តាមពិតអ្នកមាន និងអ្នកក្រមិនមែនមួយណាពូកែជាងមួយណានោះទេពេលដែលកើតមកដំបូង ប៉ុន្តែពេលធំដឹងក្តីឡើង មានអ្នកខ្លះក្លាយទៅជាអ្នកមាន និងអ្នកខ្លះទៀតនៅតែក្រ។ អាថ៌កំបាំងនៅត្រង់ថាអ្នកមានគឺមានផ្នត់គំនិតជាអ្នកមាន ដោយឡែកអ្នកក្រពុំមានផ្នត់គំនិតនោះនោះឡើយ។ ទំព័របន្ទាប់នឹងបញ្ជាក់ប្រាប់អ្នកឱ្យស្គាល់អំពីភាពខុសប្លែកគ្នារវាងផ្នត់គំនិតអ្នកមាន និងផ្នត់គំនិតអ្នកក្រ។
ភាពខុសគ្នារវាងផ្នត់គំនិតអ្នកមាន និងអ្នកក្រ
- អ្នកមានបង្កើតផ្នត់គំនិតហិរញ្ញវត្ថុដោយខ្លួនឯង៖ ពួកគេឱ្យតម្លៃលុយទៅតាមនិយមន័យ ដែលគេបង្កើតដោយខ្លួនគេផ្ទាល់ គឺមិនផ្ដេកផ្តួលទៅលើនិយមន័យរបស់អ្នកដទៃឡើយ។ អ្នកក្រគិតថាលុយជាអាវុធរបស់អ្នកមានធ្វើបាបអ្នកក្រ ឬក៏គិតថាអ្នកមានជាមនុស្សលោភលន់។ ដោយផ្នត់គំនិតនេះ អ្នកក្រនៅតែក្រពីព្រោះផ្នត់គំនិតរបស់ពួកគេទៅលើលុយគឺអវិជ្ជមាន។ បើទោះបីជាពួកគេថាលុយអាក្រក់ ឬអ្នកមានគឺជាមនុស្សមិនល្អ “លោភលន់” ប៉ុន្តែហេតុអ្វីបានជាពួកគេខិតខំងើបពីព្រលឹមទៅធ្វើការដើម្បីប្តូរយកប្រាក់ខែបន្តិចបន្តួច ទាំងពេលខ្លះត្រូវមេស្ដីឱ្យ និងមានបញ្ហាផ្សេងៗទៀត? ផ្ទុយស្រឡះពីអ្នកមាន គឺពួកគេមានទំនោរទៅរកភាពឯករាជ្យខាងផ្នែកហិរញ្ញវត្ថុ ពីព្រោះពួកគេគិតថាពេលដែលមានលុយច្រើន គេអាចជួយមនុស្សបានច្រើនដោយមិនចាំបាច់បានត្រឹមតែអង្គុយនិយាយដូចអ្នកក្រ “បើខ្ញុំមានលុយ ខ្ញុំនឹងធ្វើនេះធ្វើនោះ ខ្ញុំនឹងជួយនេះជួយនោះ ប៉ុន្តែជាលទ្ធផលគ្មានបានធ្វើ ឬជួយអ្វីសោះ”។ នេះគ្រាន់តែជាលេស សម្រាប់លាក់បាំងភាពខ្ជិលច្រអូសរបស់អ្នកក្រប៉ុណ្ណោះ។ ហើយជាពិសេសអ្នកមាន គឺមានការតាំងចិត្តខ្ពស់ដោយប្រាប់ខ្លួនពួកគេថា គេនឹងមិនធ្វើជាទាសកររបស់លុយអស់មួយជីវិតនោះទេ ដូច្នេះទើបអ្នកមានព្យាយាមរៀនពីផ្នែកគ្រប់គ្រងនិងប្រើប្រាស់លុយ រួចចាប់ផ្តើមធ្វើជំនួញ និងវិនិយោគ បើទោះបីជាចំណុចដំបូងៗ ឬចំណុចចាប់ផ្តើមរបស់ពួកគេជួបប្រទះនូវឧបសគ្គខ្លះក៏ដោយ ព្រោះពួកគេគិតថាមានតែអ្នកក្រ និងអ្នកមធ្យមនោះទេដែលតែងរក្សាខ្លួនរបស់ពួកគេនៅក្នុងទ្រុងសុវត្ថិភាព “ធ្វើការឱ្យគេប្តូរយកប្រាក់ខែដោយមិនចាំបាច់ខ្វល់ពីការខាតបង់ ឬចំណេញឡើយ”។
- អ្នកមានធ្វើការច្រើនជាងអ្នកក្រ៖ ជាទូទៅអ្នកក្រនិងអ្នកធនមធ្យមធ្វើការ ៨ម៉ោងក្នុងមួយថ្ងៃ បន្ទាប់ពីនោះពួកគេយកពេលរបស់ពួកគេទៅដើរលេង និយាយគ្នាលេងឥតប្រយោជន៍ ផឹកស៊ី លេង Games ប្រើ Facebook មើលទូរទស្សន៍។ល។ ដោយគិតថាគេអស់កម្លាំងណាស់ ចង់សម្រាកខ្លះ ប៉ុន្តែអ្នកមានតែងធ្វើការ១០ទៅ១២ម៉ោង ច្រើនជាងអ្នកក្រ ២ទៅ៤ម៉ោងក្នុងមួយថ្ងៃ។ ហើយពួកគេតែងចំណាយពេលដែលនៅសេសសល់ ទៅលើការ វិនិយោគលើខ្លួនឯងផ្ទាល់ដូចជា អានសៀវភៅដើម្បីបណ្ដុះផ្នត់គំនិត និងជំនាញជាដើម ។
- អ្នកមានគិតធំ៖
បើទោះបីជាពួកគេកំពុងធ្វើការឱ្យគេក៏ដោយ ប៉ុន្តែពួកគេមានផ្នត់គំនិតបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ ពួកគេមិនធ្វើការដើម្បីតែលុយនោះទេគឺពួកគេតែងពង្រឹងខ្លួន និងរៀនពីថៅកែឬអ្នកមានដទៃទៀតដើម្បីអាចឱ្យគេយកជំនាញ
ដែលគេមានទៅចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។
នៅពេលដែលអ្នកមានគោលដៅចង់ក្លាយទៅជាម្ចាស់ក្រុមហ៊ុនផ្ទាស់ខ្លួន
ទោះឥឡូវអ្នកកំពុងតែធ្វើការឱ្យគេក៏ដោយ
ក៏អ្នកមិនចាត់ទុកតម្លៃខ្លួនរបស់អ្នកត្រឹមតែជាបុគ្គលិកធម្មតាដែរ។ ការគិតធំ និងឱ្យតម្លៃខ្ពស់ចំពោះខ្លួនអ្នកនោះហើយនឹងរុញច្រានឱ្យអ្នកមានសកម្មភាព
និងអាកប្បកិរិយាខុសពីបុគ្គលិកធម្មតាដទៃ។ ខ្ញុំនិយាយត្រង់នេះមិនមែនចំពោះមនុស្សដែលក្រអឺតក្រទមនោះទេ
តែខ្ញុំសំដៅដល់មនុស្សដែលចេះត្រៀមខ្លួនក្នុងការចាប់យកឱកាស
និងដើរឆ្ពោះទៅរកគោលដៅរបស់ខ្លួន។ ទន្ទឹមនឹងនេះ
អ្នកមានគឺតែងព្យាយាមទំនាក់ទំនងមនុស្សដទៃដែលមានជំនាញដូច ឬផ្សេងគ្នាដើម្បីផ្លាស់ប្តូរផ្នត់គំនិត
ឬចូលរួមបង្កើតអាជីវកម្មរបស់ពួកគេរួមគ្នាឱ្យបានផងដែរ។
- អ្នកមានចេះចាប់ឱកាស៖ អ្នកមានតែងគិតថាឧបសគ្គ ឬការលំបាកគឺជាឱកាស ដោយឡែកអ្នកក្រគិតថានោះគឺជាឧបសគ្គ ឬការប្រថុយប្រថានខ្ពស់ដែលពួកគេមិនគួរធ្វើ។ អ្នកក្រមិនសុខចិត្តខាតបង់ដោយគិតថាខ្លួនគេឆ្លាត ប៉ុន្តែនេះគឺជាភាពដ៏ល្ងង់ខ្លៅសម្រាប់អ្នកមាន។ អ្នកមានសុខចិត្តប្រថុយក្នុងការធ្វើជំនួញ បើទោះបីជាគេបរាជ័យពីចំណុចតូចៗនោះខ្លះក៏ដោយ ក៏គេបានរៀននូវមេរៀនជាច្រើនពីការបរាជ័យនោះ ប៉ុន្តែសម្រាប់អ្នកក្រវិញសុខចិត្តប្រថុយក្នុងការលេងឆ្នោត បើចាក់ត្រូវក៏សប្បាយចិត្ត រីឯបើមិនត្រូវក៏អង្គុយពិបាកចិត្ត ហើយគ្មានបានចំណេះដឹងពីនោះអ្វីសោះឡើយ។
- អ្នកមានពូកែទំនាក់ទំនង និងចេះប្រើមនុស្ស៖ អ្នកមានគឺមិនមែនជាមនុស្សដែលរៀនអ្វីមួយនៅក្នុង និងក្រៅសាលាពូកែជាងគេនោះទេ។ អ្នកមានភាគច្រើនគឺមិនចូលចិត្តរៀនអ្វីដែលគេមិនចូលចិត្ត ឬក៏អ្វីមួយដែលគេមិនដែលយកទៅប្រើ សម្រាប់ជីវិតពិតរបស់ពួកគេឡើយ ប៉ុន្តែពួកគេឆ្លាតក្នុងការទំនាក់ទំនងមនុស្សពូកែៗ ដែលបានបញ្ចប់ការសិក្សាពីសាលាមកធ្វើការឱ្យគេ។ មនុស្សដែលពូកែតែជំនាញមួយដែលខ្លួនបានរៀន ភាគច្រើនគឺជាមនុស្សដែលធ្វើការឱ្យមនុស្សដែលឆ្លាត (អ្នកមាន)។ អ្នកមានគឺជាមនុស្សដែលមានគំនិតច្នៃប្រតិដ្ឋខ្ពស់ ហើយមានផ្នត់គំនិតខុសពីមនុស្សធម្មតា ដែលគេអាចហៅបានថាមនុស្សជោគជ័យ។ ពួកគេគឺជាមនុស្សដែលចូលចិត្តធ្វើអ្វីប្លែកៗខុសពីមនុស្សធម្មតាចូលចិត្ត។ អ្នកក្រខ្លាចហានិភ័យ អ្នកមានគិតថាហានិភ័យគឺជាឱកាស។ មនុស្សធម្មតា គឺជាមនុស្សដែលឧស្សាហ៍ធ្វើការឱ្យអ្នកដទៃ ប៉ុន្តែអ្នកមានគឺជាមនុស្សដែលខ្ជិលក្នុងការធ្វើការឱ្យអ្នកដទៃ។ អ្នកមានគឺជាមនុស្សដែលចូលចិត្តក្នុងការធ្វើជំនួញ និងវិនិយោគ។ មនុស្សខ្លះគិតថា បើខ្លួនគេពូកែខាងផ្នែកអ្វីមួយមកពីសាលា គឺគ្រប់គ្រាន់សម្រាប់ពួកគេអាចរកប្រាក់ខែចិញ្ចឹមជីវិតបានហើយ ដោយមិនដឹងថាខ្លួនគេផ្ទាល់ កំពុងដាក់អន្ទាក់ខ្លួនឯងឱ្យជាប់ក្នុងស្ថានភាព “ត្រូវងើបពីព្រលឹមដើម្បីទៅធ្វើការឱ្យអ្នកដទៃ ដោយលក់ទាំងពេលវេលា និងចំណេះដឹងដើម្បីប្តូរយកលុយបន្តិចបន្តួច”។ អាចនិយាយម្យ៉ាងទៀតបានថាពួកគេត្រូវរត់រកលុយពេញមួយជីវិត ប៉ុន្តែមិនដែលធ្វើឱ្យលុយរត់រកពួកគេវិញឡើយ។ សម្រាប់អ្នកមាន បើទោះបីពេលខ្លះគេរៀនមិនសូវពូកែនៅក្នុងសាលាក៏ដោយ ប៉ុន្តែគេបណ្ដុះជំនាញមួយដែលអស្ចារ្យ គឺការទំនាក់ទំនងជាមួយមនុស្សដែលពូកែៗចេញពីសាលា ឱ្យទៅធ្វើការឱ្យគេដូចជាលោក Bill Gates គាត់មិនមែនជាសិស្សដែលពូកែផុតគេនោះទេ ពេលដែលគាត់រៀននៅក្នុងសាកលវិទ្យាល័យ Harvard ប៉ុន្តែគាត់ជាមនុស្សឆ្លាតក្នុងការអូសទាញមនុស្សដែលពូកែៗមកធ្វើការឱ្យគាត់ ដោយគាត់ជាថៅកែរបស់មនុស្សដែលពូកែទាំងនោះ។ ហើយគាត់បានប្រើប្រាស់ចំណេះដឹង និងពេលវេលារបស់អ្នកពូកែទាំងនោះទៅបង្កើតលុយសម្រាប់គាត់។ យ៉ាងណាការប្រាស្រ័យទាក់ទងល្អ ជាមួយមនុស្សដែលពូកែ និងឆ្លាតគឺតែងធ្វើឱ្យជីវិតអ្នកផ្លាស់ប្តូរបានយ៉ាងលឿន និងប្រសើរឡើង។
- អ្នកមាន ចាយលុយព្រោះគេមានច្រើនរួចហើយ អ្នកក្រចាយលុយ ព្រោះចង់ឱ្យអ្នកដទៃគិតថាគេជាអ្នកមាន៖ បើអ្នកមានទិញទូរស័ព្ទទំនើបមួយ គឺពួកគេមានលុយអាចទិញទូរស័ព្ទ ១០០ គ្រឿងឯណោះ។ អ្នកក្រគ្មានលុយទិញទូរស័ព្ទទំនើបមួយគ្រប់ផង ក៏ទិញដែរដោយការបង់រំលស់ ឬខ្ចីធនាគារជាដើម។ ដូច្នេះពួកគេត្រូវខិតខំធ្វើការ ដើម្បីបង់ការប្រាក់ទៅឱ្យធនាគារជារៀងរាល់ខែ។ ម្យ៉ាងវិញទៀត ឧទាហរណ៍ថាបើទូរស័ព្ទដែលគេទិញនោះតម្លៃ ១,០០០ដុល្លារ នៅពេលគេលក់វិញគឺនៅសល់ត្រឹម ៥០០ ដុល្លារ ឬទាបជាងនេះដែលជាកត្តាធ្វើឱ្យពួកគេខាតលើខាតបណ្ដាលឱ្យខ្លួនពួកគេកាន់តែក្រទៅៗ។ ខ្ញុំគ្រាន់តែលើកឧទាហរណ៍មួយហ្នឹងទេ ដើម្បីជាការប្រៀបធៀបរវាងអ្នកមាននិងអ្នកក្រចាយលុយ ប៉ុន្តែនៅមានរឿងជាច្រើនទៀតដូចជាការទិញ ម៉ូតូ ឡាន ផ្ទះ ឬ របស់ផ្សេងៗទៀត ដោយមិនបានយល់ពីការគ្រប់គ្រងសាច់ប្រាក់ឱ្យបានច្បាស់លាស់។ អ្នកនឹងដឹងច្បាស់ពីលំហូរសាច់ប្រាក់របស់អ្នកមាន អ្នកក្រ និងអ្នកមធ្យមនៅក្នុង Part II នៃសៀវភៅនេះ។
- អ្នកមានទិញទ្រព្យ និងអ្នកក្រទិញបំណុល៖ អ្នកមានទិញរបស់ដែលអាចបង្កើតលុយឱ្យពួកគេបន្ត រីឯអ្នកក្រទិញរបស់ដែលតែងតែទាញលុយចេញពីខ្លួនគេ។ អ្នកនឹងបានស្គាល់ពីនិយមន័យ ទ្រព្យ និងបំណុលនៅចំណុចបន្ទាប់ៗ។
រឿង ការប្រើលុយរបស់អ្នកមាន និងអ្នកក្រ
ខ្ញុំមានមិត្តភក្តិពីរនាក់ ពួកគាត់មានលុយ 50,000$ ម្នាក់។ មិត្តភក្តិខ្ញុំម្នាក់ គាត់បានយកលុយរបស់គាត់ទៅទិញឡានទំនើប និងរបស់របរទំនើបផ្សេងៗទៀតដើម្បីប្រើប្រាស់ និងធ្វើឱ្យជីវិតរបស់គាត់ស៊ីវីល័យ។ ប៉ុន្តែមិត្តភក្តិខ្ញុំម្នាក់ទៀត គាត់បានយកលុយរបស់គាត់ទៅទិញដីមួយកន្លែងតម្លៃ ២ម៉ឺនដុល្លារ ហើយគាត់បានសង់ផ្ទះជួលមានចំនួន ៥០បន្ទប់ ដែលចំណាយលុយដើម្បីសាងសង់អស់ប្រមាណជាជាង៣ម៉ឺនដុល្លារ ដោយគាត់ខ្ចីបងប្អូនសាច់ញាតិបន្ថែមបន្តិចបន្តួច។ រហូតដល់សាងសង់រួច គាត់ក៏បានជួលឱ្យអ្នកជួលទាំងអស់ ដោយមានបន្ទប់ខ្លះតម្លៃ ៥០ដុល្លារ ៨០ដុល្លារ និង១០០ដុល្លារ។ មួយរយៈពេលខ្លីក្រោយមក គាត់ក៏បានសងលុយត្រឡប់ទៅឱ្យបងប្អូនដែលគាត់បានខ្ចីនោះវិញ។ រួចគាត់ក៏បានគិតគូរថា គាត់បានចំណូលថេរ ពីទ្រព្យរបស់គាត់នោះប្រមាណ ៣,៥០០ដុល្លារក្នុងមួយខែ។ អ្វីដែលសំខាន់ជាងនេះគឺនៅត្រង់ថា គាត់ចំណេញពីអចលនទ្រព្យរបស់គាត់យ៉ាងសន្ធឹកសន្ធប់ ដោយប៉ុន្មានឆ្នាំក្រោយមកមានគេឱ្យតម្លៃអចលនទ្រព្យ (ដី និងផ្ទះ) នោះរហូតដល់ ៨៥០,០០០ដុល្លារ ដោយគាត់ចំណាយលុយដំបូងអស់ត្រឹមប្រមាណ ៥៥,០០០ ដុល្លារប៉ុណ្ណោះ ដែលបានចំណេញគុណនឹងជាង ១០ ដងឯណោះ។ បន្ថែមពីនេះទៅទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំហ្នឹង គឺគាត់បានលុយពីការជួលផ្ទះលើសពីតម្លៃដែលគាត់បានទិញដី និងផ្ទះនោះទៅទៀត ដោយមួយឆ្នាំ គាត់អាចរកចំណូលពីផ្ទះនោះដល់ទៅប្រមាណ ៤០,០០០ ដុល្លារ។ គាត់ក៏បានយកលុយនោះទៅបង្កើតបានផ្ទះជួល និងទិញដីបានជាច្រើនកន្លែង ដែលជាកត្តាធ្វើឱ្យគាត់កាន់តែមានទៅៗ។ រីឯមិត្តភក្តិខ្ញុំម្នាក់ទៀត ដែលយកលុយទៅទិញឡាន និងរបស់ទំនើបប្រើប្រាស់នោះ គ្មានទទួលបានអ្វីទាំងអស់គឺមានតែខាតឡើង។ យ៉ាងណាមិញ គឺវាសំខាន់ណាស់ដែលអ្នកមានទិញតែទ្រព្យ ចំណែកអ្នកក្រគឺទិញតែបំណុល។ ដូច្នេះពេលនេះជាជម្រើសរបស់អ្នកហើយ ពីព្រោះអ្នកបានដឹងអំពីអាថ៌កំបាំងក្នុងការចាយវាយលុយដ៏អស្ចារ្យមួយនេះ។
-អ្នកមានស្ងើចសរសើរនឹងការប្រឹងប្រែង និងភាពជោគជ័យរបស់អ្នកមាន៖ ផ្នត់គំនិតអ្នកមានគឺតែងគិតវិជ្ជមានទៅលើអ្នកដែលជោគជ័យ។ ផ្ទុយពីអ្នកក្រគឺតែងគិតថាអ្នកមានគឺអាត្មានិយម
លោភលន់ ចិត្តអាក្រក់ ។ល។ ដោយសារផ្នត់គំនិតបែបនេះទើបធ្វើឱ្យពួកគេនៅតែក្រ។
តាមពិតទៅ បើយើងក្រឡេកទៅមើលខ្សែជីវិតរបស់ពួកអ្នកមាន ពួកគេតែងលះបង់ការសប្បាយផ្ទាល់ខ្លួននៅអំឡុងពេលភាពជាយុវវ័យរបស់ពួកគេ។ អ្នកមានតែងព្យាយាមសិក្សាស្រាវជ្រាវអានសៀវភៅ និងប្រឡូកកិច្ចការផ្សេងៗដោយខ្លួនពួកគេផ្ទាល់
ទម្រាំពួកគេក្លាយទៅជាអ្នកមានបាន។ ហើយនៅពេលដែលពួកគេមាន គេតែងជួយមនុស្សជាច្រើនដូចជាការផ្ដល់ជាលុយកាក់
សម្ភារៈដល់អ្នកក្រ និងជាពិសេសពួកគេតែងចែករំលែកនូវចំណេះដឹង
បទពិសោធនានាអំពីការខិតខំព្យាយាមរបស់ពួកគេ ទម្រាំពួកគេឈានមកដល់កម្រិតនេះទៅកាន់សាធារណៈជនទាំងឡាយទៀតផង។ បុគ្គលជោគជ័យធំៗភាគច្រើនគឺតែងធ្វើការងារ ដើម្បីតែជួយសម្រួលបញ្ហាជូនប្រជាជនក្នុងប្រទេសរបស់គេ
និងពិភពលោកទាំងមូល។ ដូចជា លោក Bill Gates បង្កើត Microsoft, លោក Jack Ma បង្កើត Alibaba, លោក Mark Zuckerberg បង្កើត Facebook, លោក Jeff Bezos បង្កើត Amazon, លោក Thomas Edison បង្កើតអំពូលភ្លើង។ល។ ពួកគេតែងព្យាយាម
ដើម្បីសម្រេចបានការងារដ៏លំបាកទាំងអស់នោះ។ តើពួកគេអាត្មានិយម
ឬអាក្រក់តាមតែពាក្យរបស់អ្នកក្រថាដែរឬទេ? ចម្លើយគឺអត់ទេ។
បើយើងចេះសរសើរ អំពីភាពជោគជ័យរបស់អ្នកមាន យើងនឹងមានកម្លាំងចិត្តយ៉ាងមុតមាំ ដើម្បីសម្រេចបានដូចពួកគេ។ ពីព្រោះតែផ្នត់គំនិតវិជ្ជមាននេះឯង ទើបធ្វើឱ្យយើងចង់ចេះចង់រៀនពីអ្នកមាន និងជាពិសេសគឺចង់ជោគជ័យដូចគេ ។
- អ្នកមានបង្កើតការងារ អ្នកក្ររត់រកការងារ៖ អ្នកមានតែងមានគំនិតបង្កើតការងារឱ្យអ្នកក្រធ្វើ។ ពួកគេបង្កើតជាជំនួញផ្សេងៗ រួចជួលអ្នកក្រមកធ្វើការបង្កើតលុយឱ្យពួកគេ។ អ្នកមានបង្កើតចំណូលពីមនុស្ស ១០០, ២០០ ឬ១,០០០នាក់ រីឯអ្នកក្ររកចំណូលដោយការខិតខំពីខ្លួនគេផ្ទាល់តែម្នាក់ឯងគត់។ អ្នកក្រគឺតែងរត់រកការងាររហូតពេញមួយជីវិត ពីព្រោះពួកគេមិនដែលមានផ្នត់គំនិតបង្កើតការងារដូចអ្នកមានទេ។
ប្រភពពីសៀវភៅ៖ ចាំបាច់ត្រូវដឹង
និពន្ធដោយលោក ង៉ែត ពិសិត
អានសៀវភៅពេញនៅក្នុង WHY READ APP
No comments:
Post a Comment