Sunday, February 5, 2023

សៀវភៅ ប្រាជ្ញាអាថ៌កំបាំង និពន្ធដោយលោក ង៉ែត ពិសិត


សៀវភៅមួយក្បាលនេះត្រូវបានចម្រាញ់នូវសាច់រឿងខ្លីៗដែលពោរពេញទៅដោយភាពរស់រវើក និង​មានការឆ្លុះបញ្ចាំងពីតថភាពពិតជាក់ស្ដែង ទាំងចំពោះស្ថានភាពសង្គម អតីត បច្ចុប្បន្ន និងអនាគត។​​ 
ខ្ញុំបានព្យាយាមផ្ដួចផ្ដើមចងក្រងជាគំនិតបង្កើតជាសាច់រឿងខ្លីៗ ដែលពោរពេញទៅដោយការអប់រំ និងជាល្បងប្រាជ្ញាដើម្បីដាស់អារម្មណ៍មិត្តអ្នកអានទាំងឡាយ ឱ្យរំភើបញាប់ញ័រ និងបង្កើតនូវឆន្ទៈមុះមុតក្នុងការសម្រេចបាននូវក្ដីបំណងបច្ចុប្បន្ននិងអនាគត។ សៀវភៅមួយនេះនឹងធ្វើឱ្យមិត្តអ្នកអានមានមនោសញ្ចេតនាខ្ពស់ និងយល់ដឹងពីចិត្តសាស្រ្តរបស់មនុស្សកាន់តែស៊ីជម្រៅផងដែរ។

មាតិកា                                                                       

អារម្ភកថា 

១.​ សោកស្ដាយ 

២. មានស្មារតី មានសង្ឃឹម

៣.​ កុំទាន់អាលមើលងាយ 

៤. ពូថៅ Vs. ឡាម 

៥. នរណាជាអ្នកឆ្លាត? 

៦. ផ្គាប់ចិត្ត

៧. ប្ដីប្រពន្ធស្មោះត្រង់ 

៨. ស្ដេចនាគ Vs. កូនកង្កែប 

៩. ប្រស្នាបះសក់

១០. ប្រៀបធៀប

១១. ព្រះអង្គម្ចាស់ឈ្លាសវៃ 

១២. មើលរំលង

១៣. ពាក្យសម្ដី

១៤. ជំនះព្រហ្មលិខិត 

១៥.​ ថ្មធម្មតា Vs. ថ្មចម្លាក់ព្រះ

១៦. បើមិនឱ្យតម្លៃខ្លួនអ្នក តើនរណាឱ្យតម្លៃអ្នក 

១៧. កាប់មុនសំលៀង ឬសំលៀងមុនកាប់ 

១៨. បើអ្នកមិនព្រមចុះចាញ់ អ្នកនឹងឈ្នះ

១៩. ក្ដីស្រមៃ

សេចក្ដីថ្លែងអំណរគុណ 


រឿងទី១

សោកស្ដាយ

             មានសម្លាញ់ពីរនាក់ ដែលមានអាយុស្របាលគ្នារស់នៅតាមតំបន់ជួរភ្នំ​ ម្នាក់ឈ្មោះថា វាសនា និង​ម្នាក់ទៀតឈ្មោះ និស្ស័យ។ និស្ស័យមានគ្រួសារមួយយ៉ាងកក់ក្ដៅ ហើយគេមានជីវភាពធូរធារផងដែរ។​

ដោយឡែក វាសនាគឺជាក្មេងកំព្រាគួរឱ្យអាណិតម្នាក់។ ឪពុកម្ដាយរបស់គេ បានស្លាប់ចោលគេតាំងតែពីគេមានអាយុ ៧ ឆ្នាំមកម៉្លេះ។ ប៉ុន្តែវាសនាគឺជាក្មេងដ៏ឧស្សាហ៍ព្យាយាម និងពុះពារគ្រប់ឧបសគ្គជីវិតរបស់គេគ្រប់យ៉ាង។

វាសនា និងនិស្ស័យគឺតែងតែទៅងូតទឹកជ្រោះ ដែលនៅជិតផ្ទះរបស់ពួកគេជារៀងរាល់ល្ងាច។ ខ្សែជីវិតរបស់ពួកគេថ្វីដ្បិតតែខុសគ្នាពិតមែន ប៉ុន្តែគេទាំងពីរស្រឡាញ់ និងគោរពគ្នាណាស់។​ និស្ស័យដែលជាអ្នកមានធូរធារតែងជួយយកអាសា វាសនា ដែលជាសម្លាញ់ក្រលំបាកនោះគ្រប់ពេល។

យប់មួយ និស្ស័យបានទៅសម្រាន្តនៅផ្ទះរបស់វាសនា។ ជាអកុសល ផ្ទះរបស់និស្ស័យត្រូវភ្លើងឆេះនៅពាក់កណ្ដាលអធ្រាត្រ បណ្ដាលឱ្យឪពុកម្ដាយរបស់និស្ស័យដែលមានវ័យចំណាស់នោះមិនអាចគេចរួចជីវិតពីភ្នក់ភ្លើងបាន។ តាមពិតទៅ ពួកគេអាចរត់ចេញពីរង្វង់ភ្លើងបាន ប៉ុន្តែចិត្តស្ដាយទ្រព្យសម្បត្តិខ្លាំងពេក ទើបនៅប្រមូលទ្រព្យសម្បត្តិ ទាំងភ្លើងកំពុងឆេះសន្ធោសន្ធៅដែលបណ្ដាលឱ្យយឺតពេល ហើយត្រូវបាន   ភ្លើងឆេះស្លាប់ទាំងពីរនាក់ជាមួយនិងទ្រព្យសម្បត្តិនោះទៅ។

និស្ស័យយំសោកបោកខ្លួនជាខ្លាំង ដោយសារកំហុសកើតឡើងទាំងឡាយ គឺព្រោះខ្លួនមិនបាននៅផ្ទះ ទើបជួយឪពុកម្ដាយមិនទាន់ពេល។ ចាប់ពីពេលនោះមក និស្ស័យបានធ្លាក់ខ្លួន ក្លាយទៅជាមនុស្សក្រីក្រលំបាកតោកយ៉ាកម្នាក់ពីព្រោះអ្វីក៏គ្មានសល់ដែរ។ ហើយថែមទាំងមិនសូវចេះធ្វើអ្វីប៉ុន្មានទៀតនោះ ទើបធ្វើឱ្យគាត់លែងមានក្ដីសង្ឃឹមចង់រស់តទៅទៀត​ឡើយ។

បន្ទាប់ពីការស្លាប់របស់ឪពុកម្ដាយនិស្ស័យ​ កន្លងទៅអស់រយៈពេលពីរសប្តាហ៍ ការហូបចុក កន្លែងស្នាក់នៅ និងការផ្គត់ផ្គង់ផ្សេងៗគឺវាសនាដែលជាសម្លាញ់របស់គេបានផ្ដល់ឱ្យ។

និស្ស័យគិតអ្វីមិនឃើញឡើយ បានត្រឹមទៅយំសោកនៅផ្នូរឪពុកម្ដាយរបស់គេជារៀងរាល់ថ្ងៃ។ វាសនាដែលជាសម្លាញ់ ពេលឃើញមិត្តរបស់ខ្លួនបែបនេះក៏ព្យាយាមរិះគិតរកវិធីដើម្បីជួយដល់សម្លាញ់ ហើយក៏នឹកឃើញវិធីមួយ។

មុននឹងប្រាប់អំពីវិធី ខ្ញុំសូមឱ្យអ្នកសាកល្បងឆ្លើយ អំពីដំណោះស្រាយរបស់អ្នក ចំពោះបញ្ហានេះជាមុនសិន ថាតើអ្នកនឹងធ្វើយ៉ាងណាបើអ្នកជួបបញ្ហាមួយហ្នឹង ?

សរសេរចម្លើយរបស់អ្នកនៅខាងក្រោម៖

ជារៀងរាល់ល្ងាច ពួកគេតែងបបួលគ្នាទៅងូតទឹកជ្រោះជាមួយគ្នា ប៉ុន្តែល្ងាចនោះវាសនាមិនបាននៅចាំនិស្ស័យទៅជាមួយទេ។ គាត់ក៏បានទៅមុន រួចក៏អង្គុយយំនៅកន្លែងទឹកជ្រោះនោះ។

និស្ស័យឃើញថាមេឃជិតយប់ហើយ គាត់ក៏ចាកចេញពីផ្នូរឪពុកម្ដាយរបស់ខ្លួន ហើយក៏ទៅហៅវាសនាទៅងូតទឹក។ ពេលទៅដល់ផ្ទះ និស្ស័យមិនបានឃើញវាសនាឡើយ។   និស្ស័យក៏ឆ្ងល់ខ្លាំងណាស់ថាសម្លាញ់ទៅណា ព្រោះម៉ោងហ្នឹងជាម៉ោងដែលពួកគេត្រូវទៅងូតទឹកសម្អាតខ្លួន មុននឹងបរិភោគអាហារពេលល្ងាច និងចូលកន្លែងសម្រាក។ គាត់ក៏សម្រេចចិត្តដើរទៅកន្លែងទឹកជ្រោះតែម្នាក់ឯង។ ពេលទៅដល់ស្រាប់តែឃើញវាសនា ដែលជាសម្លាញ់កំពុងទ្រហោយំយ៉ាងខ្លាំងនៅមាត់ទឹក។ ពេលនោះក្នុងចិត្តនិស្ស័យក៏មានភាពក្ដុកក្ដួល ភ្លេចទុក្ខសោកចំពោះការស្លាប់របស់ឪពុកម្ដាយខ្លួន ព្រោះបារម្ភពីសម្លាញ់ ខ្លាចសម្លាញ់កើតរឿងអ្វីមួយ។

             និស្ស័យក៏បានសួរទៅសម្លាញ់ថា “តើសម្លាញ់ឯងមានរឿងអ្វី បានជាយំខ្លាំងម៉្លេះ ?”​

          ពេលឮសម្លាញ់សួរបែបនេះ​ វាសនាក៏ខំប្រឹងយំកាន់តែខ្លាំងឡើងៗ!

          និស្ស័យសួរបន្ត “សម្លាញ់ប្រាប់គ្នាមក តើឯងមានរឿងអី?”  

          វាសនាក៏យំកាន់តែខ្លាំងថែមទៀត!

          និស្ស័យបន្តនិយាយទៀតថា “យើងជាសម្លាញ់និងគ្នារាប់ឆ្នាំហើយ។ ពួកយើងតែងនៅក្បែរគ្នា ជួយដោះទុក្ខធុរៈឱ្យគ្នាទៅវិញទៅមក។ តើមានរឿងអ្វីដែលមិនអាចប្រាប់គ្នាបាន?”​

          វាសនាក៏បានតបទៅសម្លាញ់ថា “រឿងនេះឯងមិនអាចជួយយើងបានទេ”។

          និស្ស័យតបថា “ឱ្យតែយើងបាននិយាយ រួចពិភាក្សាគ្នា ប្រាកដជាអាចដោះស្រាយចេញ”។

          វាសនា បានរៀបរាប់ប្រាប់និស្ស័យទាំងសំឡេងអួលដើមកថា “គ្នាចង់ឱ្យទឹកជ្រោះហូរត្រឡប់ទៅលើភ្នំវិញ ពីព្រោះគ្នាធុញថប់នឹងងូតទឹកនៅកន្លែងដដែលនេះទៀតណាស់។ គ្នាចង់ទៅងូតទឹកជ្រោះ ដែលបាញ់ជះទៅលើកំពូលភ្នំវិញ”។

          ឮបែបនេះ និស្ស័យសួរទាំងភ្ញាក់ផ្អើលថា “ឯងចង់ឱ្យទឹកជ្រោះនេះហូរត្រឡប់ក្រោយវិញមែនទេ?”

          វាសនាឆ្លើយ “ពិតមែនហើយ!”

          និស្ស័យសើច ហើយនិយាយទៅកាន់មិត្តសម្លាញ់ទាំងអស់សំណើចថា “វាសនា សម្លាញ់គ្នាហ្អើយ! ឯងឆ្កួតទេឬ? លើលោកនេះតើមានអ្នកណាអាចធ្វើឱ្យទឹកហូរត្រឡប់ក្រោយបាននោះ? ឯងកំពុងក្ដៅខ្លួនទេឬ?

          វាសនាតប “គ្នានៅធម្មតាទេ! ការស្រមៃគ្នាប៉ុណ្ណឹងឯងថាគ្នាឆ្កួត ទាំងអ្វីដែលគ្នាចង់គឺអាចមើលឃើញ ហើយប៉ះបានសោះ ចុះចំណែកឯងវិញ? ឯងអង្គុយយំសោកបោកខ្លួនរាល់ថ្ងៃ នៅមុខផ្នូររបស់ឪពុកម្ដាយឯង ចង់ឱ្យពួកគាត់រស់ឡើងវិញ ទាំងដឹងថាមិនអាចទៅរួច ១០០%។ ហេតុអ្វីឯងនៅតែធ្វើ?”​

          សំណួរប្រៀបធៀបមួយនេះរបស់វាសនាទៅកាន់    និស្ស័យ គឺបានធ្វើឱ្យនិស្ស័យដែលជាសម្លាញ់ភ្ញាក់ខ្លួនព្រើត។ គេក៏បានអរគុណទៅសម្លាញ់ដែលបានដាស់ខ្លួន ឱ្យភ្ញាក់ពីសុបិនដ៏ខ្មៅងងឹតមួយនេះ។

          ចាប់ពីពេលនោះមក និស្ស័យក៏មានកម្លាំងចិត្តក្នុងការ   តស៊ូឡើងវិញ រួចក៏ខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនពីមនុស្សដែលមិនសូវចេះធ្វើអ្វី ឱ្យទៅជាអ្នកដែលរវល់ក្នុងការងារម្នាក់។ ហើយនិស្ស័យក៏ចាប់ផ្ដើមរកស៊ីជាមួយសម្លាញ់ វាសនា រហូតដល់ពួកគេបានក្លាយទៅជាសេដ្ឋីទាំងពីរនាក់។

 

គំនិតគួរពិចារណា

          រឿងខ្លះ ទោះបីជាយើងសោកស្ដាយ ហើយអង្គុយកើតទុក្ខ ចង់ឱ្យដូចដើមវិញយ៉ាងណាក៏មិនអាចទៅរួចដែរ។ អតីតកាល គឺគ្រាន់តែជាមេរៀនសម្រាប់អប់រំយើងប៉ុណ្ណោះ អ្វីដែលយើងត្រូវធ្វើគឺត្រូវរៀនមានសតិប្រឈមនឹងរឿងរ៉ាវបច្ចុប្បន្ន បើមិនដូច្នោះ គឺមានតែធ្វើឱ្យស្ថានការណ៍កាន់តែយ៉ាប់ទៅៗ។ ប្រៀបដូច និស្ស័យ ភាពទន់ជ្រាយ និងការខ្វះសមត្ថភាពរបស់គេ មិនបានជួយអ្វីដល់គេបន្តិចសោះឡើយនៅពេលដែលមានបញ្ហាចូលមកដល់។ ខ្សែជីវិតរបស់វាសនាដែលជាសម្លាញ់របស់គេ គឺមានភាពលំបាកតោកយ៉ាកតាំងតែពីតូច ប៉ុន្តែរឿងទាំងនោះ បានធ្វើឱ្យវាសនាក្លាយទៅជាក្មេងម្នាក់ដ៏រឹងមាំ។ យើងឃើញហើយថាខ្សែជីវិតរបស់វាសនា លំបាកតាំងពីតូច ប៉ុន្តែគេបានប្រែខ្លួនរបស់គេ ដូចជាដើមឈូកដែលដុះចេញពីភក់ដូច្នោះដែរ នៅពេលលូតផុតពីទឹកហើយ គឺស្រស់ស្អាតណាស់ ។ ដូច្នេះ បើទោះជាអ្នកកើតក្នុងត្រកូលក្រីក្រ ឬមានភាពក្រនៅពេលនេះក្ដី គឺត្រូវខំប្រឹងឱ្យអស់ពីសមត្ថភាពរបស់អ្នកដើម្បីផ្លាស់ប្តូរជីវិតរបស់ខ្លួន មិនត្រូវស្ដីបន្ទោសរបស់ដែលនៅជុំវិញខ្លួន ឬបន្ទោសអតីតកាលនោះទេ។

          បើវាសនាអង្គុយបន្ទោស “ហេតុអ្វីឪពុកម្ដាយគេស្លាប់ចោលតាំងពីក្មេង? ហេតុអ្វីគេក្រ? ហេតុអ្វីគេខ្វះភាពកក់ក្ដៅ? ហេតុអ្វីគេគ្មានឪពុកម្ដាយនៅបីបាច់ថែរក្សាដូចកូនក្មេងគេដទៃ?” ប្រហែលគេមិនបានក្លាយទៅជាមនុស្សជោគជ័យដូចសព្វថ្ងៃនេះទេ។ ប៉ុន្តែគេជាមនុស្សដែលចេះកែប្រែស្ថានការណ៍លំបាក ទៅជាភាពរឹងមាំ និងជាកត្តាជំរុញឱ្យគេទទួលបានជោគជ័យ។

          ចំណែកឯរឿងមួយទៀត ទន្ទឹមនឹងអ្នកនៅមានជំនួយពីអ្នកនៅជុំវិញខ្លួន អ្នកគួរប្រឹងពង្រឹងខ្លួនអ្នកឱ្យខ្លាំង ពីព្រោះគ្មាននរណាម្នាក់ដែលអាចនៅមើលថែអ្នកបានរហូតនោះទេ។ កុំឱ្យដូចសាច់រឿងរបស់និស្ស័យ ពេលឪពុកម្ដាយ ដែលជាទីពំនាក់អាស្រ័យរបស់គេត្រូវបានចាកចេញទៅ គេក្លាយទៅជាមនុស្សម្នាក់ដែលអស់ទីពឹង។ មូលហេតុមកពីគេគិតថាឪពុកម្ដាយរបស់គេ នៅថែរក្សាខ្លួនបានរហូតហើយមើលទៅ។ សំណាងល្អដែលមានសម្លាញ់ជាមនុស្សល្អ បើមិនអ៊ីចឹងទេជីវិតគេមិនដឹងទៅជាយ៉ាងណានោះទេ។ ប្រហែលក្លាយទៅជាមនុស្សដែលអនាថា ឬក៏ឈានជើងចូលក្នុងគ្រឿងអបាយមុខផ្សេងៗទៀតក៏មិនដឹង។

ត្រូវរៀនដកដង្ហើមដោយខ្លួនឯង មិនត្រូវខ្ចីដង្ហើមអ្នកដទៃដកនោះទេ។ ធ្វើខ្លួនឯងឱ្យមានសមត្ថភាព បើទោះជាមានរឿងអ្វី ក៏យើងអាចប្រឈមបានដែរ។​ ប៉ុន្តែបើខ្វះសមត្ថភាពហើយ គឺអាចធ្វើឱ្យយើងក្លាយទៅជាមនុស្សដែលបិទច្រមុះខ្លួនឯ​ង​ ហើយរង់ចាំច្រមុះអ្នកដទៃមកដកដង្ហើមជំនួសដូច្នោះដែរ។

អតីត គឺជាមេរៀន

បច្ចុប្បន្ន គឺជាលំហាត់អនុវត្តន៍

អនាគត គឺជាចំណោទ

ប្រភពពីសៀវភៅ៖ ប្រាជ្ញាអាថ៌កំបាំង

និពន្ធដោយលោក ង៉ែត ពិសិត

អានសៀវភៅពេញនៅក្នុង WHY READ APP

No comments:

Post a Comment

បញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅនៅក្នុង App Why Read

  ប្រូម៉ូហ្សិនបញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅ នៅក្នុង App  Why Read  អានក៏បាន ស្ដាប់ក៏បានតាមតម្រូវការលោកអ្នក! នៅក្នុងនោះមានសៀវភៅសម្បូរបែប ...