មនុស្សម្នាក់ៗតែងរមែងជួបនូវឧបសគ្គ និងភាពជោគជ័យលើដំណើរជីវិតរៀងៗខ្លួន មិនថាកើតមកនៅក្នុងត្រកូលក្រក្តី ឬមានក្ដី។ អ្វីដែលមនុស្សរាល់គ្នាចង់បាន ហើយចំណាយពេលពេញមួយជីវិតដើម្បីទទួលបានវានោះគឺ សេចក្តីសុខ។
មនុស្សយើងឱ្យតម្លៃសេចក្ដីសុខខុសៗប្លែកពីគ្នា
វាអាស្រ័យទៅលើចំណង់ចំណូលចិត្តរៀងៗខ្លួន។ មានអ្នកខ្លះនិយាយថា ពេញមួយជីវិតរបស់ពួកគេគឺជួបតែសេចក្តីទុក្ខ
មិនដែលបានសុខដូចអ្នកដទៃឡើយ។
យ៉ាងណាមិញ ភាពជោគជ័យ ក៏ដូចគ្នាដែរមនុស្សជាច្រើនកំពុងតែខិតខំស្វែងរកវាជារៀងរាល់ថ្ងៃ
ប៉ុន្តែវាហាក់បីដូចជាលាក់បាំងនៅទីដ៏សែនឆ្ងាយ
សម្រាប់អ្នកទាំងនោះអ៊ីចឹង។
តើអ្នកមានធ្លាប់សួរខ្លួនឯងទេថា
តើហេតុអ្វីមានមនុស្សជាច្រើន គេកំពុងតែទទួលបាននូវភាពជោគជ័យ នៅលើអ្វីដែលខ្លួនពួកគេកំពុងធ្វើ
និងមានសេចក្ដីសុខ នៅលើអ្វីដែលពួកគេកំពុងមាន ប៉ុន្តែហេតុអ្វីបានជាអ្នកមិនដូចគេ?
សំណួរមួយនេះ គឺវាហាក់បីដូចជាពិបាកក្នុងការឆ្លើយខ្លាំងណាស់ ពីព្រោះពេលនេះអ្នកមិនទាន់បានទទួលនូវភាពជោគជ័យ និងមិនទាន់បានប្រទះនូវ សេចក្តីសុខ ពិតសម្រាប់ជីវិតនៅឡើយ។
អ្នកប្រាកដជា អាចទទួលបានចម្លើយមួយនេះ និងអាចស្វែងរកវិធីសាស្រ្តដើម្បីទទួលបាននូវភាពជោគជ័យទៅលើអ្វីដែលអ្នកប្រាថ្នាចង់បានសម្រាប់ជីវិត។ ជាពិសេសអ្នកនឹងបានជួបនូវគន្លឹះ ដែលអាចស្វែងរកសេចក្តីសុខពិតប្រចាំជីវិតរបស់អ្នកបន្ទាប់ពីបានអានសៀវភៅមួយក្បាលនេះរួច។
មាតិកា
អារម្ភកថា
សេចក្តីផ្តើម
១. សុបិន Vs. ជោគជ័យ
២. ស្គាល់ខ្លួនឯង
៣. ការកំណត់គោលដៅ
៤. សុខភាព
៥. ការគ្រប់គ្រងពេលវេលា
៦. សិក្សាបន្ថែម
៧. មានទំនុកចិត្តលើខ្លួនឯង
៨. យកឈ្នះខ្លួនឯង
៩. ការឱ្យរង្វាន់ខ្លួនឯងនិងអ្នកដទៃ
១០. ភាពស្មោះត្រង់
១១. សេពគប់មិត្តល្អ
១២. បង្រៀនអ្នកដទៃ
១៣. គំនិតច្នៃប្រតិដ្ឋ
១៤. ការបើកចិត្តឱ្យទូលាយ
១៥. ការអប់រំចិត្ត
១៦. ភាពកតញ្ញូ
១៧. ការទទួលខុសត្រូវ
១៨. ទំនាក់ទំនងល្អ
១៩. ការចេះចាប់ឱកាស
២០. ការជួយអ្នកដទៃ
២១. ភាពជាអ្នកដឹកនាំ
២២. ការគ្រប់គ្រងចំណាយចំណូល
២៣. ការឱ្យតម្លៃអ្នកដទៃ
២៤. កុំបង្កើតបំណុល
២៥. កុំប្រមាទ
២៦. កុំរើសសំរាមដាក់ក្នុងខួរក្បាល
២៧. ឥទ្ធិពលនៃការដោះស្រាយបញ្ហា
២៨. ឫសគល់ ៣ យ៉ាងបង្អាក់ភាពជោគជ័យ
២៨.១. គិតថាខ្លួនមិនអាចក្លាយទៅជាអ្នកមាន
២៨.២. គិតថាក្មេងពេក
២៨.៣. ដេកចាំសំណាង
២៩. បង្កើតជំនាញដែលមនុស្សភាគច្រើនគ្មាន
សេចក្ដីថ្លែអំណរគុណ
១. សុបិន Vs. ជោគជ័យ
អ្នករាល់គ្នាប្រហែលជាស្គាល់សុបិនហើយ! សុបិនអាចកើតឡើយនៅពេលដែលអ្នកកំពុងគេង ប៉ុន្តែសុបិននៅទីនេះ ខ្ញុំមិនសំដៅដល់ការយល់សប្ដិនោះទេ គឺខ្ញុំសំដៅដល់ការស្រមើលស្រមៃចង់ក្លាយទៅជាអ្វីមួយ ឬការចង់បានរបស់អ្វីមួយនោះឯង។ មនុស្សគ្រប់គ្នាតែងមានសុបិននេះ គ្រាន់តែម្នាក់ៗមានសុបិនតិចនិងច្រើន ឬតូចនិងធំប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ការដែលមានសុបិនចង់បានអ្វីមួយគឺមិនខុសនោះទេ។ យើងដឹងហើយថារាល់ការជោគជ័យរបស់មនុស្សម្នាក់ៗ គឺតែងកើតចេញពីក្ដីសុបិន ដែលមាននៅក្នុងចិត្តគំនិតជាដំបូងខាងដើម រហូតដល់ចេញជារូបរាង។ ខ្ញុំមិនមានអ្វីជំទាស់នោះទេ គឺខ្ញុំមានតែលើកទឹកចិត្តឱ្យបងប្អូនចាប់ផ្ដើមមានក្ដីសុបិនជារបស់ខ្លួន ដើម្បីដឹងអំពីទិសដៅដែលខ្លួនត្រូវទៅ។ ដោយឡែក សម្រាប់ចំណុចនេះគឺខ្ញុំចង់ក្រើនរំលឹកបងប្អូនបន្តិចថា មនុស្សសុបិនចោលមានច្រើនណាស់ ប៉ុន្តែមនុស្សដែលទទួលបានជោគជ័យ ចំពោះក្ដីសុបិនរបស់គេគឺមានតិចមែនទែន។ ត្រូវចាំថា ដរាបណានៅត្រឹមតែជាសុបិន គឺវាមិនមែនជាភាពជោគជ័យនោះទេ។ មនុស្សម្នាក់ៗអាចសុបិនថាខ្លួននឹងមានលុយ ១លានដុល្លារកាន់នៅក្នុងដៃ ហើយអាចនិយាយប្រាប់អ្នកដទៃថាខ្លួនមានលុយ ១លានដុល្លារ ប៉ុន្តែធាតុពិតគ្រប់គ្នាមិនសុទ្ធតែអាចមានលុយ ១លានដុល្លារនោះពិតប្រាកដមែននោះទេ។ បើសិនជាអ្នកមានសុបិនចង់ធ្វើជាម្ចាស់លុយ ១លានដុល្លារ គឺអ្នកត្រូវចេះរៀបចំគម្រោងផែនការឱ្យបានច្បាស់លាស់ក្នុងការចាប់យកវា ពោលគឺត្រូវរៀបចំដូចជាគ្រោងចំណាយចំណូល (ប្រភពចំណូល និងប្រភពចំណាយ) គ្រោងសន្សំ ឬគ្រោងវិនិយោគជាដើមឱ្យបានច្បាស់។ ហើយរឿងដែលសំខាន់គឺត្រូវដាក់ចិត្តដាក់កាយរបស់ខ្លួន ១០០ % ក្នុងការធ្វើនូវកិច្ចការទាំងឡាយណាដែលខ្លួនបានដាក់ ដើម្បីធ្វើឱ្យក្ដីសុបិនរបស់ខ្លួនក្លាយទៅជាការពិត។ មនុស្សច្រើនណាស់សុបិនចោលៗ ប៉ុន្តែសម្រាប់អ្នក ខ្ញុំជឿថាអ្នកមិនមែនជាមនុស្សប្រភេទហ្នឹងនោះទេ។ ឱ្យតែតាំងចិត្តថា “ដរាបណាខ្លួននៅមានដង្ហើម គឺត្រូវតែសម្រេចក្ដីសុបិនរបស់ខ្លួនឱ្យបាន”។ បើអ្នកមានប្រយោគនេះនៅក្នុងចិត្តហើយ ខ្ញុំជឿថាសុបិនរបស់អ្នកនឹងជោគជ័យ។ ពេលនោះ វានឹងលែងនៅត្រឹមតែជាសុបិនទៀតហើយ ប៉ុន្តែវាគឺជាការជោគជ័យរបស់អ្នកពិតប្រាកដ។ សុបិនដែលមានគម្រោងការច្បាស់លាស់ នោះគឺជាសុបិនដែលមានសុវត្តិភាព បានន័យថាគឺជាសុបិនដែលស្ថិតនៅក្នុងកណ្ដាប់ដៃរបស់យើង។ ឥឡូវនាំគ្នាទៅមើលចំណុចបន្តបន្ទាប់ ដែលអាចជំរុញឱ្យអ្នកទទួលបានជោគជ័យលើវិថីជីវិតរបស់អ្នកដោយផ្ទាល់។
ប្រភពពីសៀវភៅ៖ ជោគជ័យមិនមែនជាសុបិន
និពន្ធដោយលោក ង៉ែត ពិសិត
អានសៀវភៅពេញនៅក្នុង WHY READ APP
No comments:
Post a Comment