Tuesday, February 28, 2023

សៀវភៅដ៏ល្អបំផុតសម្រាប់យុវវ័យ​ "មនុស្សឆ្លាត" និពន្ធបានយ៉ាងល្អពីលោក ង៉ែត ពិសិត

 

       សៀវភៅមួយក្បាលនេះ ត្រូវបានចម្រាញ់មកនូវចំណុចពិសេសៗជាច្រើន ផ្ដោតទៅលើទម្លាប់សំខាន់ៗដែលមនុស្សឆ្លាតតែងធ្វើ និងទម្លាប់មិនល្អដែលគេតែងចៀសវាង។ ខ្ញុំពិតជាជឿជាក់ថា មួយក្បាលនេះនឹងបំផុសសក្ដានុពលដែលមាននៅក្នុងខ្លួនអ្នកឱ្យផ្ទុះឡើង វាជាកម្លាំងចលករដ៏សំខាន់ដើម្បីឈោងចាប់នូវជោគវាសនាដ៏ត្រចះត្រចង់នាពេលអនាគត។

         មួយក្បាលនេះនឹងបង្ហាញអំពីភាពឆ្លាតវៃ និងភាពប៉ិនប្រសប់របស់មនុស្សពូកែ ដែលគួរតែយកគំរូតាម ឬអាចយកទៅកែច្នៃសម្រាប់ជាផ្លូវដើរ លើស្ថានភាពជីវិតជាក់ស្ដែងរបស់អ្នករៀងៗព្រះអង្គ និងរៀងៗខ្លួនបាន ១០០%។

         សូមចំណាយពេលអានដោយយកចិត្តទុកដាក់ នោះអ្នកនឹងមិនខកបំណងឡើយ។

ដោយក្ដីគោរពនិងស្រឡាញ់ពីខ្ញុំ

ង៉ែត ពិសិត

មាតិកា​​​​​​​​​​​

អារម្ភកថា 

សេចក្តីផ្តើម  

ផ្នែកទី១៖ រឿងដែលអ្នកត្រូវតែសំលៀងជាមុន (មនុស្សឆ្លាតតែងធ្វើ)

១.​ គ្រោងទុកមុន 

២.​​ ហេតុអ្វីត្រូវមានផែនការប្រចាំថ្ងៃ

៣. បន្ថែមម៉ោងធ្វើការ ១ឬ២ម៉ោងក្នុងមួយថ្ងៃ 

៤. ចាប់ផ្ដើមពីព្រលឹម សម្រុករកភាពជោគជ័យ 

៥. អ្នកជាមនុស្សដែលអស្ចារ្យ 

៦. ចំណាយពេលមួយម៉ោងលើកិច្ចការដែលអ្នកចូលចិត្ត

៧. ធ្វើចៅហ្វាយលើភាពវិជ្ជមាន

៨. សម្លាប់រាល់ចម្ងល់នានា 

៩. គិតធំ 

១០. រៀបចំពេលដើម្បីអានសៀវភៅ

១១. អ្នកស្ដាប់ល្អ 

១២. ឱកាស 

១៣. ត្រូវតែឈ្នះលើហ្គេមរបស់អ្នក 

១៤. ជោគជ័យមិនមែនមានសម្រាប់តែអ្នកដទៃនោះទេ

១៥. ខ្ញុំនឹងមិនគេងឡើយបើខ្ញុំមិនបានធ្វើរឿងនេះ

១៦. បង្រៀនខ្លួនអ្នកឱ្យចេះអំពី

១៧. វីដេអូប្រចាំថ្ងៃ

១៨. យកមនុស្សពូកែជាដៃគូប្រកួតប្រជែងរបស់អ្នក

១៩. អភិវឌ្ឍន៍ខ្លួនប្រចាំថ្ងៃ

២០. សេពគប់អ្នកជំនួញ

២១. ការប្រតិកម្ម

២២. ឥទ្ធិពលនៃការចែរំលែក

២៣. ដាក់សំណួរទៅអ្វីដែលអ្នកចង់ធ្វើ

២៤. ប្រកួតជាមួយខ្លួនអ្នក

២៥. សន្សំលុយ

ផ្នែកទី២៖ រឿងដែលអ្នកត្រូវតែចៀសវាង (មនុស្សឆ្លាតមិនធ្វើ)

១.​ សុបិនដែលគ្មានសកម្មភាព

២. អស់សង្ឃឹម

៣. និយាយដើមគេ

៤. ខឹង ឬស្អប់

៥. បោះបង់

៦. គេងយឺត ក្រោកក៏យឺត

៧. ផ្ដេកផ្ដួលលើអ្នកដទៃ

៨. អំនួត

៩. ពន្យារពេល

១០. អ្នកអាចនឹងកុហកខ្លួនឯងអំពីអ្វីដែលខ្ញុំប្រាប់ឱ្យអ្នកធ្វើ

ផ្នែកទី៣៖ ទស្សនៈលើកទឹកចិត្តទាំង ២០​​

សេចក្ដីថ្លែងអំណរគុណ


សេចក្តីផ្តើម

       មនុស្សគ្រប់គ្នាកើតមកភ្លាម គឺគ្មានអ្វីឡើយនៅក្នុងខួរក្បាល វាប្រៀបដូចជាក្រដាសសមួយសន្លឹកអ៊ីចឹង។ បន្ទាប់មកខួរក្បាលរបស់យើងម្នាក់ៗ ត្រូវបានចាក់បំពេញទៅដោយព័ត៌មានផ្សេងៗគ្នាអាស្រ័យលើស្ថានភាពជីវិតរៀងៗខ្លួន។

         នៅពេលដែលយើងចាស់បន្តិច គឺនឹងផ្លាស់ប្ដូរទៅតាមអ្វីដែលយើងបានរៀន និងសង្កេត។ ពិតណាស់ អ្នកខ្លះអាចក្លាយទៅជាមនុស្សឆ្លាត រីឯអ្នកខ្លះទៀតគឺមិននោះទេ។ 

         និយាយដោយស្មោះទៅ ខ្ញុំជឿថាអ្នកច្បាស់ជាម្នាក់ក្នុងចំណោមមនុស្សដែលឆ្លាតៗនៅលើពិភពលោក។ ហេតុអ្វី? ពីព្រោះអ្នកគឺជាអ្នកអានដ៏ពូកែម្នាក់ ដែលបានជ្រើសរើសសៀវភៅដ៏ល្អមួយក្បាលនេះ ដើម្បីសម្រួចភាពប៉ិនប្រសប់ និងសមត្ថភាពរបស់ខ្លួនដើរលើវិថីជីវិតដ៏វែងឆ្ងាយមួយនេះ។ ខ្ញុំច្បាស់ថា អ្នកប្រាកដជាមានសមត្ថភាពដ៏អស្ចារ្យនៅក្នុងខ្លួន គ្រាន់តែពេលនេះ វាត្រូវបានលាក់បំបាំង មិនទាន់ចេញមក។ ដំណឹងល្អគឺថា សៀវភៅមួយក្បាលនេះនឹងជំរុញភាពខ្លាំងចេញពីខ្លួនរបស់អ្នក យកមកប្រើប្រាស់តាមតែអ្នកត្រូវការ។ វាអាចនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថារំភើប និងអស្ចារ្យបំផុតនៅពេលដែលអ្នកបានដឹងអាថ៌កំបាំង ដែលអ្នកមិនធ្លាប់បានដឹងពីមុនមក!

         សៀវភៅនេះគឺមានភាពសាមញ្ញមែនទែន! គឺបានន័យថារាល់គំនិត និងដំបូន្មានដែលខ្ញុំបានសរសេរគឺងាយស្រួលយល់ និងមិនធ្វើឱ្យអ្នកមានភាពស្មុគស្មាញឡើយ។ ប៉ុន្តែគំនិតទាំងឡាយនោះ គឺអាចជួយដល់មនុស្សគ្រប់គ្នា និងគ្រប់ស្រទាប់វណ្ណៈ។ ពេលនេះអ្នកកំពុងវិនិយោគពេលវេលាដ៏ត្រឹមត្រូវបំផុតក្នុងការអានសៀវភៅមួយក្បាលនេះ។ ខ្ញុំសង្ឃឹមថាវានឹងធ្វើឱ្យជីវិតរបស់អ្នកកាន់តែប្រសើរ និងធ្វើឱ្យអ្នកកាន់តែពូកែជាងមុន។

ចំណាំ៖ គ្រប់ចំណុចគឺមានឥទ្ធិពលខ្លាំងមែនទែនសម្រាប់កែប្រែជីវិតរបស់អ្នកឱ្យភ្លឺស្វាងបំផុត។ 

គ្រោងទុកមុន

 

     តើអ្នកមានដែលធ្លាប់ឮប្រយោគមួយទេថា “បើខ្ញុំមានពេលវេលា ៣ ម៉ោងដើម្បីកាប់ដើមឈើធំមួយដើម ខ្ញុំនឹងចំណាយពេល ២ ម៉ោងដើម្បីសំលៀងពូថៅរបស់ខ្ញុំ”?

         ពិតណាស់ នៅពេលដែលខ្ញុំឮប្រយោគនេះដំបូង ខ្ញុំមិនសូវជាយល់អត្ថន័យរបស់វាប៉ុន្មាននោះទេ។ ខ្ញុំបានចំណាយអស់រយៈពេល ៤ ឆ្នាំ ដើរលើផ្លូវខុស។ រហូតដល់ខ្ញុំត្រូវបានបរាជ័យលើមុខជំនួញដំបូងៗរបស់ខ្ញុំយ៉ាងធ្ងន់ធ្ងរ ទើបខ្ញុំបានស្វែងយល់អំពីអត្ថន័យនៃប្រយោគដ៏មានតម្លៃខាងលើ។

         “ធ្វើអ្វីក៏ដោយ ត្រូវមានគម្រោងទុកមុនឱ្យបានច្បាស់លាស់” នេះហើយគឺជាអត្ថន័យរបស់វា។

         ខ្ញុំសូមសួរអ្នកមួយសំណួរ! ហេតុអ្វីបានជាមនុស្សយើងត្រូវមាន ក្បាល ដងខ្លួន និងជើង?

         ក្បាលគឺប្រៀបដូចជាគម្រោងនៃគោលដៅរបស់អ្នក! កាតព្វកិច្ចរបស់វា គឺរិះរកវិធីដើម្បីសម្រេចគោលដៅរបស់ខ្លួន។ ជើងគឺប្រៀបដូចជាសកម្មភាពរបស់អ្នក។ ចំណែកឯដងខ្លួន គឺប្រៀបដូចជាលទ្ធផលដែលកើតចេញពីគម្រោងការ និងសកម្មភាពរបស់អ្នក។

         មនុស្សម្នាក់ត្រូវការផ្នែកទាំង ៣នៃរាយកាយនេះដើម្បីរស់ ដូច្នេះគោលដៅនៃជីវិតរបស់អ្នកក៏ត្រូវការចំណុចទាំង ៣៖ គម្រោងការ សកម្មភាព និងលទ្ធផល ដើម្បីបង្ហាញអំពីភាពជោគជ័យរបស់ខ្លួនដូចគ្នាដែរ។

         ពិតណាស់ ខ្ញុំគ្រាន់តែចង់ប្រាប់អ្នកថា ជីវិតគឺខ្លីណាស់ ហើយវាមិនមានភាពងាយស្រួលឡើយ ដូច្នេះត្រូវប្រើប្រាស់ពេលវេលារបស់អ្នកដោយភាពឆ្លាតវៃ ដើម្បីអាចឈោងចាប់នូវគោលដៅជីវិតរបស់អ្នក និងរស់នៅដោយមានសេចក្ដីសុខ។ កុំចំណាយពេលវេលារបស់អ្នកខុសម្ដងហើយម្ដងទៀត ដោយមិនដែលសូម្បីធ្លាប់ជោគជ័យម្ដងនោះ។ អ្នកត្រូវតែជាមនុស្សម្នាក់ដែលគួរតែទទួលបានជីវិតដែលល្អប្រសើរបំផុត។

         ត្រូវចងចាំថា “ធ្វើអ្វីក៏ដោយត្រូវចេះត្រៀមគម្រោងឱ្យបានទុកជាមុន ទើបកិច្ចការនោះសម្រេចបានផលល្អ”។ អ្នកនឹងបានដឹងចំណុចល្អៗដែលចង្អុលបង្ហាញអំពីហេតុផលមួយនេះ នៅទំព័របន្ទាប់ៗ។

ហេតុអ្វីត្រូវមានផែនការប្រចាំថ្ងៃ

     បន្ទាប់ពីឃើញប្រយោគនេះ អ្នកប្រហែលជាមានសំណួរហើយថា “ហេតុអ្វីបានជាខ្ញុំត្រូវសរសេរផែនការប្រចាំថ្ងៃរបស់ខ្ញុំ?” ពិតណាស់ វាច្បាស់ជាមានហេតុផលយ៉ាងសំខាន់នៅពីក្រោយ។

         ជាញឹកញាប់ អ្នកប្រហែលជាតែងនិយាយទៅកាន់ខ្លួនថា “ខួរក្បាលរបស់ខ្ញុំល្អគ្រប់គ្រាន់ហើយ សម្រាប់ចាត់ចែងការងារដែលត្រូវធ្វើប្រចាំថ្ងៃ ដូច្នេះខ្ញុំមិនចាំបាច់ខ្វល់រឿងសរសេរវាទុកនោះទេ”។ ខ្ញុំក៏គាំទ្រជាមួយនឹងអ្វីដែលអ្នកគិតដែរ ពីព្រោះខ្ញុំក៏តែងគិត និងធ្វើបែបនេះដែរពីមុនមក។ ដោយឡែក ពេលនេះខ្ញុំបានផ្លាស់ប្ដូរទាំងស្រុង ពីព្រោះខ្ញុំបានស្វែងយល់ឃើញថាខ្ញុំគួរតែបានសរសេរកិច្ចការណាដែលសំខាន់ៗបំផុតទុក។​ ខួរក្បាលរបស់យើង មានកាតព្វកិច្ចសំខាន់ៗជាច្រើនដែលត្រូវធ្វើជាជាងដែលត្រូវមកអង្គុយចងចាំថា កិច្ចការនេះ គួរធ្វើមុន កិច្ចការនេះគួរធ្វើបន្ទាប់ ហើយកិច្ចការមួយទៀតគួរធ្វើបន្ទាប់ទៀត ។ល។ វាអាចធ្វើរឿងអស្ចារ្យជាច្រើនដែលអ្នកមិនធ្លាប់សូម្បីគិត! វត្ថុអស្ចារ្យជាច្រើននៅលើលោកនេះគឺសុទ្ធតែកើតឡើងចេញពីខួរក្បាលរបស់មនុស្សយើងទាំងអស់ ដូច្នេះអ្នកត្រូវចេះប្រើវាឱ្យបានល្អបំផុត។     

         ខ្ញុំពិតជាលើកទឹកចិត្ត ឱ្យអ្នកសរសេរយ៉ាងតិចបំផុតរឿងសំខាន់ ៣ យ៉ាងដែលអ្នកគិតថាត្រូវតែធ្វើឱ្យបានរួចរាល់ក្នុងថ្ងៃនេះ។ ត្រូវច្បាស់ថាអ្នកបានសរសេររឿងសំខាន់បំផុត ៣ រីឯរឿងផ្សេងទៀតវាគឺជាទំនួលខុសត្រូវបន្ទាប់បន្សំប៉ុណ្ណោះ។ ខ្ញុំនឹងប្រាប់អ្នកអំពីអត្ថប្រយោជន៍ ដែលអ្នកមានទម្លាប់ធ្វើបែបនេះជាប្រចាំ ប៉ុន្តែមុននឹងប្រាប់ ខ្ញុំសូមបង្ហាញអ្នកអំពីបទពិសោធដំបូងដែលខ្ញុំចាប់ផ្ដើមទម្លាប់ដ៏ល្អមួយនេះជាមុនបន្តិចសិន៖ 

         <ថ្ងៃមួយនោះ ខ្ញុំបានងើបពីព្រលឹម និងបានចំណាយពេល ៥ នាទីសញ្ជឹងគិតអំពីសកម្មភាពកាលពីម្សិល។ ខ្ញុំបានដឹងថា កិច្ចការគ្រប់យ៉ាងគឺច្របូកច្របល់មែនទែន។ គ្មានការងារដែលសំខាន់ និងបន្ទាន់ណាមួយ ខ្ញុំបានធ្វើរួចរាល់នោះទេ។ រំពេចនោះ ខួរក្បាលរបស់ខ្ញុំបានលេចនូវគំនិតមួយដែលឪពុកខ្ញុំធ្លាប់បាននិយាយប្រាប់ថា “ធ្វើអ្វីក៏ដោយ បើសិនជាកូនចង់បានលទ្ធផលល្អ គឺត្រូវតែរៀបគម្រោងទុកមុនឱ្យបានច្បាស់លាស់”។ ដូច្នេះខ្ញុំក៏បានស្ទុះក្រោកទៅយកប៊ិកនិងសៀវភៅភ្លាម និងចាប់ផ្ដើមសរសេររឿងដែលសំខាន់ ៣ ដែលខ្ញុំត្រូវតែធ្វើឱ្យរួចរាល់នៅថ្ងៃនេះ។ បើតាមខ្ញុំចាំ កាលនោះគឺថ្ងៃសៅរ៍ ហើយក៏ជាថ្ងៃទំនេរពីការងារដែរ។ ដូចនេះកិច្ចការសំខាន់ ៣ដែលខ្ញុំសរសេរនៅពេលនោះគឺ៖

         ១. អានឱ្យចប់សៀវភៅមួយក្បាលកម្រាស់ ១៥០ទំព័រ។

         ២. សរសេរសៀវភៅថ្មីរបស់ខ្ញុំឱ្យបាន ១០ ទំព័រ។

         ៣. យកសៀវភៅរបស់ខ្ញុំទៅដាក់លក់នៅបណ្ណាគារ ឬតូបលក់សៀវភៅឱ្យបាន ៣កន្លែង។

         មុនពេលកិច្ចការទាំង ៣នេះមិនទាន់រួច ទោះជាមានមិត្តភក្ដិរបស់ខ្ញុំបបួលទៅលេងកីឡានៅក្រៅ ក៏ខ្ញុំបដិសេធ ហើយអ្វីដែលសំខាន់នោះគឺខ្ញុំមិនឱ្យ Notifications ពី Facebook TikTok មករំខានខ្ញុំជាដាច់ខាត។ ជាលទ្ធផល គម្រោងទាំង ៣នេះក៏បានជោគជ័យ ហើយថែមទាំងបានលើសពីការគ្រោងទៅទៀត៖

         ១. ខ្ញុំបានបញ្ចប់ការអានសៀវភៅមួយក្បាល។

         ២. ខ្ញុំសរសេរសៀវភៅថ្មីរបស់ខ្ញុំបាន ១៥ ទំព័រ។

         ៣. ខ្ញុំបានលក់សៀវភៅទៅកាន់បណ្ណាគារ ៤​ កន្លែង។

         មិនត្រឹមតែប៉ុណ្ណឹង ក្រៅពីកិច្ចការសំខាន់ទាំង ៣នេះ ខ្ញុំក៏បានធ្វើកិច្ចការបន្ទាប់បន្សំជាច្រើនផ្សេងទៀតផងដែរ។ ចាប់តាំងពីពេលនោះមក ខ្ញុំមានអារម្មណ៍ថារំភើបជាមួយនឹងគម្រោងនានាដែលខ្ញុំបានដាក់ ហើយជីវិតរបស់ខ្ញុំកាន់តែសកម្ម និងមានថាមពលជារៀងរាល់ថ្ងៃ រាល់ខែ និងរាល់ឆ្នាំ។

         ឥឡូវនេះ អ្នកប្រហែលជាបានយល់ខ្លះហើយអំពីអត្ថប្រយោជន៍ ដែលខ្ញុំទទួលបានអំពីការរៀបចំសរសេរគម្រោងទុកជាមុន។ ហើយអ្នកដឹងទេ ខ្ញុំមិនមែនទទួលបានលទ្ធផលត្រឹមតែថ្ងៃហ្នឹងនោះទេ គឺរហូតមកដល់ពេលនេះក៏អ៊ីចឹងដែរ។ ពីព្រោះខ្ញុំតែងតែរៀបចំសរសេរគម្រោងទុកមុនជាប្រចាំ។

         ដូច្នេះពេលនេះ យើងនាំគ្នាទៅមើលអត្ថប្រយោជន៍សំខាន់ដែលយើងតែងមានគម្រោងផែនការទុកមុន៖

១. ចំណេញពេលវេលា៖  ជូនកាលអ្នកអាចនឹងភ្លេចថាអ្វីដែលគួរធ្វើមុន និងអ្វីដែលគួរធ្វើតាមក្រោយ បើដូច្នេះ អ្នកនឹងចំណាយពេលដ៏មានតម្លៃរបស់ខ្លួន ទៅអង្គុយគិតម្ដងហើយម្ដងទៀតឬក៏ពេលខ្លះអ្នកអាចនឹងភ្លេចកិច្ចការបន្ទាន់នោះទាំងស្រុងក៏ថាបាន។ លុះពេលវេលាមកដល់ វាក៏ហួសបាត់ទៅហើយ។ ដូច្នេះការសរសេរគម្រោងផែនការទុកមុនគឺវាល្អបំផុត ចំណេញទាំងពេលវេលា ហើយថែមទាំងអាចជួយក្រើនរំលឹកអ្នកថែមទៀតផង។

២. គម្រោងគោលដៅច្បាស់លាស់ធ្វើឱ្យអ្នកគិតបានស៊ីជម្រៅ និងច្នៃប្រតិដ្ឋខ្ពស់៖ គោលដៅដែលបានរៀបចំល្អហើយ វានឹងមិនធ្វើឱ្យច្របូកច្របល់ ហើយអ្នកអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការរិះរកវិធីដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការសម្រេចកិច្ចការទាំងនោះ។  ដូចអ្វីដែលខ្ញុំបានផ្ដល់ឧទាហរណ៍ជូនអ្នកពីខាងដើមអ៊ីចឹង ពេលដែលខ្ញុំសរសេរអ្វីដែលខ្ញុំត្រូវធ្វើពីព្រឹកព្រលឹមរួចហើយ ខ្ញុំនឹងមិនបាច់ខ្វល់ថាត្រូវធ្វើអ្វីខ្លះទៀតទេ គឺខ្ញុំដឹងច្បាស់អ្វីដែលត្រូវធ្វើ និងទីណាដែលខ្ញុំត្រូវទៅតែម្ដង។ សំខាន់ខ្ញុំមិនចាំបាច់មានចិត្តងាករេ ទៅធ្វើនេះធ្វើនោះ ដោយមិនឆ្ពោះត្រង់ណាឡើយ។ ហើយកិច្ចការមិនសំខាន់ផ្សេងទៀតនឹងមិនអាចចូលមករំខានខ្ញុំឡើយ លុះត្រាតែខ្ញុំធ្វើកិច្ចការដែលខ្ញុំបានសរសេរនោះរួច។ ជាងនេះទៅទៀត ខ្ញុំអាចគិតច្នៃប្រតិដ្ឋទុកមុន ក្នុងការធ្វើយ៉ាងណាឱ្យគោលដៅរបស់ខ្ញុំកាន់តែបានលទ្ធផលខ្ពស់។  គោលដៅរបស់អ្នកអាចនឹងខុសប្លែកពីខ្ញុំបន្តិចបន្តួច ឬខុសទាំងស្រុង ដូចនេះភាពច្នៃប្រតិដ្ឋគឺអាស្រ័យលើកិច្ចការរៀងៗខ្លួន ប៉ុន្តែអ្នកនឹងបានគំនិតជាច្រើនយកទៅវិភាគបន្ទាប់ពីអ្នកបានអានសៀវភៅនេះរួច។

៣. អ្នកនឹងមានកម្លាំងជំរុញដោយមិនដឹងខ្លួន៖ នៅពេលដែលអ្នកបានរៀបចំសរសេរគោលដៅ ដែលត្រូវធ្វើរបស់ខ្លួនទុកលើក្រដាស វាអាចជួយជំរុញអ្នកឱ្យចាប់ផ្ដើមសកម្មភាពធ្វើកិច្ចការនោះដោយស្វ័យប្រវត្តិ។ ជាធម្មតាបើសិនជាអ្នកគិតនៅក្នុងចិត្តថាអ្នកនឹងធ្វើនេះ ឬធ្វើនោះ ជូនកាលអ្នកអាចភ្លេចធ្វើវាក៏ថាបាន ។ និយាយមួយបែបទៀតគឺថាភាពខ្ជិលរបស់អ្នកគ្រប់គ្រងលើអ្នកក៏ថាបាន។

         និយាយដោយស្មោះត្រង់ទៅ មុនពេលដែលខ្ញុំបានដឹងអំពីការសរសេរ ឬរៀបចំផែនការទុកមុនបែបនេះ គឺខ្ញុំតែងធ្វើការដោយភាពច្របូកច្របល់បំផុត។ គ្រប់យ៉ាងគឺគ្មានលំដាប់លំដោយឡើយ ដោយសារតែការគ្មានផែនការច្បាស់លាស់នេះឯង។ ហើយលទ្ធផលនៃការងាររបស់ខ្ញុំមិនសូវដែលបានគាប់ប្រសើរឡើយ។ រហូតដល់ខ្ញុំនឹកឃើញនូវវិធីសរសេរកិច្ចការដែលត្រូវធ្វើ ៣ធំៗប្រចាំថ្ងៃ ជីវិតរបស់ខ្ញុំកាន់តែប្រសើរឡើង ហើយខ្ញុំក៏តែងសប្បាយចិត្ត ជាមួយនឹងលទ្ធផលដែលខ្ញុំទទួលបានប្រចាំថ្ងៃដូចគ្នា។ ជាងនេះទៅទៀត ខ្ញុំអាចគ្រប់គ្រងការងារនិងពេលវេលារបស់ខ្ញុំដោយស្រួល និងមិនមានភាពច្របូកច្របល់ឡើយ។ អ្នកអាចនឹងកុហកអ្នកដទៃបាន ប៉ុន្តែមិនអាចកុហកខ្លួនឯងឡើយ ដូច្នេះការសរសេរកិច្ចការដែលត្រូវធ្វើប្រចាំថ្ងៃរបស់ខ្លួនទុក គឺវាអាចជួយជំរុញដោយផ្ទាល់ដើម្បីសម្រេចបានគោលដៅទាំងនោះ។  

         សរុបសេចក្ដីមក ការសរសេរផែនការប្រចាំថ្ងៃរបស់ខ្លួនទុក គឺជាវិធីមួយដ៏មានប្រសិទ្ធភាពក្នុងការធ្វើតេស្តនូវសមត្ថភាពរបស់អ្នក និងសំខាន់បំផុតគឺការធ្វើតេស្តនូវភាពទទួលខុសត្រូវរបស់ខ្លួនអ្នកផ្ទាល់តែម្ដង។ ខ្ញុំចង់ប្រាប់អ្នកថាភាពជោគជ័យទាំងឡាយ គឺតែងបានមកពីគោលដៅដែលបានរៀបចំបានល្អប្រសើរហើយ។

         ការសរសេរផែនការប្រចាំថ្ងៃ គឺជាចំណុចអាទិភាពដែលខ្ញុំត្រូវគិតជារៀងរាល់ព្រឹកព្រលឹម។ ហើយមិនមែនមានតែខ្ញុំនោះទេដែលធ្វើរឿងនេះ បុគ្គលជោគជ័យជាច្រើននៅលើពិភពលោកក៏ធ្វើវាដែរ។ ដូច្នេះអ្នកគួរតែបានអនុវត្តគោលការណ៍នេះដែរបើសិនជាអ្នកចង់បានជីវិតដែលល្អប្រសើរ។ អ្នកនឹងអាចទទួលបានអ្វីដូចដែលខ្ញុំបានទទួល បើសិនជាអ្នកចាប់ផ្ដើមធ្វើដូចជាខ្ញុំដែរ។

ចំណាំ៖ ត្រូវចាំថា សេដ្ឋីប្រាក់លានទាំងអស់មុននឹងគេទទួលបានជោគជ័យ គឺសុទ្ធតែកើតចេញពីការរៀបចំសរសេរផែនការប្រចាំថ្ងៃ ខែ និងឆ្នាំរបស់គេ ដើម្បីសម្រេចគោលដៅធំៗរបស់ខ្លួន ។ ខ្ញុំនឹងរង់ចាំមើលអ្នកបង្កើតបានទម្លាប់ដ៏ល្អមួយនេះ និងធ្វើឱ្យជីវិតរបស់ខ្លួនកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រភពពីសៀវភៅ៖ មនុស្សឆ្លាត

និពន្ធដោយលោក ង៉ែត ពិសិត

អានសៀវភៅពេញនៅក្នុង WHY READ APP

No comments:

Post a Comment

បញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅនៅក្នុង App Why Read

  ប្រូម៉ូហ្សិនបញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅ នៅក្នុង App  Why Read  អានក៏បាន ស្ដាប់ក៏បានតាមតម្រូវការលោកអ្នក! នៅក្នុងនោះមានសៀវភៅសម្បូរបែប ...