Wednesday, March 22, 2023

ស្នាដៃដ៏ពិសេសរបស់កវី ញ៉ា ឡុង (អានពេញ)​ ៧ គោលការណ៍ គិតដើម្បីជោគជ័យ

ខ្ញុំចាប់ផ្តើមនឹកគិតសរសេរសៀវភៅនេះឡើង គឺមិនចង់ធ្វើអាជីវកម្មអ្វីនោះទេ។ ដើមចមនៃការកកើតឡើងនៃសៀវភៅនេះ គឺកើតចេញពីចិត្តស្រលាញ់នៃការចែករំលែកនូវអ្វីដែលខ្លួនឯងចង់ឲ្យមនុស្សជាតិគ្រប់រូប មានដួងចិត្តចេះគិតប្រកដោយបញ្ញាស្មារតី និងសតិសម្បជញ្ញៈ ដែលនាំឲ្យមានសន្តិភាពផ្លូវចិត្តក្នុងចិត្តមនុស្សជាតិម្នាក់ៗ និងដើម្បីឲ្យសង្គមគ្រួសារ និងសង្គមជាតិបានសុខសុភមង្គលនិងសន្តិភាពពេញលេញ។

ព្រោះគ្មានអ្វីសាហារ និងឃោរឃៅដូចចិត្ត និងការគិតរបស់មនុស្សឡើយ។ ការកាប់សម្លាប់ និងភាពគំនុំគុំកួនគ្នា គឺកើតចេញមកពីចិត្តនិងការគិតរបស់យើងទាំងអស់ ព្រមទាំងការចេះស្រលាញ់ និងភាពយកអាសាជួយគ្នា ក៏កើតមកពីចិត្ត ​និងការគិតរបស់យើងម្នាក់ៗដូចគ្នា។

សៀវភៅដែលខ្ញុំសរសេរលើកទីមួយនេះ គឺជាសៀវភៅដែលភាគច្រើនគឺបានមកពីការសិក្សាទាំងផ្លូវលោក និងផ្លូវធម៌​ ព្រមទាំងការអង្កេត និងបទពិសោធន៍ដែលបានជួបក្នុងជីវិតរបស់អ្នកនិពន្ធផ្ទាល់។

សៀវភៅ “៧ គោលការណ៍ គិតដើម្បីជោគជ័យ” ដែលមិត្តអ្នកអានកំពុងតែកាន់នេះខ្ញុំព្យាយាមសរសេរ និងខិតខំរកពាក្យសរសេរឲ្យមិត្តអ្នកអានងាយយល់ និងរកគន្លឹះពាក្យដែលឲ្យអ្នកអានឆាប់ចាប់បាន និងយល់សេចក្តីនៃសៀវភៅគ្រប់ផ្នែកនីមួយៗទាំងអស់។ 

សៀវភៅទីមួយរបស់ខ្ញុំនេះ ខ្ញុំជឿជាក់ថា អាចជួយឲ្យមិត្តអ្នកអានបានពាល់ត្រូវនូវអារម្មណ៍ថ្មីមួយដែលមិត្តអ្នកអានមិនទាន់បានដឹងពីមុនមក។ ហើយខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថា សៀវភៅដ៏តូចមួយនេះ ក៏ជាចំណែកមួយជួយឲ្យមនុស្សគ្រប់រូបមានការគិតប្រកបដោយបញ្ញា និងសតិសម្បជញ្ញៈ ដែលអាចធ្វើឲ្យអ្នកអានបានយល់ពីដំណើរនៃចិត្តរបស់ខ្លួន ហើយធ្វើការសម្រេចចិត្តធ្វើអ្វីមួយទទួលបានជោគជ័យ។ ដូច្នេះ សូមមិត្តអ្នកអានរីករាយជាមួយការអានរបស់លោកអ្នកជាមួយសៀវភៅ “៧​គោលការណ៍ គិតដើម្បីជោគជ័យ” ដូចតទៅ។

មាតិកា                                     

អារម្ភកថា 

សេចក្តីផ្តើម

រូបដើមឈើជោគជ័យ

បរាជ័យមុនចាប់ផ្តើម

រឿង ចៅត្បាញស្មុគលក់

បើគ្រាន់តែគិត តើជោគជ័យមែនទេ?

របៀបប្រើប្រាស់ ថាមពលនៃការគិត 

រឿង បុរសចាំសិន និងបុរសចាប់ផ្តើម 

ថាមពលនៃការគិតទាំង៧

ហេតុអ្វីត្រូវ គិតមុនគូស

ឥទ្ធិពលនៃការគិត

កុំធ្វើតាមតែចិត្ត ត្រូវធ្វើចេញពីចិត្ត

មនុស្សអាក្រក់ ឬល្អ

រឿង នរណាចាស់?

ផ្នែកទី១. ជោគជ័យខាងក្នុង

គោលការណ៍ទី១

រឿង​ បុរសជាប់គុកងងឹត 

គោលការណ៍ទី២

គោលការណ៍ទី៣

ផ្នែកទី២.ជោគជ័យខាងក្នុងសំយោគជាមួយខាងក្រៅ

គោលការណ៍ទី៤

រឿង គោ​ និងខ្លា

គោលការណ៍ទី៥

គោលការណ៍ទី៦

ភាពជោគជ័យរបស់លោកលីកាស៊ីង 

ផ្នែកទី៣. ជោគជ័យ ទាំងក្នុង ទាំងក្រៅ

រឿង ផ្ទះកេរម្តាយ 

គោលការណ៍ទី៧

សេចក្តីថ្លែងអំណរគុណ

កម្រងពាក្យសាងកម្លាំងចិត្ត​របស់អ្នកនិពន្ធ

មតិរបស់អ្នកអាន


សេចក្តីផ្តើម

ភាពជោគជ័យ របស់បុគ្គលម្នាក់គេតែងតែមើលទៅលើលទ្ធផលដែលបុគ្គលនោះទទួលបាន ហើយគេមិនដែលមើលឃើញនូវភាពតស៊ូរបស់បុគ្គលនោះឡើយ។ លើសពីនេះទៅទៀត អ្វីដែលគេមើលកាន់តែមិនឃើញនោះគឺភាពតស៊ូព្យាយាមនិងទង្វើរបស់បុគ្គលនោះដែលខិតខំព្យាយាមតស៊ូរហូតគេបានទទួលជោគជ័យ។ ជាពិសេសអ្វីដែលអ្នកដទៃមើលកាន់តែរំលងទៀតនោះគឺ ភាពនៅពីក្រោយនៃលទ្ធផលដែលបានមកពីទង្វើរបស់បុគ្គលនោះ និងក៏ជាចលករដ៏សំខាន់ដែលមិនអាចខ្វះបានហើយធ្វើឲ្យគេទទួលបានជោគជ័យ នោះគឺ ការគិត។ ការគិត គឺជាអ្វីដែលយើងមិនអាចខ្លះបានគ្រប់ការចាប់ផ្តើមធ្វើអ្វីមួយ។ ការគិត មានឥទ្ធិពលខ្លាំងណាស់លើជីវិតរបស់យើង បើយើងមិនចេះប្រើប្រាស់ និងគ្រប់គ្រងវាឲ្យបានល្អនោះទេ ប្រាកដជា ការគិតរបស់អ្នកនឹងក្លាយជាមេរោគបំផ្លាញអ្នក ប៉ុន្តែបើអ្នកមានការគិតដោយល្អ នោះវានឹងជួយអ្នកឲ្យទទួលភាពជោគជ័យដែលអ្ននចង់បាន ។ ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងថា អ្នកនឹងក្លាយជាអ្វីដែលអ្នកគិត

ចំពោះជីវិតរស់នៅប្រចាំថ្ងៃក្តី ការសេពគប់មិត្តភក្តិក្តី ទំនាក់ទំនងស្នេហាក្តី ទំនាក់ទំនងអាជីវកម្មក្តី កាលណាយើងសេពគប់មនុស្សបែបណាហើយ នោះជីវិតអ្នកនឹងមានអនាគតដូចទៅនឹងមនុស្សដែលអ្នកសេពគប់នោះជាក់ជាមិនខាន។ ការសេពគប់នេះ នៅក្នុងព្រះពុទ្ធសាសនាលោកឲ្យតម្លៃណាស់។ ជនណា ឬបុរសស្រ្តីទាំងឡាយណា ដែលសេពគប់ជាមួយនឹងអសប្បុរស ជននោះនឹងនាំខ្លួនឯងធ្លាក់ក្នុងអបាយ។ ចំណែកជនទាំងឡាយណា ដែលចូលមកសេពគប់បណ្ឌិត ជននោះនឹងបានយល់ពីសច្ចៈធម៌របស់សប្បុរស ហើយនាំខ្លួនឯងទទួលបានជោគជ័យ និងអនាគតភ្លឺស្វាង។

យ៉ាងណាមិញ មនុស្សម្នាក់ជោគជ័យទៅបាន លុះត្រាតែមានភាពច្បាស់លាស់នៃគំនិត។ ហើយការគិតរមែងនាំអ្នកទៅរកពិភពថ្មីមួយ ដែលអ្នកដទៃមិនអាចទៅដល់។ ការគិតរបស់មនុស្សម្នាក់ៗមានភាពខុសគ្នា ហើយទំហំនៃភាពជោគជ័យ ក៏មិនដូចគ្នាដែរ។

ការគិត បើនិយាយទៅហាក់ដូចជាសាមញ្ញ ប៉ុន្តែបើយើងមានគម្រោងធ្វើអ្វីមួយ ដោយគ្មានការគិតទុកជាមុនទេ​នោះ គឺវាមិនអាចសម្រេចដល់ចំណុចដែលយើងចង់បាននោះឡើយ។

នៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ តែងតែប្រាថ្នាចង់បានសុខសុភមង្គល និងជោគជ័យ។ ភាពចង់បានដោយគ្មានមូលដ្ឋានច្បាស់លាស់នេះហើយ ដែលធ្វើឲ្យមនុស្សយើងកើតជាជំងឺបាក់ទឹកចិត្ត ដោយហេតុមិនបានដូចបំណង ហើយចេះតែគិតចង់បាននេះចង់បាននោះ មិនចេះចប់មិនចេះហើយ។ ពេលខ្លះចេះតែគិត តែគ្រាន់តែគិត ហើយមិនព្រមធ្វើ ហើយចង់ជោគជ័យណាស់ តែនៅពេលជួបបញ្ហា ក៏ឈប់បន្ត ហើយបោះបង់ចោល។ អ្នកខ្លះរមែងជួបនូវបញ្ហារាប់មិនអស់ ប៉ុន្តែនៅតែព្យាយាមតស៊ូជំនះគ្រប់ឧបសគ្គទាំងអស់នោះ រហូតដល់បានជោគជ័យក្នុងក្តីបំណងរបស់ពួកគេ។​ ចំណែកឯបុគ្គលខ្លះជួបបញ្ហាតែបន្តិចបន្ទួច ក៏បោះបង់ក្តីសុបិន និងគោលដៅរបស់ពួកគេចោល។ ដោយលើកនូវពាក្យជាលេសមួយចំនួន ដែលយើងតែងតែឮគឺ៖

១. ខ្ញុំព្យាយាមអស់ហើយ តែវាមិនជោគជ័យ

២. ធ្វើមិច បើខ្ញុំខំអស់ហើយ តែវាធ្វើបានតែប៉ុណ្ណឹង

៣. ខ្ញុំមិនអាចធ្វើបានទេ ព្រោះវាហួសសមត្ថភាពរបស់ខ្ញុំហើយ

៤. ខំធ្វើអី យើងក្រនៅតែក្រហ្នឹង

៥. បោះបង់ចោលហើយ។ល។

ហើយមានពាក្យលេសជាច្រើនទៀត ដែលពួកគេតែងតែលើកមកនិយាយដើម្បីជាលេស ហើយពួកគេក៏ឈប់ធ្វើទៀត។ ទាំងនេះហើយ ដែលធ្វើឲ្យបុគ្គលមួយចំនួន មិនដែលស្គាល់ពាក្យថា ជោគជ័យ ព្រោះពួកគេ​មិនដែលចាប់ផ្តើមធ្វើ ហើយតែងតែលើកមកពាក្យលេសទាំងអស់នេះឯង។ ហើយពាក្យទាំងនេះ គឺជាពាក្យដែលពេញនិយមរបស់បុគ្គលបរាជ័យ តែងតែនិយាយ ដាក់ខ្លួនឯង និងប្រាប់ទៅមនុស្សដែលនៅជុំវិញខ្លួន ព្រោះដើម្បីបង្ហាញឲ្យអ្នកផ្សេងដឹងថា គាត់ពិតជាខំប្រឹងស្ទើរតែស្លាប់ទៅហើយ។ តែធាតុពិតគ្រាន់តែជាលេស ដើម្បីបង្ហាញថាខ្លួនពិតជាខំមែន។ មនុស្សដែលពូកែត្អូញត្អែររបៀបនេះ គ្មានថ្ងៃសម្រេចកិច្ចការធំឡើយ។ បើចង់ឲ្យជីវិតរបស់អ្នករីកចម្រើន សូមកុំរស់នៅជាមួយពាក្យទាំងអស់នេះ ហើយរឹតតែរស់នៅឲ្យឆ្ងាយពីបុគ្គលប្រភេទលេសបែបនេះ។ ព្រោះពួកគេ អាចនឹងអូសទាញអ្នកឲ្យដូចពួកគេដែរ ។ បើអ្នកគ្មានស្មារតីនិងឆន្ទៈគ្រប់គ្រាន់ដើម្បីរក្សានូវគោលជំហរខ្លួនឯងទេ អ្នកនឹងត្រូវបានអូសទាញដោយបុគ្គលប្រភេទលេសនេះជាក់ជាមិនខាន។

ចំពោះបុគ្គលជោគជ័យ គេមិនដែលបោះបង់ចោលព្យាយាមរបស់គេជាដាច់ខាតល្គិកណាគេទទួលបានជោគជ័យ ហើយភាពតស៊ូព្យាយាមរបស់បុគ្គលជោគជ័យ គេមិនដែលបង្ហាញឲ្យអ្នកដទៃដឹងឡើយ លុះត្រាគេទទួលបានជោគជ័យ ទើបមានអ្នកដទៃដឹង។ គ្រប់ជំហ៊ានដែលអ្នកបានដើរ ពីមួយជំហ៊ានទៅមួយជំហ៊ាន គឺជាសក្ខីភាពបញ្ជាក់ថា អ្នកកំពុងតែនាំខ្លួនអ្នកទៅជិតគោលដៅរបស់អ្នកហើយ។​ បុគ្គលជោគជ័យ គេតែងតែរក្សាភាពព្យាយាម របស់គេឲ្យនៅជាទម្លាប់ដែលត្រូវតែធ្វើ ហើយមិនដែលបោះបង់ភាពតស៊ូព្យាយាមឡើយ។ នេះមកពីហេតុអ្វី?​ មកពីគេពូកែជាងយើង ឬក៏មកពីព្រេងសំណាងរបស់គេ? ឬម្យ៉ាងទៀតថា មកពីគេកើតមកមិនសូវជួបនូវការលំបាកដូចយើង? ឬក៏គេជាកូនអ្នកមានស្រាប់?​ ហើយថាតើគេគិតនិងធ្វើបែបណាទើបគេជោគជ័យដល់ថ្នាក់នេះ? តើសំណួរទាំងអស់នេះអ្នកអាចឆ្លើយប្រាប់ខ្ញុំបានទេ? តើមកពីហេតុអ្វីបានជាអ្នកមិនជោគជ័យដូចគេ?

ចម្លើយរបស់អ្នក៖...................................................។

     អ្នកដែលជួបនូវបញ្ហា ហើយមិនព្រមជំនះជាមួយបញ្ហានោះ ហើយរត់ចេញនិងគេចវៀសមិនព្រមរកដំណោះស្រាយ។​ មនុស្សប្រភេទនេះ ជាមនុស្សដែលមិនស្គាល់ពាក្យថា លំបាក ពាក្យថា តស៊ូព្យាយាម ឬក៏ពាក្យថា បរាជ័យ ឡើយ​។ ហើយក៏គេមិនដែលស្គាល់ថាពាក្យថា ជោគជ័យ ដែរ។ ព្រោះគ្រប់ភាពជោគជ័យទាំងអស់ សុទ្ធតែមានការឆ្លងកាត់ការបរាជ័យជាដំបូង មិនអាចគេចផុតបាន ហើយភាពបរាជ័យនេះហើយ ដែលធ្វើឲ្យយើងរឹងមាំ និងស្គាល់ខ្លួនឯងកាន់តែច្បាស់។ អ្នកដែលជួបបញ្ហាហើយគេចវេស គេស្គាល់តែម្យ៉ាងគឺភាពស្រណុកសុខស្រួល មិនដែលលំបាក​ និងមិនព្យាយាម​តស៊ូអ្វីឡើយ។ ពាក្យមួយឃ្លា ដែលគេតែងតែនិយាយដើម្បីបន្ថែមកម្លាំងចិត្តឲ្យខ្លួនឯង គឺ មនុស្សកាន់តែជួបបញ្ហា កាន់តែរឹងមាំ។ ប្រៀបដូចជាដើមឈើ ដែលដុះនៅទីវាលតែឯង ឬសរបស់វាក៏កាត់តែរឹងមាំ។ ដើម្បីការពារនូវខ្យល់និងទុក្ខលំបាកនានាដែលនឹងត្រូវជួបប្រទះ ព្រោះមានតែខ្លួនឯងទេ ទើបអាចជួយខ្លួនឯងបាន ហើយគ្មាននរណាមកជួយយើងដោយគ្មានការតបស្នងនោះទេ។

តើមានបុគ្គលជោគជ័យរូបណា ដែលមិនដែលលំបាក មិនដែលព្យាយាម និងមិនដែលបរាជ័យមុននឹងទទួលបានជោគជ័យ?

នៅក្នុងសៀវភៅ កូនមាសឪពុក របស់លោកគ្រូ ប៊ុត សាវង្ស​ បានសរសេរទូន្មានកូនប្រុសស្រីថា “ឧបសគ្គរមែងមកមុនការសម្រេច”។ ដូច្នេះគ្រប់ការសម្រេចឬក៏ជោគជ័យទាំងអស់គឺតែងតែមានឧបសគ្គមកមុនការសម្រេចជានិច្ច។

តើមានបុគ្គលជោគជ័យរូបណា ដែលទទួលបានជោគជ័យ មិនដែលលំបាក មិនដែលព្យាយាម និងមិនដែលបរាជ័យមុននឹងពួកគេជោគជ័យ?​

ចម្លើយរបស់អ្នក................................................៕

បើគ្មានទេ!!!

តើហេតុអ្វីត្រូវខ្លាចពាក្យទាំងអស់នេះទាំងដែលអ្នកប្រាថ្នាចជោគជ័យដូចគេដែរ។ បរាជ័យមិនគួរឲ្យខ្លាចនោះទេ អ្វីដែលគួរឲ្យខ្លាចគឺមិនព្រមទទួលនូវភាពបរាជ័យនោះ ហើយច្នៃវាមកជាឱកាសដើម្បីជោគជ័យវិញ។ បរាជ័យគ្រាន់តែជាឈ្នាន់សម្រាប់ជាន់ដើម្បីទៅរកភាពជោគជ័យរបស់អ្នកប៉ុណ្ណោះ។ ហើយមនុស្សដែលបរាជ័យ ពួកគេតែងតែនិយាយដាក់ខ្លួនឯងថា គ្រប់គ្រាន់ហើយ ឈប់ហើយ លែងបន្តទៅទៀតហើយ។ ហើយក៏និយាយថា មកពីវាសនាខ្ញុំអ៊ីចឹង។ ជាពិសេស ពួកគេតែងតែដាក់ពិន្ទុឲ្យខ្លួនឯងថា មិនអាចទៅរួច ហើយក៏ឈប់ត្រឹមនឹងទៅ។ មនុស្សដែលគិតអវិជ្ជមានបែបនេះ រមែងមើលឃើញឱកាសថាជាបញ្ហាជានិច្ចតាំងដែលខ្លួនគេអាចធ្វើទៅបាន។ សូម្បីតែគិតចង់ធ្វើអ្វីមួយ បុគ្គលប្រភេទនេះក៏មិនហ៊ានផង ព្រោះគេបានទទួលស្គាល់ខ្លួនឯងហើយថា គេបរាជ័យហើយ បរាជ័យហើយ បរាជ័យហើយ ថែមទាំងមិនព្រមច្នៃបរាជ័យនោះ និងយកភាពបរាជ័យនោះទៅជាបទពិសោធន៍ ដើម្បីជាមេរៀនទៅជាជោគជ័យវិញទេ។​

តើអ្នកទាំងអស់គ្នាធ្លាប់ស្គាល់​ ថូម៉ាស អេឌីសុន(Thomas Edison)  ដែរឬទេ? តើគាត់គឺជានរណា?​  ជាមនុស្សដូចយើង ឬក៏ជាទេវតា?

គ្មានអ្វីដែលថា មិនអាចទៅរួចនោះទេ បើមានការទាំងចិត្តហើយនោះ។

ចម្លើយរបស់អ្នក................................។

ខ្ញុំប្រាប់មិត្តទៅចុះថា Thomas Edison គាត់គឺជាមនុស្សដូចយើងដែរទេហើយគាត់គឺជាអ្នកដែលបង្កើតអំពូលភ្លើងមុខគេបង្អស់ ដើម្បីឲ្យពិភពលោកទាំងមូលបានភ្លឺ ដំបូងគេបង្អស់ក្នុងពិភពលោកនេះ។ ចំពោះគាត់ គាត់មិនដែលនិយាយថាបរាជ័យឡើយ ទាំងដែលអ្នករួមការងារជាមួយគាត់បាននិយាយថា គាត់បរាជ័យក្នុងការបង្កើតអំពូលភ្លើងចំនួន ១,០០០ ដងហើយ។ ហើយប្រាប់គាត់ឲ្យឈប់បន្តទៀតទៅវាគ្មានប្រយោជន៍ទេ​ វាមិនជោគជ័យឡើយ។ តែគាត់បានតបទៅវិញថា ខ្ញុំមិនបានបរាជ័យទេ គឺខ្ញុំបានរកឃើញជំហ៊ានទី ១,០០០ ដើម្បីសម្រេចគម្រោងនេះហើយ។ គាត់និយាយប្រាប់អ្នករួមការងារគាត់ថានេះគឺជាភាពជោគជ័យរបស់ខ្ញុំ។ បរាជ័យ មិនអាចរស់នៅជាមួយមនុស្សដែលមានឆន្ទៈខ្ពស់បានឡើយ។ បរាជ័យ វាខ្លាចភាពមិនព្រមដាក់ធុរៈចុះរបស់យើងណាស់។ សូមកុំបោះបង់ការគិតរបស់អ្នក តាំងដែលអ្នកមិនទាន់នឹងចាប់ផ្តើមធ្វើ ហើយក៏កុំចាប់ផ្តើមដោយគ្មានការគិតឲ្យសោះ ព្រោះការគិតគឺជាជំហ៊ានដំបូងបង្អស់ដែលត្រូវតែមាន។ ដូចពាក្យស្លោកខ្មែរបានលើកឡើងថា “គិតមុនគូស”។ ដូច្នេះ ការគិត គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់ផ្តើមអ្វីៗគ្រប់យ៉ាង។ អ្នកដែលធ្វើឲ្យអ្នកជោគជ័យ ក៏ជាការគិត អ្នកដែលធ្វើឲ្យអ្នកបរាជ័យក៏ជាការគិត។​ ការគិតមានឥទ្ធិពលខ្លាំងណាស់ លើជីវិតរបស់យើង ពេលណាអ្នកមានការគិតល្អ អ្នកក៏ធ្វើបានល្អ ប៉ុន្តែបើអ្នកមានការគិតមិនល្អ ធ្វើឲ្យទង្វើរបស់អ្នកប្រព្រឹត្តមិនល្អទៅតាមចិត្តនិងអារម្មណ៍ ដែលអ្នកពាល់ត្រូវនៃឥន្ត្រីទាំងប្រាំមួយ គឺ ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្ត​។

ហេ៎មិត្ត!!! តើអ្នកកំពុងគិតអ្វី? តើអ្នកចង់បានអ្វី? ត្រូវការអ្វី? ហើយចង់ក្លាយជាអ្វី?

ចម្លើយ.............................................។

តោះមិត្ត!!! ឥឡូវយើងចាប់ផ្តើម ឥទ្ធិពលនៃការគិត ទាំងអស់គ្នា ដើម្បីធ្វើដំណើរឆ្ពោះទៅរកគោលដៅរបស់យើង។ តើអ្នកត្រៀមខ្លួនហើយឬនៅ?

តោះចាប់ផ្តើម!!!


បរាជ័យមុនការចាប់ផ្តើម​

(Failed Before Starting)

ខ្ញុំមានមិត្តម្នាក់គាត់គឺជាមនុស្សមិនព្រមផ្លាស់ប្តូរសូម្បីតែការគិត។ ហើយគាត់មិនដែលហ៊ានគិតថាគាត់នឹងធ្វើអ្វីដែរព្រោះគ្រាន់តែគិតថាគាត់ចង់ធ្វើអ្វីដើម្បីជោគជ័យ ក៏គាត់មិនហ៊ានគិត។ ភាពសុញនៃគំនិតរបស់គាត់បានធ្វើឲ្យគាត់ក្លាយជាមនុស្សខ្លាចការផ្លាស់ប្តូរ។ គាត់ព្រមចុះចាញ់តាំងដែលគាត់មិនទាន់នឹងចាប់ផ្តើម សូម្បីតែគិតក៏គាត់សម្លាប់បាត់ទៅហើយ ព្រមទាំងក្តីស្រមៃរបស់គាត់។ ដូច្នេះសូមគិតមុននឹងចាប់ផ្តើមធ្វើអ្វីមួយ ហើយគិតវាចុះមិនអស់លុយទេ ហើយក៏គ្មាននរណាហាមអ្នកមិនឲ្យគិតបានដែរ។ ប៉ុន្តែសូមប្រុងប្រយ័ត្នចំពោះការគិតរបស់អ្នក វាអាចជួយអ្នកឲ្យជោគជ័យ ហើយក៏អាចធ្វើឲ្យអ្នកបរាជ័យបានដែរ បើអ្នកប្រើវាខុស។ ការគិត គឺជាផែនទីប្រាប់ទិសដៅដែលអ្នកចង់ទៅ។ គំនិតដែលអ្នកបានគិត គឺជាចង្កួតនៃនាវាជីវិតរបស់អ្នក ហើយអ្នកគឺជាតួនៃនាវាទាំងមូល ដែលត្រូវប្រព្រឹត្តព្យាយាមធ្វើ ដើម្បីសម្រេចនូវគោលគំនិត ដែលអ្នកបាន គិត នោះ។

គំនិត ឬក៏ការគិត របស់អ្នកមានតម្លៃនៅពេលដែលលទ្ធផលនៃទង្វើរបស់អ្នក ចាប់ផ្តើមឲ្យផលដែលបង្ហាញថា នេះគឺជាលទ្ធផលដែលអ្នកបានគិតរួមផ្សំជាមួយសកម្មភាពធ្វើដើម្បីគាំទ្រនៃគំនិតនោះ។ ហើយគំនិតឬការគិតរបស់អ្នកគ្មានតម្លៃនៅពេលដែលការគិតរបស់អ្នកគ្រាន់តែគិត ដោយគ្មានទង្វើ និងសកម្មភាពធ្វើ។ យើងហៅការគិតនោះថា គឺជា “ការគិតខ្យល់”

     ការគិតខ្យល់ គឺជាការគិត ដោយគ្រាន់តែគិត ប៉ុន្តែគ្មានសកម្មភាពធ្វើ។


រឿង៖

ចៅត្បាញស្មុគលក់

វចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត

ស្មុគ (ន) ហឹប​ ឬប្រអប់ត្បាញដោយបន្ទោះស្លឹកត្នោត ឬស្លឹកទ្រាំងជាដើម ។

          ក្នុងភូមិជនបទមួយ មានបុរសម្នាក់ឈ្មោះ សំ ជាអ្នករកស៊ីចាក់ស្មុគលក់ (គេក៏ហៅគាត់ថាចៅចាក់ស្មុគ​)។ គាត់តែងតែឡើងដើមត្នោត​ ដើម្បីកាប់ស្លឹករបស់វាមកហាលឲ្យស្ងួតដើម្បីចាក់ស្មុគលក់។ ជារៀងរាល់ថ្ងៃ គាត់តែងធ្វើតាមទម្លាប់របស់គាត់ គឺកាប់ស្លឹកត្នោតដើម្បីចាក់ជាស្មុគលក់ ក្នុងមួយថ្ងៃគឺគាត់ចាក់ស្មុគតែ​១០ស្មុគដើម្បីលក់តែសម្រាប់មួយថ្ងៃប៉ុណ្ណោះ និងសម្រាប់ចាយវាយតែមួយថ្ងៃដូចគ្នា។ គាត់ធ្វើដូច្នេះជាច្រើនឆ្នាំណាស់មកហើយ ថ្ងៃមួយ គាត់ដើរទៅក្នុងព្រៃ ដើម្បីទៅឡើងដើមត្នោតកាប់ស្លឹកវាតាមធម្មតា  ស្រាប់តែគាត់ក៏មានគំនិតគិតថា បើអញនៅតែឡើងត្នោតដើម្បីកាប់ស្លឹកចាក់ស្មុគលក់ដូច្នេះ គឺអញគ្មានថ្ងៃរស់ស្រួលទេ។ ភ្លាមៗនោះ គាត់ចាប់ផ្តើមគិតចង់សន្សំលុយដើម្បីទិញមាន់មកចិញ្ចឹម នៅពេលវាធំហើយនឹងលក់វា ដើម្បីទិញជ្រូកចិញ្ចឹមយកផល។ បន្ទាប់ពីបានផលហើយ គាត់នឹកគិតទៀតថាអញនឹងលក់វាដើម្បីទិញគោមកចិញ្ចឹមយកផលហើយពង្រីកអាជីវកម្មចិញ្ចឹមសត្វគោបន្ថែមទៀត។ បន្ទាប់ពីបានគិតសព្វគ្រប់អស់ហើយ ពេលត្រឡប់ដល់ផ្ទះវិញ ចៅចាក់ស្មុគក៏បានយកលុយដែលខ្លួនខំសន្សំទៅទិញបានមាន់២ក្បាល បន្ទាប់ពីគាត់បានទិញមាន់ពីរក្បាលនោះមកហើយ គឺគាត់បានគិតទៀតថា អញនឹងចិញ្ចឹមមាន់ពីរក្បាលនេះ ដើម្បីបន្តពូជឲ្យច្រើនហើយលក់ដើម្បីទិញសត្វជ្រូកមកបន្ថែមទៀត។ ពេលនោះ ចៅចាក់ស្មុគចាប់ផ្តើមបង្កើនចំនួនស្មុគដែលគាត់ធ្លាប់លក់ ១០ស្មុគក្នុងមួយថ្ងៃ មកលក់ឲ្យបាន២០ស្មុគក្នុងមួយថ្ងៃវិញម្តង។ ហើយគាត់តែងតែបង្កើនចំនួនលក់របស់គាត់ ឲ្យលើស១០ស្មុគទៅលើចំនួនចាស់។ មួយខែក្រោយមក គាត់លក់បាន ៣០០​ស្មុគ​ក្នុងមួយថ្ងៃ។ ស្របពេលនោះដែរមាន់គាត់ក៏ចាប់ផ្តើមធំល្មមដើម្បីលក់ដែរ។ ពេលនោះចៅចាក់ស្មុគ ក៏ចាប់ផ្តើមចាប់មាន់ទៅលក់ បូកជាមួយនឹងលុយដែលគាត់សន្សំពីការលក់ស្មុគបានយ៉ាងច្រើន។ គាត់ក៏ចាប់ផ្តើមបន្តក្តីស្រមៃរបស់គាត់ទៀត គឺគាត់ទិញមាន់បន្ថែម១០ក្បាលទៀត និងជ្រូកចំនួន១០ក្បាល ចំណែកការលក់ស្មុគរបស់គាត់ ក៏នៅតែបន្តបង្កើនការលក់ក្នុងចំនួនកើនឡើងជាលំដាប់ ។

(៥ឆ្នាំកន្លងមក តើមិត្តអ្នកអានទាំងអស់គ្នាអាចស្រមៃបានទេថា តើចៅចាក់ស្មុគជោគជ័យអ្វីខ្លះ​?)

     ៥ឆ្នាំកន្លងផុតទៅ ចៅចាក់ស្មុគ បានពង្រីកការលក់ស្មុគទៅឲ្យដៃគូរសហការអាជីវកម្ម និងបានបង្កើតរោងចក្រមួយ ដើម្បីចាក់ស្មុគលក់ក្នុងបរិមាណ ១,០០០ស្មុគក្នុងមួយថ្ងៃ។ ហើយអ្វីដែលពិសេស គឺគាត់បានបង្កើតកសិដ្ឋានមួយយ៉ាងធំទៀតផង គឺកសិដ្ឋានចិញ្ចឹមមាន់រាប់ពាន់ក្បាល និងជ្រូករាប់រយក្បាល ថែមទាំងកសិដ្ឋានចិញ្ចឹមគោរាប់រយក្បាលទៀតផង។ អាជីវកម្ម របស់ចៅចាក់ស្មុគពីមួយថ្ងៃទៅមួយ ចាប់ផ្តើមលួតលាស់ និងពង្រីកទីផ្សារកាន់តែធំឡើងៗ ហើយគាត់ទទួលជោគជ័យរហូតមក។

     បើចៅចាក់ស្មុគ គ្មានគំនិត ដើម្បីគិតថានឹងធ្វើអ្វីទេ នោះគាត់នៅតែឡើងត្នោតចាក់ស្មុគលក់ដដែរ។ ប៉ុន្តែអ្វីដែលផ្លាស់ប្តូរគាត់ ឲ្យគាត់ទទួលបានជោគជ័យដ៏ធំសម្បើមបែបនេះ គឺមកពីការគិត​របស់គាត់ រួមផ្សំនិងសកម្មភាពការតស៊ូព្យាយាមធ្វើ មិនព្រមចុះចាញ់ទើបធ្វើឲ្យគាត់
ជោគជ័យ យ៉ាងនេះ។

ប្រភពពីសៀវភៅ៖ ៧ គោលការណ៍ គិតដើម្បីជោគជ័យ

និពន្ធដោយលោក ញ៉ា ឡុង

អានសៀវភៅពេញនៅក្នុង WHY READ APP

No comments:

Post a Comment

បញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅនៅក្នុង App Why Read

  ប្រូម៉ូហ្សិនបញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅ នៅក្នុង App  Why Read  អានក៏បាន ស្ដាប់ក៏បានតាមតម្រូវការលោកអ្នក! នៅក្នុងនោះមានសៀវភៅសម្បូរបែប ...