ធតែមានតម្លៃ ហើយពេលខ្លះខ្ញុំត្រូវនិយាយចំណុចដដែលជាច្រើនលើកច្រើនសា ពីព្រោះមិនមែនបង្រៀនតែមួយថ្នាក់នោះទេ។ ដូច្នេះបើខ្ញុំរៀបចំចំណុចសំខាន់ៗដែលមាននៅក្នុងខួរក្បាលរបស់ខ្ញុំទាំងនោះ ទៅចងក្រងចេញជាសៀវភៅ នោះវាច្បាស់ជាប្រសើរខ្លាំងណាស់។ ហើយខ្ញុំក៏អាចឱ្យកូនសិស្សរបស់ខ្ញុំ បានអាននូវមេរៀនសំខាន់ដែលខ្ញុំដឹង ឱ្យពួកគេបានដឹងផងដែរ។ ការគិតបែបនេះមិនមែនមានតែខ្ញុំនោះទេ មានសិស្សរបស់ខ្ញុំមួយចំនួន ក៏ចង់ឱ្យខ្ញុំសរសេរចំណុចសំខាន់ៗ ដាក់ចូលក្នុងកុំព្យូទ័រ រួចព្រីន (Print) ចែកជូនពួកគាត់ ដើម្បីឱ្យពួកគាត់បានអាន និងយកទៅអនុវត្តន៍ប្រចាំជីវិតជាក់ស្ដែង ទាំងដែលពួកគាត់មិនបានដឹងអំពីគំនិតរបស់ខ្ញុំ ដែលចង់និពន្ធជាសៀវភៅនោះឡើយ។
២. ខ្ញុំក៏ជាអ្នកដែលចូលចិត្តអានសៀវភៅមួយរូប ហើយអ្វីដែលខ្ញុំទទួលបានពីការអានសៀវភៅ គឺកាត់ថ្លៃពុំបាននោះឡើយ។ ខ្ញុំទទួលបាននូវមេរៀនល្អៗជាច្រើន ដែលជួយឱ្យជីវិតរបស់ខ្ញុំប្រសើរឡើង ល្អទាំងការសិក្សា ការងារ និងវិស័យជំនួញ។ ខ្ញុំតែងគិតថា បើនិស្សិតខ្មែរបានអានសៀវភៅ និងចូលចិត្តការអានដូចជាខ្ញុំ ដូច្នេះខ្ញុំជឿជាក់ថាពួកគេនឹងអាចធ្វើឱ្យជីវិតរបស់ខ្លួនប្រសើរបំផុត។ ហើយលោកគ្រូរបស់ខ្ញុំម្នាក់ក៏ធ្លាប់បានប្រាប់ខ្ញុំថា “ពិសិត បើថ្ងៃណាមួយប្អូនអានសៀវភៅចប់ ១០០ ក្បាល នៅពេលនោះពិសិតនឹងមានចំណេះដឹងល្អៗជាច្រើន ហើយលុយនឹងរត់មករកពិសិតគ្មានដែនកំណត់ឡើយ។ ហើយអ្វីដែលសំខាន់ជាងនេះនោះគឺ ពិសិតនឹងមានក្ដីសុខច្រើនបំផុតជាមួយនឹងបញ្ញាដែលខ្លួនមាន”។ ពេលស្ដាប់ឮពាក្យហ្នឹងដំបូង ខ្ញុំពិបាកនឹងជឿលោកគ្រូរបស់ខ្ញុំណាស់ ពីព្រោះកាលណោះ ខ្ញុំរកលុយទិញបាយហូបសឹងមិនគ្រាន់ផង ប៉ុន្តែមកដល់ពេលនេះទើបខ្ញុំដឹងជាក់ច្បាស់ជាមួយនឹងពាក្យសម្ដីរបស់គាត់។ ហើយពាក្យសម្ដីរបស់គាត់ ក៏បានផ្លាស់ប្ដូរខ្សែជីវិតរបស់ខ្ញុំពិតប្រាកដមែន ដោយសារតែខ្ញុំខិតខំអនុវត្តន៍ តាមអ្វីដែលលោកគ្រូប្រាប់នោះ។ អ្នកដឹងទេ ខ្ញុំមិនទាន់ទាំងអានអស់១០០ក្បាលផង បើតាមខ្ញុំចាំគឺគ្រាន់តែអានដល់ប្រមាណជា ៣០ក្បាល ខ្ញុំក៍ទទួលបានគំនិតល្អៗជាច្រើន យកទៅដោះស្រាយបញ្ហានានាដែលខ្ញុំបានជួបនៅពេលនោះ។ បើអ្នកបានអានសៀវភៅ បេសកកម្មជីវិត របស់ខ្ញុំ អ្នកប្រាកដជាយល់ច្បាស់។ ដោយសារតែខ្ញុំដឹងច្បាស់អំពីអត្ថប្រយោជន៍ពីការអានសៀវភៅនេះហើយ ទើបខ្ញុំកាន់តែចង់ក្លាយទៅជាអ្នកនិពន្ធ ដើម្បីជំរុញ និងលើកកម្ពស់ការអាននៅក្នុងប្រទេសយើងឱ្យកាន់តែប្រសើរឡើង។ ពេលនោះខ្ញុំគ្រាន់តែគិតថា បើទោះជាមិនមានមនុស្សច្រើនអានសៀវភៅរបស់ខ្ញុំ យ៉ាងហោចណាស់ក៏មានមនុស្សដែលនៅជុំវិញខ្ញុំមួយចំនួនបានអានដែរ ដូច្នេះខ្ញុំក៏សប្បាយចិត្តដែលបានជួយឱ្យពួកគេចេះអាន និងចាប់ផ្ដើមមានទម្លាប់កាន់សៀវភៅ អានជាជាងដែលបានត្រឹមអង្គុយគិត ប៉ុន្តែគ្មានបានធ្វើអ្វីសោះ។ ហេតុផលទាំងឡាយខាងលើបានធ្វើឱ្យខ្ញុំខ្នះខ្នែងយ៉ាងខ្លាំងក្នុងរយៈពេល ២សប្ដាហ៍មុនពេលចាប់ផ្ដើមសរសេរមួយអក្សរដំបូង ក្នុងការស្រាវជ្រាវអំពីវិធីសាស្រ្តនានាក្នុងការតែងនិពន្ធ តាមរយៈការ Search តាម Google និងតាមបណ្ដា Videos មួយចំនួននៅក្នុង YouTube ។ ហើយខ្ញុំក៏បានគំនិតមួយចំនួនក្នុងការចាប់ផ្ដើម។ មុននឹងរៀបរាប់អំពីចំណុចចាប់ផ្ដើមក្នុងការនិពន្ធសៀវភៅដំបូងបំផុតរបស់ខ្ញុំ គឺខ្ញុំសូមបញ្ជាក់ដែរថា វាមិនងាយស្រួលនោះទេសម្រាប់ចំណុចចាប់ផ្ដើម ប៉ុន្តែបើអ្នកតាំងចិត្ត និងហ៊ានប្រើជីវិតយ៉ាងប្ដូរផ្ដាច់ចំពោះការងារដែលអ្នកធ្វើនោះ អ្នកនឹងសម្រេចគោលដៅ ហើយអ្នកនឹងបានលទ្ធផលយ៉ាងគាប់ប្រសើរបំផុត។ អ្នកនឹងបានដឹងអំពីគុណប្រយោជន៍នានា ដែលអ្នកទទួលបានពីការតែងនិពន្ធនៅចំណុចជាបន្តបន្ទាប់។
ប្រភពពីសៀវភៅ៖ លើសពីអ្នកនិពន្ធ
និពន្ធដោយលោក ង៉ែត ពិសិត
អានសៀវភៅពេញនៅក្នុង WHY READ APP
No comments:
Post a Comment