Friday, February 3, 2023

សង្រ្គាមរវាងស្រមោច និងដំរី (ដកស្រង់ពីសៀវភៅ រឹងមាំ)

 

             មានពេលមួយ ពពួកសត្វទាំងឡាយបានប្រមូលផ្ដុំគ្នាជជែកវែកញែកកាត់សេចក្ដី អំពីការប្រកាសប្រកួតគ្នាស្លាប់រស់រវាងហ្វូងសត្វដំរី និងហ្វូងសត្វស្រមោច។

          សត្វស្វាមួយក្បាលបានលើកឡើងថា “​ខ្ញុំជឿថាពពួកសត្វស្រមោចច្បាស់ជាងាប់គ្មានដីកប់ឡើយ! នៅមិននៅហ៊ានប្រកួតស្លាប់រស់ជាមួយដំរី ដែលមានមាឌធំមហិមាបែបនេះ។

          សត្វជ្រូកមួយក្បាលបន្តទៀតថា “ហ្នឹងហើយ! កុំថាឡើយដំរីមួយហ្វូង គ្រាន់តែដំរីមួយក្បាលក៏អាចជាន់កម្ទេចសត្វស្រមោចឱ្យងាប់ទាំងអស់បានដែរ។”​

          សត្វទាំងឡាយបន្ទរសំឡេងព្រមគ្នាថា “ពិតមែនហើយៗ!”

មិនយូរប៉ុន្មាន ពេលវេលានៃការប្រកួតគ្នាស្លាប់រស់ដំរីនិងស្រមោចក៏បានមកដល់។ ពេលនោះផ្ទៃដីដ៏ធំល្វឹងល្វើយត្រូវបានតម្រៀបគ្នាទៅដោយហ្វូងនៃសត្វដំរី រីឯសត្វស្រមោចគឺនៅផ្ដុំគ្នាទាំងអស់បានត្រឹមមួយផ្នែកតូចប៉ុណ្ណោះ។ កាលគ្រានោះស្ដេចនៃសត្វស្រមោចបានចេញមកធ្វើកិច្ចតបសម្ដីជាមួយស្ដេចនៃដំរីជាមុននៅក្នុងជំនុំចំណោមសត្វទាំងឡាយគ្រប់ប្រភេទ ដើម្បីឱ្យធ្វើជាសាក្សី។

          ស្ដេចស្រមោច បាននិយាយទៅកាន់ស្ដេចដំរីថា “បងដំរីថ្ងៃនេះក្រុមនៃយើងទាំង២នឹងប្រកួតគ្នាយកស្លាប់រស់ ប៉ុន្តែខ្ញុំមិនចង់ឱ្យកូនចៅរបស់យើងទាំងពីរកាប់សម្លាប់គ្នាក្រាលឈាមពេញដីនោះទេ។ ការប្រកួតគ្នាថ្ងៃនេះគឺធ្វើឡើងដោយយើងទាំង២នាក់ប៉ុណ្ណោះ។ យើងរៀងៗខ្លួនគឺជាតំណាងឱ្យប្រជាសត្វរបស់យើងទាំងអស់។ ដូច្នេះតើបងគិតដូចម្ដេចដែរ?”

          ស្ដេចដំរីក៏តបសម្ដីទាំងក្រអឺតក្រទម និងសើចចំអកថា “ហាហាហា! យើងចេញប្រកួតតែម្នាក់ឯងគឺពិតជាត្រឹមត្រូវណាស់ ប៉ុន្តែពួកសត្វស្រមោចប៉ុនអាចម៍ចៃឯងចូលមកទាំងអស់មក។ ស្រួលឱ្យយើងសម្លាប់ម្ដងគឺអស់តែម្ដង កុំឱ្យយើងខាតពេលច្រើន”។

          ស្ដេចស្រមោច ឆ្លើយតបទាំងអង់អាចក្លាហានថា “មិនថ្វីទេបងដំរី ត្រឹមខ្ញុំម្នាក់ក៏អាចប្រកួតដឹងឈ្នះដឹងចាញ់ជាមួយនឹងបងដែរ។ យើងអាចមានសត្វដទៃទាំងឡាយធ្វើជាសាក្សីបាន។

          ភ្លាមនោះ សត្វតោដែលជាស្ដេចនៃម្រឹគទាំងឡាយ ក៏បានចេញមុខធ្វើជាអាជ្ញាកណ្ដាល ក្នុងការប្រកួតស៊ីសាច់ហុតឈាមមួយនេះ។

          ទាំងអស់គ្នាមិនទាន់ដឹងថា ការភ្នាល់គ្នានោះនឹងប្រព្រឹត្តិទៅដោយរបៀបណានោះទេ។

          ស្ដេចស្រមោចក៏បានសួរទៅស្ដេចដំរីថា “តើបងដំរីឯងចង់ប្រកួតគ្នាបែបណាដែរ?”

          ដំរីតបថា “ប្រកួតគ្នាបែបណាក៏បាន យ៉ាងណាក៏ឯងគង់តែងាប់នោះទេ”។

          ដោយបានឮស្ដេចដំរីនិយាយបែបនេះ ស្ដេចស្រមោចបានពោលឡើងថា “អ៊ីចឹងខ្ញុំជាអ្នកអារកាត់អំពីវិធីប្រកួតថ្ងៃនេះហើយណា”។

          ស្ដេចដំរីក៍បានងក់ក្បាលយល់ស្រប។

          ភ្លាមនោះ ស្ដេចស្រមោចក៏បានប្រកាសជាសាធារ​ណៈថា “ការប្រកួតថ្ងៃនេះរវាងខ្ញុំនិងបងដំរីគឺការល្បងកម្លាំងរវាងខ្ញុំនិងគាត់ ថាតើមួយណាខ្លាំងជាង ? ហើយអ្នកដែលខ្លាំងជាងគឺជាអ្នកឈ្នះ”​។

          មិនទាន់និយាយចប់ផង សត្វទាំងឡាយនៅទីនោះក៏បានសើចរំពងពេញព្រៃដោយយល់ឃើញថា “សត្វស្រមោចខ្លួនតូចប៉ុណ្ណឹង មកចង់ប្រកួតកម្លាំងជាមួយដំរីដែលមានមាឌយ៉ាងធំបែបនេះ។ តើស្រមោចអាចខ្លាំងជាងដំរីដោយរបៀបណាទៅ?”  គ្រប់គ្នាប្រហែលជាមិនទាន់យល់ពីអត្ថន័យ នៃភាពខ្លាំងដែលស្រមោចចង់បានន័យនោះទេ ទើបសើចចំអកទៅកាន់ស្រមោចខ្លាំងបែបហ្នឹង។

          ភ្លាមនោះ ស្ដេចស្រមោចក៏បានពន្យល់បន្ថែមថា “យើងទាំងពីរនឹងប្រកួតលើកដុំថ្មដែលមានទំហំធំជាងខ្លួនរបស់យើង”។ ស្ដេចស្រមោចក៏បានឱ្យគេរៀបចំចំណែកថ្មជាប្រាំមួយប្រភេទ។

ប្រភេទទី១ មានទំហំប៉ុនខ្លួនរបស់វា

ប្រភេទទី២ មានទំហំធំជាងខ្លួនរបស់វាមួយដង

ប្រភេទទី៣ មានទំហំធំជាងខ្លួនរបស់វាពីរដង

ប្រភេទទី៤ មានទំហំធំជាងខ្លួនរបស់វាបីដង

ប្រភេទទី៥ មានទំហំធំជាងខ្លួនរបស់វាបួនដង

ប្រភេទទី៦ មានទំហំធំជាងខ្លួនរបស់វាប្រាំដង។

          ស្ដេចស្រមោច ក៏បានបង្គាប់ឱ្យគេរៀបចំតម្រៀបថ្មភ្នំទៅតាមទំហំរបស់ដំរីជា ៦ប្រភេទអ៊ីចឹងដូចគ្នា។ រួចវាក៏បានប្រាប់ទៅសាធារណៈជនថា “ការប្រកួតរបស់យើងទាំងពីរ គឺត្រូវលើកថ្មនីមួយៗឱ្យខ្ពស់ហួសផុតពីក្បាលរបស់ខ្លួន។ បើនរណាលើកបានច្រើនជាងគេ អ្នកនោះនឹងឈ្នះ”។

          សត្វទាំងឡាយចំហមាត់ឈរចាំមើលថា តើមួយណាមានកម្លាំងខ្លាំងជាងមួយណា?

          និយាយចប់សព្វគ្រប់ស្ដេចស្រមោច និងស្ដេចដំរីក៏ចាប់ផ្ដើមយុទ្ធនាការរបស់ខ្លួន។ ពួកគេទាំងពីរព្យាយាមរិះរកវិធីរៀងៗខ្លួន ដើម្បីលើកដុំថ្មនីមួយៗឱ្យខ្ពស់ផុតពីលើក្បាលរបស់ខ្លួន។ ស្រមោចក៏ចាប់ផ្ដើមយកមាត់របស់វាខាំពាំដុំថ្មទីមួយ លើកសន្សឹមៗរហូតដល់ហួសផុតក្បាលរបស់ខ្លួន។  សត្វទាំងឡាយក៏បានស្រែកហ៊ោអបអរសាទរដល់ស្ដេចស្រមោច។ វាទម្លាក់ដុំថ្មទី១ចុះ រួចក៏ចាប់ខាំពាំថ្មដែលមានទំហំធំជាងខ្លួនរបស់វាមួយដង។ ទោះជាពិបាកបន្តិច ប៉ុន្តែស្រមោចក៏នៅតែអាចលើករួចខ្ពស់ហួសក្បាលរបស់វាទៀត ។ អ្នករាល់គ្នាក៏បានអបអរសាទរបន្ថែមទៀត។ រួចវាក៏ធ្វើដូចគ្នានេះដែរចំពោះដុំថ្មទី៣ ទី៤ និងទី៥ ហើយវាក៏ធ្វើបានជោគជ័យ។ សត្វទាំងឡាយក៏បានអបអរដូចសព្វដង។ មកដល់ដុំថ្មទី៦ (ថ្មដែលមានទំហំធំជាងខ្លួនរបស់វា ៥ដង) ស្ដេចស្រមោចខំប្រឹងណាស់ដែរ ប៉ុន្តែដុំថ្មរមៀលទៅនេះរមៀលទៅនោះ ខាំរបូតៗរហូតអស់មួយសន្ទុះធំ។ ណាមួយវារាងអស់កម្លាំងផង វាក៏បានសម្រាកមួយភ្លែត។ មិនចាំយូរទេ ស្ដេចស្រមោចក៏បានព្យាយាមម្ដងទៀត។ ដោយសារការព្យាយាម និងការតាំងចិត្តស្រោចស្រង់ជីវិតកូនចៅ វាក៏បានយកមាត់ទៅខាំជាប់នឹងដុំថ្មនោះយ៉ាងខ្លាំង (ស្រក់ទឹកភ្នែកមួយតំណក់លើថ្ពាល់) រួចវាក៏បានលើកដុំថ្មដែលមានទំហំធំជាងខ្លួនរបស់វារហូតដល់ប្រាំដងនោះខ្ពស់ផុតពីក្បាលរបស់វាជាស្ថាពរ។ ពួកបរិវារស្រមោចទាំងអស់បានស្រែកហោរអបអរ បូករួមជាមួយសម្រែកសាទររបស់សត្វទាំងឡាយឡើងកងរំពងពេញព្រៃ។

         បកមកមើលសត្វដំរីវិញ វាដើរវិលទៅវិលមក យកមាត់ផង យកប្រមោយផង និងយកជើងផងដើម្បីលើកថ្មទី១ដែលមានទំហំប៉ុនខ្លួនវានោះ ក៏លើកមិនរួច ចុះទម្រាំអីតែថ្មដែលមានទំហំធំជាងខ្លួនជាគម្រប់៥នោះ ធ្វើម្ដេចនឹងលើករួច។ ស្ដេចដំរីទាល់តម្រិះ ក៏ប្រកាសខ្លួនសុំចុះចាញ់ស្ដេចស្រមោច និងសុំការអភ័យទោសអំពីស្ដេចស្រមោចទៀតផង។ ស្ដេចស្រមោចបានយោគយល់អធ្យាស្រ័យដល់ស្ដេចដំរី ហើយបានរាប់គ្នាជាមិត្តតទៅអើយ។

ខ្ញុំតែងនិពន្ធរឿងខាងលើនេះឡើង គឺគ្រាន់តែចង់ដាស់តឿនក្រើនរំលឹក ដល់សាធារណៈជនឱ្យបានជ្រាបថា មនុស្សម្នាក់ៗមិនថាឋានៈតូចឬឋានៈធំប៉ុនណា ក៏គេមានចំណុចខ្លាំងនិងតួនាទីរបស់គេដែរ ។ មិនគួរមើលស្រាលនរណាម្នាក់ឡើយ។ យើងខ្លាំងចំពោះកិច្ចការនិងតួនាទីរបស់យើងហើយគេអាចខ្លាំងក្នុងតួនាទីរបស់គេ។ ទោះជាមានឬក្រ ម្នាក់ៗគឺត្រូវបានទទួលសិទ្ធិក្នុងការឱ្យតម្លៃស្មើៗគ្នា។ ថៅកែធ្វើតួនាទីរបស់ថៅកែ បុគ្គលិកធ្វើតួនាទីរបស់បុគ្គលិក អ្នកក្រុងធ្វើតួនាទីរបស់អ្នកក្រុង​ រីឯអ្នកស្រែធ្វើតួនាទីរបស់អ្នកស្រែ។ តម្លៃគឺគួរទទួលបានស្មើៗគ្នា។ កុំអាងខ្លួនធំជិះជាន់អ្នកទន់ខ្សោយ។ បើយកអ្នកកាន់ប៊ិកឬកុំព្យូទ័រ ឱ្យទៅកាន់ចបនិងបង្គីគឺពិតជាពិបាក រីបើយកអ្នកកាន់បង្គីឬចប ឱ្យទៅកាន់ប៊ិក ឬកុំព្យូទ័រគឺរឹងរឹតតែមិនអាចទៅរួច។ ម្នាក់ៗគឺមានសមត្ថភាពរៀងៗខ្លួន។ មេរៀនមួយផ្សេងទៀតដែលអ្នកគួររៀនអំពីរឿងខាងលើនោះគឺ​​ បើទោះជាអ្នកខ្សត់ខ្សោយក៏ដោយក៏គួរឱ្យតម្លៃខ្លួនឯងដែរ ព្រោះអ្នកមានចំណុចខ្លាំងរបស់អ្នក។ ដូចជាសត្វស្រមោចនៅក្នុងរឿងខាងលើអ៊ីចឹង បើឱ្យវាទៅលើកដុំថ្មដែលមានទំហំប៉ុនខ្លួនដំរី គឺច្បាស់ជាមិនអាចទៅរួចទេ។ វាមានសមត្ថភាពធ្វើនូវរឿងណាដែលអាចទៅរួចប៉ុណ្ណោះ។ តើអ្នកដឹងទេ​ ពេលខ្លះយើងអាចធ្វើអ្វីមួយ ដោយគេមើលទៅថាសមត្ថភាពរបស់យើងមិនដល់ក៏ថាបាន។ ឱ្យតែមានការតាំងចិត្ត និងព្យាយាមបន្តិចគឺគង់តែធ្វើបាននោះទេ។ រឿងដែលធ្វើមិនបាន គឺការដែលឈប់ធ្វើពាក់កណ្ដាលទី។ ចំណុចល្អម្យ៉ាងទៀតដែលយើងអាចរៀនពីរឿងខាងលើ គឺថាមេដឹកនាំគឺត្រូវមានចិត្តលះបង់ និងមានភាពអង់អាច ដើម្បីជួយដោះទុក្ខធុរៈដល់កូនចៅ ដែលនៅក្រោមបង្គាប់របស់ខ្លួន។ មេដែលល្អគឺជាមេដែលមានទំនួលខុសត្រូវខ្ពស់ចំពោះកូនចៅ ចេះផ្ដល់លាភសក្ការៈដល់កូនចៅ និងចេះគាំពារកូនចៅរបស់ខ្លួន នៅពេលដែលគ្នាជួបទុក្ខលំបាក។ អ្វីដែលសំខាន់គឺត្រូវមានច្បាប់និងវិន័យក្រឹត្យក្រមច្បាស់លាស់ចំពោះខ្លួន និងកូនចៅក្រោមបង្គាប់។ ស្ដេចស្រមោចសុខចិត្តយកខ្លួនមកប្រកួតជាមួយស្ដេចដំរី ដោយមិនចង់ឱ្យកូនចៅរបស់ខ្លួនស្លាប់ឬមានទុក្ខលំបាកឡើយ។ ហើយអ្វីដែលសំខាន់ ធ្វើជាមេដឹកនាំ គួរតែមានប្រាជ្ញាឈ្លាសវៃ ចេះបត់បែន និងប្រកាន់ខ្ជាប់នូវសច្ចភាព។ មិនថាមេដឹកនាំ ឬកូនចៅក្ដី ឱ្យតែមានចំណុចខាងលើនេះ គឺសុទ្ធតែទទួលបានការគោរពស្រឡាញ់ពីសំណាក់អ្នកនៅជុំវិញគ្រប់ៗគ្នា។ រឿងចុងក្រោយដែលយើងអាចរៀនពីរឿងខាងលើ គឺការចេះអត់ឱនយោគយល់អធ្យាស្រ័យចំពោះគ្នានិងគ្នា​ ។ ក្នុងន័យនេះគឺមិនមែនអត់ឱនទាំងល្ងង់ខ្លៅ ឬអត់ឱនដោយសារការលម្អៀងនោះទេ គឺខ្ញុំចង់សំដៅដល់ការអត់ឱនឱ្យឱកាសដល់មនុស្សណាដែលចេះកែខ្លួន ឬសុំឱកាសដើម្បីកែខ្លួនជាដើម។ ស្ដេចស្រមោចប្រើប្រាជ្ញា បូករួមទាំងកម្លាំងកាយ ដើម្បីបង្រ្កាបភាពអំនួតរបស់ស្ដេចដំរីជាដំបូងសិន ទើបប្រើវិធីអត់ឱនចងចំណងមិត្តភាពតាមជាក្រោយ។ នេះទើបហៅថាការអត់ឱនដែលប្រកបដោយបញ្ញា។ សរុបសេចក្ដីមក សក្ដានុពលនៅក្នុងខ្លួនរបស់យើងម្នាក់ៗគឺសុទ្ធតែមានតម្លៃ និងសំខាន់រៀងៗខ្លួន។​ ដូច្នេះត្រូវចេះប្រើវាឱ្យជាប្រយោជន៍ចំពោះខ្លួនឯង និងសង្គមជាតិយើងផង។ ឱ្យតម្លៃទាំងខ្លួនអ្នក និងអ្នកដទៃ ពីព្រោះម្នាក់ៗ គឺសុទ្ធតែត្រូវការការ​ឱ្យតម្លៃបែបនេះដូចគ្នា។ ល្អបំផុត គ្រប់ពេលសម្រេចចិត្តធ្វើអ្វីមួយ គួរណាស់ចេះយកខ្លួនយើងជាគ្រឿងប្រៀបធៀប។ នោះទើបយើងអាចស្វែងយល់អំពីចិត្តរបស់អ្នកដទៃជាបណ្ដើរៗ។

ប្រភពពីសៀវភៅ៖ រឹងមាំ

និពន្ធដោយលោក ង៉ែត ពិសិត

អានសៀវភៅពេញនៅក្នុង WHY READ APP

No comments:

Post a Comment

បញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅនៅក្នុង App Why Read

  ប្រូម៉ូហ្សិនបញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅ នៅក្នុង App  Why Read  អានក៏បាន ស្ដាប់ក៏បានតាមតម្រូវការលោកអ្នក! នៅក្នុងនោះមានសៀវភៅសម្បូរបែប ...