រាប់ពីចំណុចចាប់ផ្ដើមរបស់ខ្ញុំចេញពីសូន្យរហូតទទួលបានជោគជ័យខ្លះ ហើយរហូតធ្លាក់ទៅវិញដល់ក្រោមសូន្យគឺមានរឿងរ៉ាវជាច្រើន សុទ្ធតែជាមេរៀនល្អៗដែលខ្ញុំគិតថាគួរតែបានចែករំលែកទៅកាន់មនុស្សជាតិ និងយុវជនជំនាន់ក្រោយឱ្យបានដឹងនៅក្នុងសៀវភៅមួយក្បាលនេះ ក្នុងគោលបំណងឱ្យចេះរៀនត្រៀមខ្លួនឱ្យរួចជាស្រេច មុននឹងចាប់ផ្ដើមបេសកកម្មជីវិតរៀងៗព្រះអង្គ និងរៀងៗខ្លួន។
នៅក្នុងស្ថានការណ៍ក្រោមសូន្យរបស់ខ្ញុំគឺជាពេលដ៏សែនខ្មៅងងឹត និងពោរពេញទៅដោយផ្លូវមច្ចុរាជ បើសិនជាប្រហែសឱ្យដួលម្ដងទៀតគឺច្បាស់ជាមិនអាចងើបរួចបានឡើយ។ ខ្ញុំបានពុះពារមិនរាថយ និងរិះរកគ្រប់វិធីដែលត្រូវៗ រួចបោះបង់នូវវិធីបរាជ័យចោលទាំងអស់ ដើម្បីស្រោចស្រង់ខ្សែជីវិតរបស់ខ្ញុំឱ្យប្រសើរឡើងវិញ។ ទីបំផុតខ្ញុំក៏បានយកឈ្នះនូវរឿងរ៉ាវទាំងឡាយ និងបានបើកភ្លើងឱ្យជីវិតរបស់ខ្ញុំមានពន្លឺឡើងវិញ។ មុននឹងខ្ញុំចាប់ផ្ដើមយកប៊ិក និងក្រដាសមកសរសេរអំពីឧបសគ្គ និងបទពិសោធជីវិតដ៏ជូរចត់របស់ខ្ញុំ ពេលនោះខ្ញុំបានគិតយ៉ាងហ្មត់ចត់ថា វាពិតជាចាំបាច់ខ្លាំងណាស់ដែលខ្ញុំត្រូវតែសរសេរសៀវភៅមួយនេះសម្រាប់អ្នកដែលកំពុងស្វែងរកគន្លឹះក្នុងការដោះស្រាយបញ្ហាជីវិត និងធ្វើខ្លួនឱ្យជោគជ័យបើទោះជាចាប់ផ្ដើមពីសូន្យ ឬក្រោមសូន្យក្ដី។ ខ្ញុំបានហែលឆ្លងកាត់នូវរឿងរ៉ាវ ដែលមិនគួរឱ្យជឿជាច្រើនប៉ុន្តែទីបំផុត ខ្ញុំអាចជំនះវាបានជោគជ័យរួចទៅហើយទាំងនៅក្នុង វ័យមួយដែលយុវជនជំនាន់ខ្ញុំឯទៀត គេកំពុងតែសប្បាយក្នុងភាពជាយុវវ័យរបស់ខ្លួន។ ខ្ញុំជឿជាក់យ៉ាងច្បាស់ថាសៀវភៅមួយនេះនឹងអាចធ្វើឱ្យអ្នកកែប្រែផ្នត់គំនិតរបស់អ្នកទាំងស្រុង ពីភាពដែលមិនអាចទៅរួចជំនួសត្រឹមពាក្យថា “គ្រប់យ៉ាងគឺអាចទៅរួច”។ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាថា បើសិនជាខ្ញុំបាទ ង៉ែត ពិសិត អាចទទួលបានជោគជ័យហើយដូច្នេះមនុស្សនៅលើផែនដីនេះ គឺមានតិចណាស់ដែលមិនអាចទទួលបានជោគជ័យ។ បុគ្គលជោគជ័យបន្ទាប់គឺជាអ្នក ពីព្រោះអ្នកក៏មានសក្ដានុពលដ៏អស្ចារ្យនៅក្នុងខ្លួនដូចជាខ្ញុំដែរ អ្វីដែលសំខាន់គឺមានតែខ្លួនអ្នកទេដែលអាចបញ្ជាលើបេសកកម្មជីវិតផ្ទាល់ខ្លួនបាន។ ខ្ញុំនឹងរង់ចាំមើលភាពអស្ចារ្យរបស់អ្នក បន្ទាប់ពីបានអានសៀវភៅមួយនេះចប់។
ខ្សែជីវិត និងផ្លូវដើររបស់បុគ្គលម្នាក់ៗគឺអាចនឹងមិនដូចគ្នាទាំងស្រុងនោះទេ
ប៉ុន្តែមនុស្សម្នាក់អាចរៀនអំពីយុទ្ធវិធី ក្នុងការដើរលើវិថីជីវិតរបស់បុគ្គលម្នាក់ទៀតដើម្បីទុកជាគំរូ
និងជាផែនទីសម្រាប់ដំណើរបេសកកម្មជីវិតរបស់ខ្លួនឯង។ មនុស្សរាល់គ្នាគឺសុទ្ធតែអាចចងក្រងប្រវត្តិរឿងរ៉ាវផ្ទាល់ខ្លួន
ដែលជាមេរៀនកើតចេញពីការ ហែលឆ្លងរហូតយកឈ្នះភាពលំបាកទាំងឡាយ សម្រាប់ទុកឱ្យបុគ្គលដទៃបានសិក្សាស្វែងយល់អំពីអ្វីគួរនិងអ្វីមិនគួរ
នៅពេលចាប់ផ្ដើមបេសកកម្មជីវិតផ្ទាល់ខ្លួន។
ឡានមួយគ្រឿងមានកង់ ៤ គឺប្រាកដណាស់ថានឹងអាចបើកបរទៅមុខរួច
ប៉ុន្តែវាអាចនឹងពិបាក ប្រសិនបើអ្នកបើកបរទៅផ្លូវឆ្ងាយ ពីព្រោះវាអាចបែកកង់នៅកន្លែងណាមួយក៏ថាបាន។
ដូច្នេះហើយទើបគេតម្រូវឱ្យមានកង់សាគួរមួយបន្ថែមទៀត ទើបឡានមួយគ្រឿងជាទូទៅមានកង់ ៥។
សៀវភៅមួយក្បាលនេះរាប់ជាជើងកង់ឡានមួយដែលជាកង់ឡានទី ៥។
វាអាចជួយបំភ្លឺផ្លូវដល់អ្នកប្រសិនបើអ្នក កំពុងតែជួបបញ្ហាដោះស្រាយមិនចេញនៅក្នុងខ្សែជីវិតរបស់ខ្លួន។
ដោយឡែក បើទោះជាអ្នកមិនមានបញ្ហាអ្វីក៏ដោយ វាក៏អាចជួយឱ្យអ្នកមានទំនុកចិត្ត
គ្មានការព្រួយបារម្ភទោះជាក្ដីសុបិនសម្រាប់ជីវិតរបស់អ្នកនៅឆ្ងាយប៉ុនណាក៏ដោយ។ សរុបទៅអ្នកគួរមានសៀវភៅមួយក្បាលនេះនៅក្នុងដៃ
សម្រាប់ដំណើរបេសកកម្មជីវិតដ៏វែងឆ្ងាយរបស់អ្នក
ឱ្យដូចជាការដែលត្រូវមានកង់សាគួរនៅជាប់នឹងខ្លួន បើអ្នកត្រូវបើកបរផ្លូវឆ្ងាយដូច្នោះដែរ។
សៀវភៅមួយក្បាលនេះចែកចេញជា ២ ផ្នែក ដែលផ្នែកទី១ (Part I) គឺរៀបរាប់អំពីរបត់នៃការផ្លាស់ប្ដូរខ្សែជីវិតរបស់ខ្ញុំពីក្រោមសូន្យ រហូតដល់វិថីជីវិតរបស់ខ្ញុំត្រូវទទួលបានភាពភ្លឺចែងចាំងឡើងវិញ។ វាគឺជារឿងពិតជាក់ស្ដែង អាចជួយដល់លោកអ្នក ដែលកំពុងតែកាន់សៀវភៅមួយក្បាលនេះក្នុងការផ្លាស់ប្តូរនិងកែប្រែជីវិតរបស់អ្នកផ្ទាល់ឱ្យល្អប្រសើរផងដែរ។ ផ្នែកទី ២(Part II) គឺជាផ្នែកមួយដ៏សំខាន់ ដែលខ្ញុំធ្វើការបកស្រាយស៊ីជម្រៅក្នុងការរលាស់ខ្លួនពីស្ថានភាពដ៏ខ្មៅងងឹត (ផ្លូវមច្ចុរាជ) ឱ្យទទួលបានភាពភ្លឺស្វាងត្រចះត្រចង់ដ៏គួរឱ្យគាប់ប្រសើរជាអនេក។ នៅក្នុងចំណុចនោះខ្ញុំមានពាក្យគន្លឹះ ៣៖
មុតបន្លា+ជោះបន្លា+ព្យាបាល
សូមបងប្អូន យកចិត្តទុកដាក់អានគ្រប់ចំណុចនៅក្នុងសៀវភៅនេះឱ្យបានហ្មត់ចត់ពីដើមរហូតដល់ចប់ នោះទើបបងប្អូនអាចយល់ច្បាស់ ពីខ្លឹមសារដ៏មានតម្លៃកាត់ថ្លៃពុំបានអំពីវា។
“សៀវភៅតែមួយ
មនុស្ស២នាក់អាន
គឺច្បាស់ណាស់
ការយល់ដឹងដែលទទួលបាន
អំពីសៀវភៅនោះប្រាកដជាខុសគ្នា”
“បើអាន
សូមអានដោយយកចិត្តទុកដាក់
ដើម្បីឱ្យអ្នកដទៃឱ្យតម្លៃថ្លៃចំពោះពេលវេលារបស់អ្នក”
ឬ
“បើធ្វើអ្វីមួយ
សូមធ្វើដោយយកចិត្តទុកដាក់
ដើម្បីឱ្យអ្នកដទៃឱ្យតម្លៃថ្លៃចំពោះពេលវេលារបស់អ្នក”
Part I
បេសកកម្មជីវិត
ង៉ែត ពិសិត
(១) កុមារភាព និងការសង្កេតរបស់ក្មេងអាយុ ៩ ឆ្នាំ |
កាលពីកុមារភាព...
ថ្ងៃមួយខ្ញុំអង្គុយនៅលើភ្លឺស្រែ
កំពុងតែស្ដាប់វិទ្យុបណ្ដើរឃ្វាលគោបណ្ដើរ ខ្ញុំបានឮពិធីករនិងពិធីការនីពីររូប ពួកគេជជែកគ្នាអំពីទីក្រុងភ្នំពេញ
ហើយខ្ញុំក៏ក្រោកឈរឡើង មើលសំដៅទៅទិសដែលពុកម៉ែខ្ញុំធ្លាប់ប្រាប់ថា
ជាទិសដែលទៅកាន់ទីក្រុងភ្នំពេញនោះ។ កាលនោះខ្ញុំមានវ័យប្រមាណជា ៩ ឆ្នាំប៉ុណ្ណោះ
ប៉ុន្តែខ្ញុំមានបំណងយ៉ាងមុតមាំថា ថ្ងៃណាមួយខ្ញុំនឹងទៅរស់នៅទីក្រុងភ្នំពេញ ដោយមានផ្ទះជារបស់ខ្លួននៅទីនោះ
ពីព្រោះខ្ញុំមិនចង់ធ្វើស្រែចម្ការ ពេញអស់មួយជីវិតរបស់ខ្ញុំនោះឡើយ។
និយាយបែបនេះមិនមែនខ្ញុំមិនចេះធ្វើស្រែចម្ការ ឬមិនចូលចិត្តអ្នកធ្វើស្រែចម្ការនោះទេ
ប៉ុន្តែដោយសារខ្ញុំមានបំណងថា
ធំឡើងខ្ញុំត្រូវតែធ្វើកិច្ចការណាដែលប្រើទៅដោយចំណេះវិជ្ជានិងប្រាជ្ញា
ពោលគឺតាំងចិត្តថានឹងមិនធ្វើកិច្ចការណាដែលប្រើតែកម្លាំងបាយមួយមុខនោះទេ។
កាលនោះខ្ញុំរៀននៅថ្នាក់ទី ៥ ប៉ុន្តែមហិច្ឆតារបស់ខ្ញុំគឺខ្ពស់ខុសពីក្មេងដទៃទៀត ដែលមានវ័យស្របាលខ្ញុំនៅពេលនោះ។
ខ្ញុំសង្កេតឃើញថា អ្នកជិតខាងរបស់ខ្ញុំជាច្រើន បូករួមជាមួយនឹងគ្រួសាររបស់ខ្ញុំផងដែរ
ដែលមានភាពក្រលំបាក មិនដូចជាអ៊ំពូមីងរបស់ខ្ញុំមួយចំនួនដែលមកពីភ្នំពេញ
មកលេងផ្ទះខ្ញុំម្ដងៗនៅរដូវកាលបុណ្យទាននោះទេ។ ពួកគាត់មានលុយកាក់សម្ភារៈសម្បូរបែប មើលទៅគឺមានជីវភាពធូរធារណាស់។
ដោយសារពេលនោះខ្លួននៅក្មេង ខ្ញុំក៏មិនទាន់គិតបានជ្រៅអ្វីនៅឡើយនោះទេគឺគ្រាន់តែចាំពាក្យអ្នកម្ដាយរបស់ខ្ញុំ
បានប្រាប់កាលពីនៅរៀនថ្នាក់ទីមួយថា “បើកូនមិនចង់លំបាកធ្វើស្រែចម្ការដូចពុកនិងម៉ែទេនោះ
កូនត្រូវខិតខំរៀនឱ្យពូកែ ទើបអាចមានវិធីរលាស់ខ្លួនចេញពីភាពក្របាន”។
ហើយគាត់ក៏បានបន្តទៀតថា “កូនគេអ្នកមាន គេមានលុយកាក់ ឋានៈតួនាទី
ឬមុខរបរបន្តពីឪពុកម្ដាយរបស់ពួកគេ ដូច្នេះគេគ្រាន់តែរៀនបន្តិចបន្តួច គេក៏អាចធ្វើឱ្យជីវិតរបស់ខ្លួនប្រសើរបានដែរ។
ចំណែកឯកូនវិញ ពុកម៉ែគ្មានអ្វីឱ្យកូននោះទេ គឺមានតែខិតខំប្រកបរបររកស៊ី ធ្វើស្រែចម្ការច្បារដំណាំដោយដៃទាំងគូ
ដើម្បីយកលុយមកផ្គត់ផ្គង់ឱ្យកូនបានរៀនខ្ពង់ខ្ពស់ រួចយកចំណេះវិជ្ជានោះ ទៅត្រួសត្រាយផ្លូវជីវិតដោយខ្លួនឯងដើម្បីកុំឱ្យក្រីក្រដូចពុកនិងម៉ែទៀត”។
ពាក្យនេះបានដិតដាមក្នុងអារម្មណ៍របស់ខ្ញុំជាប់ជានិច្ច។
ខ្ញុំបានអនុវត្តទៅតាមពាក្យម្ដាយរបស់ខ្ញុំ ដោយខិតខំរៀនរហូតបានជាប់ចំណាត់ថ្នាក់លេខមួយស្ទើរតែរាល់ខែតាំងពីថ្នាក់ទី១
ដល់ទី ៦។ ហើយពេលនោះ ខ្ញុំតែងទទួលបានរង្វាន់ពីសាលា និងលិខិតសរសើរជារៀងរាល់ខែ
យកទៅដល់ដៃអ្នកម៉ែរបស់ខ្ញុំ។ រៀនចប់បឋមសិក្សាថ្នាក់ទី ៦ ខ្ញុំក៏បានឡើងទៅរៀនថ្នាក់ទី៧
នៅវិទ្យាល័យសុខអានព្រៃសណ្ដែក។ វាគ្មានអ្វីប្រែប្រួលនោះទេ គឺខ្ញុំនៅតែរក្សាតំណែងជាសិស្សឆ្នើមនៅក្នុងថ្នាក់ដដែល
នៅថ្នាក់ទី៧ នោះ ប៉ុន្តែរបត់ជីវិតនៃមនុស្សម្នាក់ៗគឺអាចនឹងផ្លាស់ប្តូរមិនទៀងទាត់ឡើយ។
រឿងដ៏គួរតក់ស្លុតមួយ បានកើតឡើងចំពោះជីវិតរបស់ខ្ញុំនៅពេលនោះ។
(២) ការបាត់បង់ដ៏មហិមា |
ខ្ញុំចាំហេតុការណ៍មួយ ដែលមិនអាចបំភ្លេចបានឡើយក្នុងមួយឆាកជីវិតនេះ គឺនៅចន្លោះវិស្សមកាល បន្ទាប់ពីបញ្ចប់ថ្នាក់ទី ៧ រៀបនឹងចូលថ្នាក់ទី ៨ ម្ដាយជាទីស្រឡាញ់របស់ខ្ញុំ ត្រូវបានចេញចាកឆ្ងាយពីខ្ញុំជារៀងរហូត ដោយសូម្បីតែពាក្យលាតែមួយម៉ាត់ក៏ខ្ញុំមិនបានស្ដាប់ជាលើកចុងក្រោយផង។
គ្រានោះ នៅចន្លោះម៉ោងប្រហែលជា ៨ និង ៣០ នាទីយប់ លោកពុករបស់ខ្ញុំបានបើកម៉ូតូចូលមកដល់មុខផ្ទះដោយដឹកមនុស្សពីក្រោយពីរនាក់ ម្នាក់ជាពូរបស់ខ្ញុំជិះពីក្រោយ រីឯម្នាក់ទៀតជិះកណ្ដាលនោះគឺជាសាកសពម្ដាយរបស់ខ្ញុំ។ ភ្លាមនោះខ្ញុំមិនទាន់ដឹងនោះទេ ខ្ញុំរត់ទៅអោបដៃម្ដាយរបស់ខ្ញុំ ដើម្បីសួរគាត់ថា “ម៉ែមានទិញអីផ្ញើឱ្យកូនញ៉ាំឬអត់?” ប៉ុន្តែគាត់មិនហាស្ដីសោះ! ខ្ញុំព្យាយាមសួរគាត់ជាច្រើនលើក ទោះយ៉ាងណាក៏គាត់មិនតបដែរ។ ឪពុក និងពូ បានលើកម្ដាយរបស់ខ្ញុំទៅសម្រាន្តនៅលើគ្រែ ប៉ុន្តែពួកគាត់មិនទាន់និយាយអ្វីទាំងអស់។ ខ្ញុំឡើងទៅលើគ្រែដើម្បីសួរអ្នកម៉ែរបស់ខ្ញុំម្ដងទៀត ប៉ុន្តែជើងរបស់គាត់មើលទៅបាក់រវិករវក់អស់ទៅហើយ ថែមទាំងឃើញឈាមចេញពីច្រមុះគាត់តិចៗទៀតផង។
ខ្ញុំក៏សួរលោកពុកខ្ញុំថា “ពុកៗ! ហេតុអីម៉ែមិននិយាយរកខ្ញុំ? ហើយពុកឯងមើលម៉ែ គាត់ឈាមច្រមុះទៀត”។
ពុករបស់ខ្ញុំយំ រួចតបទាំងអួលដើមកថា “ម៉ែរបស់កូនទៅចោលយើងហើយ។ ឡានបុកគាត់ពីក្រោយអូសប្រមាណ ៣០ ម៉ែត្របណ្ដាលឱ្យស្លាប់នៅនឹងកន្លែងសូម្បីតែពាក្យលាមួយម៉ាត់ក៏មិនបាននិយាយដែរ”។
រំពេចនោះសាច់ញាតិរបស់ខ្ញុំ ចាប់ផ្ដើមទ្រហោយំពេញទាំងផ្ទះ។ ឮបែបនេះ ខ្ញុំស្រែកតបថា “មិនពិតទេៗ! ខ្ញុំមិនជឿទេៗៗៗ! ខ្ញុំក៏រត់ទៅលើគ្រែអោបម៉ែរបស់ខ្ញុំទាំងទឹកភ្នែកសស្រិកសស្រាក់ ហើយខំដាស់ម៉ែឱ្យក្រោកឡើង ប៉ុន្តែគាត់មិនអាចក្រោក មិនអាចសូម្បីតែតបនឹងខ្ញុំមួយម៉ាត់។ ខ្ញុំអង្គុយយំទឹកភ្នែកឱ្យរហាមរង់ចាំម៉ែងើបមកនិយាយរកខ្ញុំ ប៉ុន្តែបានត្រឹមអង្គុយមើលគាត់សម្រាន្តជាលើកចុងក្រោយតែប៉ុណ្ណោះ។ ខ្ញុំយំរហូតអស់កម្លាំងពីខ្លួន រួចគេងលក់នៅជិតសាកសពម្ដាយរបស់ខ្ញុំនោះទៅ ប៉ុន្តែមុននឹងបាត់ស្មារតីខ្ញុំបានរំពឹងក្នុងចិត្តថា ស្អែកព្រឹកខ្ញុំនឹងបាននិយាយជាមួយម៉ែ បានអោបម៉ែដូចសព្វដង។ ភ្ញាក់ឡើងភ្លាមខ្ញុំបានស្ទុះទៅរកអ្នកម៉ែ ប៉ុន្តែគាត់ត្រូវបានគេលើកដាក់ក្នុងមឈូសរួចទៅហើយ។ ខ្ញុំបានត្រឹមទៅឈរបើកក្រណាត់ស មើលមុខអ្នកម៉ែជាទីស្រឡាញ់របស់កូនជាលើកចុងក្រោយប៉ុណ្ណោះ។
ខ្ញុំសុំឈប់រៀបរាប់ត្រឹមនេះហើយ ព្រោះពេលនេះទឹកភ្នែកខ្ញុំស្រក់ដូចទឹកភ្លៀងអ៊ីចឹង ដោយសារនឹកដល់ស្ថានភាពដ៏ក្រៀមក្រំមួយនោះ។ ចាប់ពីពេលនោះមក ខ្ញុំក្លាយទៅជាមនុស្សលែងសូវមានស្មារតីនៅក្នុងខ្លួន ពីព្រោះអារម្មណ៍បាត់បង់នូវភាពកក់ក្ដៅ និងបាត់បង់មនុស្សជាទីស្រឡាញ់គឺអ្នកម៉ែ។ ពេលខ្ញុំដើរកាត់ផ្ទះអ្នកស្រុកម្ដងៗ ឃើញក្មេងគេដទៃកំពុងមានម្ដាយថ្នាក់ថ្នម ខ្ញុំពិតជាមានភាពឯកាមែនទែន ចង់ឱ្យពេលវេលាត្រឡប់ថយក្រោយវិញ ចង់មានម៉ែហៅ ចង់មានម៉ែនៅជិតផ្ដល់ភាពកក់ក្ដៅ ចង់ឱ្យអ្វីគ្រប់យ៉ាងដូចកាលពីមុន។ អ្វីដែលគួរឱ្យសោកស្ដាយបំផុតនោះគឺខ្ញុំមិនទាន់បានតបស្នងសងគុណអ្នកម៉ែរបស់ខ្ញុំបន្តិចឡើយ ប៉ុន្តែគាត់ក៏បានទៅចោលខ្ញុំបាត់ទៅហើយ។ ខ្ញុំចាប់ផ្ដើមរស់នៅជាមួយភាពសោកសៅ រីឯការសិក្សារបស់ខ្ញុំចាប់ផ្ដើមអន់ថយខ្លាំងទៅៗ ពេលនោះខ្ញុំរស់មួយថ្ងៃគឺដើម្បីតែមួយថ្ងៃប៉ុណ្ណោះ។
ប្រភពពីសៀវភៅ៖ បេសកកម្មជីវិត
និពន្ធដោយលោក ង៉ែត ពិសិត
អានសៀវភៅពេញនៅក្នុង WHY READ APP
No comments:
Post a Comment