Thursday, May 2, 2024

វិធីដោះបំណុល

 


រកសម្លាប់ខ្លួនព្រោះ បំណុល


គ្រាមួយនោះ...

មិត្តរបស់ខ្ញុំម្នាក់បានធ្លាក់ក្នុងបញ្ហាបំណុលយ៉ាងធ្ងន់ធ្ងរ គាត់ស្ទើរតែមិនចង់រស់បន្ត។ និយាយដោយស្មោះត្រង់ទៅ គឺគាត់គិតក្នុងចិត្តចង់សម្លាប់ខ្លួន ដើម្បីគេចវេសពីបញ្ហាបំណុលវ័ណ្ឌកនេះថែមទៀតផង។ មួយថ្ងៃៗ ម្ចាស់បំណុលតែងគំរាមនេះគំរាមនោះ បណ្ដាលឱ្យគាត់ធ្វើអ្វីក៏មិនកើតឡើយ។ សំខាន់គាត់ក៏ជាមនុស្សម្នាក់ដែលមានមុខមាត់ក្នុងសង្គម បែបនេះហើយ គាត់មិនចង់ឱ្យមហាជនដឹងថាគាត់កំពុងស្ថិតក្នុងគុកដ៏ខ្មៅងងឹតគឺបំណុលនោះទេ។ គាត់ខ្លាចខ្មាសគេខ្លាំងបំផុត! គាត់គិតអ្វីក៏មិនចេញដែរ ក្នុងចិត្តគឺចង់តែស្លាប់តែមួយមុខប៉ុណ្ណោះ។ សំណាងល្អ កាលនោះគាត់សុំជួបខ្ញុំដើម្បីឱ្យជួយប្រឹក្សាមុនពេលបម្រុងនឹងគិតខ្លី។ គាត់បានប្រាប់ដំណើរដើមទងដល់ខ្ញុំដូចតទៅ៖

បំណុលវ័ណ្ឌក

កាលនោះ មុនរដូវកាលកូវីដមកដល់ ដោយសារខ្លួនគាត់ជាមនុស្សម្នាក់មានមុខមានមាត់ នៅក្នុងសង្គមម្នាក់ដែរ ហើយថែមទាំងមានអាជីវកម្មមួយសមល្មម ដែលអាចរកប្រាក់ចំណូលបានគួរសម ហេតុនេះគាត់ក៏គិតចង់មានផ្ទះមួយខ្នងជារបស់ខ្លួន។ ប៉ុន្តែពេលនោះគាត់មិនមែនមានលុយគ្រប់ដើម្បីទិញនោះទេ គឺគាត់បានឃើញការផ្សព្វផ្សាយអំពីការបង់រំលស់ មើលទៅគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ គាត់ក៏បានគិតថា បើតាមចំណូលរបស់គាត់ គឺពិតជាអាចរត់រួច ច្បាស់ជាមិនពិបាកឡើយ​។ ណាមួយក្នុងការផ្សព្វផ្សាយ គេជំរុញថា “នៅផ្ទះជួល ទោះជា ៥ឆ្នាំ​ ឬ១០ឆ្នាំ ក៏នៅតែជាផ្ទះគេដដែល ប៉ុន្តែបើបង់រំលស់ផ្ទះវិញ លេងៗនឹងក្លាយជាផ្ទះរបស់ខ្លួនជាក់ជាពុំខាន”។ ភ្លាមៗ គាត់គ្មានបានគិតអំពីហានិភ័យអ្វីនោះឡើយ ដឹងត្រឹមថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់អាចរត់រួចបាន។ សំខាន់ ការបង់រំលស់នៅពេលនោះ មិនមែនសិក្សាជាមួយធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុណាមួយឡើយ គឺបង់ជាមួយបុរីផ្ទាល់តែម្ដង រីឯលក្ខខណ្ឌវិញ មិនមានអ្វីស្មុគស្មាញនោះឡើយ គឺងាយស្រួលខ្លាំងបំផុត ទើបជំរុញឱ្យគាត់សម្រចចិត្តរំលស់គ្មានស្ទាក់ស្ទើរបន្តិចសោះឡើយ។

កាលនោះ តម្លៃផ្ទះគឺជាង ៦ម៉ឺនដុល្លារ គាត់ក៏បានប្រមូលលុយសន្សំរបស់ខ្លួនបាន $5,000 មកកក់ នៅសល់ខ្ទង់ ៦ម៉ឺន គឺបង់បន្តជាមួយបុរីផ្ទាល់ ដោយការប្រាក់ ១% ថេរ (១២% ក្នុងមួយឆ្នាំ)។ ក្នុងមួយខែ គាត់ត្រូវចំណាយ $650 ទៅលើការបង់រំលស់ផ្ទះនោះ។ បង់ផ្ទះបានប្រមាណជាបួនប្រាំខែ ក្នុងចិត្តក៏ចង់បានឡានមួយគ្រឿងសម្រាប់ជិះ ដើម្បីឱ្យសាកសមនឹងមុខមាត់របស់ខ្លួន។ គាត់ក៏បានសិក្សាបង់រំលស់បន្ថែមទៀត ព្រោះថាចំណូលរបស់ខ្លួនក៏អាចទប់ទល់បាន។ គាត់បានរំលស់ឡានតម្លៃ $18,000 គឺរំលស់សុទ្ធ គ្មានប្រាក់បង់ចូលមុនទេ។ រីឯការប្រាក់វិញ ថ្លៃជាងកម្ចីទិញផ្ទះទៅទៀត គឺរហូតដល់ ១.៧៥% ប្រចាំខែ (២១% ក្នុងមួយឆ្នាំ)។ ដូចនេះគាត់ត្រូវចំណាយ $350 ទៀតទៅលើការរំលស់រថយន្ត។ សរុបទាំងផ្ទះនិងឡាន គឺគាត់ត្រូវចំណាយ $1,000 ត្រឹមតែម្ដងជារៀងរាល់ខែ។ ដំបូងៗនៅពេលដែលមិត្តភក្ដិសាច់ញាតិទាំងឡាយឃើញគាត់មានផ្ទះមានឡាន គឺថាមានក្លើបបួលជប់លៀងផឹកស៊ីស្ទើររាល់ថ្ងៃ។ គាត់បានចំណាយពេលជាមួយជីវិតស៊ីវិល័យឥតខ្វល់អ្វីអស់មួយរយៈពេលដែរ ហើយពេលនោះគាត់គិតថាគាត់មានមិត្តល្អច្រើនណាស់ ព្រោះមានអ្នកទំនាក់ទំនងសួរសុខទុក្ខគាត់ឥតល្ហែ។ ​

គិតទៅ ប្រមាណជា ៦ខែបន្ទាប់ ស្រាប់តែមានបញ្ហាជំងឺ កូវីដ ចូលមកដល់ សេដ្ឋកិច្ចចាប់ផ្ដើមប្រែប្រួល ចំណូលក៏លែងសូវមាន។ យើងដឹងស្រាប់ហើយ ពេលខ្លះរហូតដល់បិទប្រទេសថែមទៀតផង ដូចនេះអាជីវកម្មមួយចំនួនធំគឺដាច់ចំណូលទាំងស្រុងតែម្ដង។ បើទោះជាមានការធូរថយលើការពន្យារពេលបង់ប្រាក់ខ្លះ តែចំពោះកូនបំណុលនានាដែលបាត់ប្រភពចំណូលហើយ ទោះជាបើកប្រទេសវិញ ក៏ពិបាកនឹងស្ដារស្ថានភាពភ្លាមៗវិញខ្លាំងណាស់។ ក្នុងគ្រានោះ គាត់មិនសូវជាពិបាកខ្លាំងប៉ុន្មានឡើយ ព្រោះថានៅមានលុយខ្លះសម្រាប់ចាយវាយ និងបានខ្ចីពីសាច់ញាតិណាដែលរាងធូរធារជាងគេ យកមកដោះទាល់បានជារឿយៗ។ ដោយក្ដីរំពឹងថា បន្ទាប់ពី   កូវីដ ចប់ អ្វីៗនឹងប្រសើរដូចដើមវិញ ពេលនោះគាត់នឹងអាចសងបំណុលគេរួច មិនពិបាកឡើយ។ ប៉ុន្តែអ្វីៗមិនដូចការគិតរបស់គាត់ឯណា បញ្ហាសេដ្ឋកិច្ចធ្លាក់ចុះដោយសារជំងឺ កូវីដ ១៩ គឺលំបាកយ៉ាកយ៉ាប់ណាស់ទៅហើយ នៅថែមបញ្ហាសង្រ្គាមរ៉ាំរ៉ៃរវាង រុស្ស៉ី និងអ៊ុយក្រែន និងបណ្ដាប្រទេសមួយចំនួនទៀត ធ្វើឱ្យពិភពលោកធ្លាក់ចូលទៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ។ យើងដឹងស្រាប់ហើយ នៅទូទាំងពិភពលោក គឺមានស្ថាប័នក្រុមហ៊ុនជាច្រើន ត្រូវបានក្ស័យធនជាបន្តបន្ទាប់រកពាក្យហៅលែងឮ បូករួមទាំងអាជីវកម្មរបស់គាត់មួយផងដែរ គឺមានតែចំណាយ ចំណូលស្ទើរតែគ្មាន។ ហើយចាប់ពីបញ្ចប់កូវីដមក ខាងឡាន និងផ្ទះបង់រំលស់ ក៏ចាប់ផ្ដើមដំណើរការឡើងវិញ បែបនេះបន្ទុកដ៏ធំរបស់គាត់គឺត្រឡប់មកវិញហើយ។ គាត់ខំខ្ចីបុលពីបងប្អូនសាច់ញាតិស្ទើរគ្មានសល់នរណាម្នាក់ឡើយ ដើម្បីយកមកបង់ប្រចាំខែរបស់ទាំងពីរនេះ ហើយមកទប់នឹងអាជីវកម្មរបស់គាត់ផង។ ចុងក្រោយគាត់ក៏មិនមានសាច់ញាតិណាឱ្យខ្ចីទៀតឡើយ ព្រោះជំពាក់គេជុំទិសហើយ។ មនុស្សម្នាចាប់ផ្ដើមឃើញគាត់ដូចឃើញព្រាយបិសាចអ៊ីចឹង រីឯសាច់ញាតិខ្លះក៏តាមទារលុយរបស់គេត្រឡប់វិញដែរ ព្រោះគេក៏ត្រូវការដើម្បីប្រើប្រាស់ដូចគ្នា។ អ្នកខ្លះអត់ធ្មត់នឹងគាត់មិនបាន ក៏តិះដៀលប្រមាថមើលងាយ ជាពាក្យអសុរោះនានាលែងខ្វល់មិត្តភាពអ្វីទៀតហើយ។ សំខាន់បំផុតគឺឪពុកម្ដាយចាស់ៗ ព្រោះគាត់បានពឹងឱ្យឪពុកម្ដាយខ្លួន ទៅខ្ចីបុលពីញាតិមិត្តនានាក្នុងស្រុកភូមិដើម្បីយកលុយមកឱ្យគាត់ ប៉ុន្តែមិនមានអ្វីសងវិញ រហូតដល់អ្នកខ្លះជេរប្រមាថពួកគាត់ដែលជាចាស់ៗ មិនសំចៃមាត់ឡើយ។

រឿងរ៉ាវត្មះតិះដៀលជាច្រើនត្រូវបានកើតឡើងចំពោះមិត្តរបស់ខ្ញុំម្នាក់នេះ ប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េចបើកាន់តែផុងខ្លួនទៅហើយ។ ទោះជាដល់ដំណាក់កាលនេះក៏ដោយ គាត់ក៏មិនបានឈប់ត្រឹមហ្នឹងដែរ គាត់បែរជាបែកគំនិតទៅខ្ចីលុយខាងឯកជនដែលមានការប្រាក់ថ្លៃៗខ្លះ ៣% ៤% ៥% និងរហូតដល់ ១០%ប្រចាំខែក៏មាន។ គាត់ខ្ចីពីមួយមកដោះមួយ រហូតដល់រកខ្ចីនរណាលែងបាន។ ពេលនោះគឺចាប់ផ្ដើមវ័ណ្ឌកខ្លាំងបំផុតហើយ។ គាត់ខានបង់ថ្លៃផ្ទះជាច្រើនខែ ខាងបុរីគំរាមរឹបអូសយកផ្ទះវិញ រីឯខាងឡានក៏ខានបង់ ប៉ុន្តែត្រឹមពីរបីខែទេ​ បើច្រើនដូចផ្ទះ ឡានគេនឹងមកយកវិញហើយ។ ចំណែកឯលុយឯកជនវិញ ចាប់ផ្ដើមជំរិតកគាត់ប្រចាំខែហើយ ព្រោះថាបង់តែការប្រាក់ទេ ដើមគេនៅដដែល។ សូម្បីតែឱ្យការប្រាក់ក៏គាត់គ្មានដែរ ព្រោះច្រើនលើសលប់ពេក។ មួយថ្ងៃៗទូរស័ព្ទរោទ៍ចង់ផ្ទុះ គាត់រកធ្វើអ្វីក៏មិនកើតឡើយ។ អ្នកខ្លះក៏គំរាមប្ដឹងគាត់ អ្នកខ្លះគំរាមយករូបគាត់ទៅបង្ហោះ និងជេរប្រមាថមើលងាយគាត់គ្មានលុះថ្ងៃឡើយ។

ដល់ដំណាក់កាលនេះ គាត់គិតអ្វីលែងចេញហើយ គឺគិតឃើញចង់តែស្លាប់ប៉ុណ្ណោះ ដោយគិតថាស្លាប់ទៅផុតទុក្ខហើយ។ ប៉ុន្តែគ្រានោះគាត់បានមកជួបនឹងខ្ញុំមុន រួចរាយរាប់ដំណើរដើមទងទាំងអស់ប្រាប់។ បន្ទាប់ពីយល់សាច់រឿងចប់សព្វគ្រប់ហើយ ខ្ញុំក៏បានប្រាប់គាត់ថា “ឥឡូវគ្នាមានវិធីដោះស្រាយបញ្ហារបស់ឯងបាន ហើយឯងក៏មិនចាំបាច់ទៅស្លាប់ដែរ ប៉ុន្តែឯងត្រូវធ្វើទៅតាមអ្វីដែលគ្នាប្រាប់យ៉ាងដាច់ខាត”។

គាត់ក៏បានឆ្លើយភ្លាមៗថា “ពិតមែនឬសម្លាញ់? ធ្វើអ្វីក៏គ្នាព្រមដែរឱ្យតែដោះស្រាយបញ្ហានេះរួច!”

ខ្ញុំតប “រឿងដែលឯងត្រូវធ្វើគឺ...”

រឿងទី១៖ សរសេរចំនួនបំណុលទាំងអស់ដាក់លើក្រដាសមួយសន្លឹក។

No

ប្រភេទបំណុល

ចំនួន

ការប្រាក់ (%)

បង់ប្រចាំខែ

បញ្ជាក់ការបង់

1.

ឧ. ពូ “ក”

$1,000

5%

$50

បង់តែការ

2.

 

 

 

 

 

3.

 

 

 

 

 

រឿងទី២៖ សរសេរទ្រព្យទាំងឡាយដែលខ្លួនមាន។

No

ប្រភេទទ្រព្យ

តម្លៃប៉ាន់ស្មាន

1.

ឧ. ដីចម្ការ (មួយហិកតា)

$5,000

2.

 

 

3.

 

 

 

ខាងក្រោមនេះគឺជាចំនួនបំណុល និងទ្រព្យដែលគាត់មាន៖

=> បំណុល

No

ប្រភេទបំណុល

ចំនួន

ការប្រាក់ (%)

បង់ប្រចាំខែ

បញ្ជាក់ការបង់

1.

ផ្ទះ

$60,000

1%

$650

ដើម+ការ

2.

ឡាន

$18,000

1.75%

$350

ដើម+ការ

3.

សាច់ញាតិ

$25,000

គ្មានការប្រាក់

បំណុលឯកជន

1.

លោក “ក”

$7,000

3%

$210

បង់តែការ

2.

លោក “ខ”

$5,000

4%

$200

បង់តែការ

3.

លោក “គ”

$4,000

5%

$200

បង់តែការ

4.

លោក “ឃ”

$3,000

5%

$150

បង់តែការ

5.

លោក “ង”

$2,500

6%

$150

បង់តែការ

6.

លោក “ច”

$2,000

7%

$140

បង់តែការ

7.

លោក “ឆ”

$1,000

10%

$100

បង់តែការ

សរុប

$127,500

 

$2,150

 

            យើងអាចមើលតាមតារាងខាងលើបាន បំណុលរបស់គាត់គឺមានរហូតដល់ $127,500 ដែលនេះគឺជាប្រាក់ដើមសុទ្ធមិនបូកបញ្ចូលជាមួយនឹងការប្រាក់នានា ដែលគាត់បង់យឺតឡើយ​។ តារាងខាងលើគឺមានមេរៀនជាច្រើនដែលអ្នករាល់គ្នាគួររៀនសូត្រ ដោយយើងបានឃើញស្រាប់ហើយ ការប្រាក់ដែលគាត់បង់រំលស់ផ្ទះ និងឡាន វាខ្ពស់ខ្លាំងណាស់ទៅហើយ ប៉ុន្តែការប្រាក់ដែលខ្ពស់ជាងនេះទៅទៀតគឺ បំណុលឯកជន។ យើងអាចសរុបប្រាក់ដើម ផ្ទះ និងឡាន $60,000+$18,000 គឺស្មើនឹង $78,000 ហើយគាត់ត្រូវបង់ $1,000 ទាំងការទាំងដើមប្រចាំខែ។ ចំណែកឯបំណុលឯកជនវិញ សរុបប្រាក់ដើម គឺត្រឹមតែ $24,500 ប៉ុន្តែបង់តែការប្រាក់សុទ្ធ មានចំនួនរហូតដល់ទៅ $1,150 ប្រចាំខែឯណោះ (បង់មួយជីវិតទៀតក៏មិនអស់ប្រាក់ដើមគេដែរ)។ ដូចនេះរឿងខ្ចីបំណុលគេ សូមមេត្តាប្រុងប្រយ័ត្នផង កុំអាងតែខ្ចីបាន ចេះតែខ្ចី ព្រោះថាអ្នកអាចនឹងធ្លាក់ទៅក្នុងអន្ទាក់បំណុលដ៏ខ្មៅងងឹតបាន។ រឿងហិរញ្ញវត្ថុនេះ បើអ្នកមិនសូវច្បាស់ទេ សូមកុំប្រើផ្ដេសផ្ដាស ព្រោះវាអាចជាឃាតករសម្លាប់អ្នកនៅថ្ងៃណាមួយក៏ថាបាន។ ការខ្ចីបំណុលគេត្រូវដឹងច្បាស់ថា អ្នកមិនមែនខ្ចីសម្រាប់យកទៅហ៊ឺហានោះទេ គឺយកវាទៅបង្កើតចំណូល ហើយចាំអ្វីៗច្បាស់ទៅតាមគ្រោងការរបស់អ្នកសិន ចាំខ្ចី។ ធ្វើអ្វីក៏ដោយ សូមកុំខ្ចីលុយគេយកមកប្រើប្រាស់ពីចំណុចដំបូង ចូរប្រើលទ្ធភាពរបស់អ្នកដែលមានស្រាប់ធ្វើឱ្យគោលដៅរបស់ខ្លួនដំណើរការជាមុនសិន នៅពេលអ្នកខ្ចីលុយដែលមានការប្រាក់មក គឺអ្នកចាប់ផ្ដើមយកមកសម្រុកបង្កើនប្រភពចំណូលតែម្ដង។ ឧទាហរណ៍ថា បើអ្នកធ្វើអាជីវកម្ម គឺខ្ចីនៅពេលដែលអ្នកត្រូវការយកមកពង្រីកទីផ្សារ ឬបង្កើនសង្វាក់ផលិតកម្មជាដើម កុំចេះតែយកមកចាយមិនដឹងមុខមិនដឹងមាត់ឱ្យសោះ ព្រោះលុយនោះចេះកើតកូន។ ហើយបើខ្ចី ខ្ញុំលើកទឹកចិត្តឱ្យអ្នករាល់គ្នាខ្ចីពីស្ថាប័នធនាគារត្រឹមត្រូវដែលមានការប្រាក់ស្តង់ដា មិនច្រើនដូចអ្វីដែលមិត្តរបស់ខ្ញុំបានខ្ចីខាងលើឡើយ។ បន្ទាប់ពីអានសៀវភៅនេះចប់ អ្នកច្បាស់ជាទទួលបានមេរៀនក្នុងការគ្រប់គ្រង និងប្រើប្រាស់ហិរញ្ញវត្ថុជាច្រើន ដូច្នេះសូមកុំទាន់បារម្ភ។

=> ទ្រព្យ

No

ប្រភេទទ្រព្យ

តម្លៃប៉ាន់ស្មាន

1.

ដីចម្ការ (៥ហិកតា)

$35,000

2.

ទូរស័ព្ទ iPhone

$800

3.

ទូរស័ព្ទ Samsung

$300

4.

កុំព្យូទ័រមួយគ្រឿង

$300

5.

អាជីវកម្ម

ជួនខាត ជួនចំណេញ

 

សំណាងល្អ មុនពេលគាត់ជាប់បំណុលគេ គាត់បានឆ្លៀតទៅទិញដីមួយកន្លែង ដែលមិត្តភក្ដិរបស់គាត់បានណែនាំ តាំងពីវានៅមានតម្លៃថោក។ កាលពីទិញដំបូងគឺមួយហិកតាត្រឹម $1,000 ប៉ុណ្ណោះ! ដី ៥ហិកតា គាត់ចំណាយត្រឹម $5,000។ ពេលវេលាកន្លងទៅជាច្រើនឆ្នាំ ដីទីតាំងនោះមានតម្លៃចន្លោះពី $7,000 ទៅ $8,000 ក្នុងមួយហិកតា ដូច្នេះដីគាត់នោះមានតម្លៃប៉ាន់ស្មានប្រហែល $35,000 ដែរ។ រីឯទ្រព្យផ្សេងៗទៀត គឺមិនមានច្រើនឡើយ មានត្រឹមទូរស័ព្ទដៃដែលគាត់ប្រើប្រាស់រាល់ថ្ងៃ ២គ្រឿង និងកុំព្យូទ័រមួយគ្រឿងប៉ុណ្ណោះ។ ចំណែកឯអាជីវកម្មរបស់គាត់ ពិបាកចាត់ទុកថាជាទ្រព្យណាស់ ព្រោះថាវាមិនទទួលបានផលចំណេញដូចមុនឡើយ បន្ទាប់ពីរងផលប៉ះពាល់បញ្ហាវិបត្តិសេដ្ឋកិច្ចនានាកន្លងទៅនេះ។ ដូចនេះទ្រព្យរបស់គាត់ប៉ុណ្ណេះ គឺពិបាកនឹងយកទៅដោះស្រាយបំណុលដ៏ច្រើនរបស់គាត់ខ្លាំងណាស់។ ចូរមើលដំណោះស្រាយដែលខ្ញុំរៀបចំជូនគាត់ដូចតទៅ!


 

ដោះស្រាយបំណុលវ័ណ្ឌក

បន្ទាប់ពីបានដឹងច្បាស់អំពីបំណុល និងទ្រព្យដែលគាត់មានហើយ ខ្ញុំក៏បានបង្គាប់ឱ្យគាត់ដោះស្រាយតាមដំណាក់កាលភ្លាមៗតែម្ដង។

ជំហានទី១៖ សម្លាញ់ឯងត្រូវ...


អានសៀវភៅពេញនៅក្នុង WHY READ APP


មាតិកា

                                                       

អារម្ភកថា 

សេចក្ដីផ្ដើម  

១. (រឿងទី១) រកសម្លាប់ខ្លួនព្រោះបំណុល

·        បំណុលវ័ណ្ឌក

·        ដោះស្រាយបំណុលវ័ណ្ឌក

២. (រឿងទី២) រត់ចោលស្រុកព្រោះបំណុល

·        មុនចេញពីប្រទេសកំណើត

·        គេចបំណុល រត់ចោលស្រុក

·        ដោះបំណុល (រូបមន្ត ១០/៣០/៦០)

៣. (រឿងទី៣) ធ្លាក់ខ្លួនទៅក្នុងបំណុលព្រោះវិបត្តិកូវីដ

·        វិនិយោគ ផ្ដល់ការប្រាក់ ២%

·        ឈានជើញចេញពីបំណុលអាក្រក់

៤. (រឿងទី៤) លក់ផ្ទះសងបំណុល

·        ឈានជើងចូលក្នុងបញ្ហាបំណុល

·        ប្រឹក្សា និងដោះបញ្ហាបំណុល

 

៥. ជំហានដំបូងក្នុងការដោះបំណុល

៥.១. សរសេររាល់បំណុលរបស់អ្នក

៥.២. សរសេរទ្រព្យដែលអ្នកមាន

៥.៣. សរសេររាល់ប្រភពចំណូលរបស់អ្នក

៦. ដំណាក់កាលវះកាត់បញ្ហាបំណុល

៦.១. កាត់ផ្ដាច់រាល់ចំណាយឥតបានការ

៦.២. វិធីចរចាជាមួយនឹងម្ចាស់បំណុល

៦.៣. លក់ទ្រព្យសងបំណុល

៦.៤. ក្បួន ៥/១៥/៤០/៤០

៦.៥. បង្កើនប្រភពចំណូលចេញពីជំនាញ

៦.៦. ផ្ដាច់បំណុល និងសាងសេរីភាពហិរញ្ញវត្ថុ

 

សារដាស់តឿន ខ្ចីបំណុលត្រូវមើលលទ្ធភាពខ្លួន

            អន្ទាក់បំណុល

រឿង ក្បួនប្រើលុយខុស

            ប្ដីប្រពន្ធថ្មីថ្មោង

 

សេចក្ដីថ្លែងអំណរគុណ

អំពីអ្នកនិពន្ធ


ប្រភពពីសៀវភៅ៖ ដោះបំណុល

និពន្ធដោយលោក ង៉ែត ពិសិត

អានសៀវភៅពេញនៅក្នុង WHY READ APP

No comments:

Post a Comment

បញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅនៅក្នុង App Why Read

  ប្រូម៉ូហ្សិនបញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅ នៅក្នុង App  Why Read  អានក៏បាន ស្ដាប់ក៏បានតាមតម្រូវការលោកអ្នក! នៅក្នុងនោះមានសៀវភៅសម្បូរបែប ...